ចាំ​មើល​គេច​រួច​អត់ អ្នក​បាញ់​៥​គ្រាប់​នៅ​មុខ​ក្លិប ទ្រូ ហ្វេ​ស

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៣ និង​៣៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៦ មនុស្ស​ប្រុស​៥​នាក់ ជិះ​រថយន្ត​ឡង់​គ្រី​ស័​រ​១​គ្រឿង បាន​បាញ់​ចំនួន​៥​គ្រាប់​នៅ​មុខ​ក្លិប​កំសាន្ត ទ្រូ ហ្វេ​ស តាម​បណ្ដោយ​វិ​ថី​ស៊ី​សុវត្ថិ កែង​ផ្លូវ​លេខ​៩០ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រួច​បើករថយន្ត​គេចខ្លួន​បាត់ ។

សន្តិសុខ​ក្លិប​កំសាន្ត ទ្រូ ហ្វេ​ស ម្នាក់​បាន​ឲ្យ​ដឹង​ថា រថយន្ត​ឡង់​គ្រី​ស័​រ ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2R-8882 ដែល​ក្នុង​រថយន្ត​នោះ​មាន​មនុស្ស​ប្រុស​៥​នាក់ ហើយ​ក្នុង​មាន​ម្នាក់​ឈ្មោះ រិ​ទ្ធ ហៅ ញ៉ា​ញ់ ដែល​ជា​អ្នក​កាន់​កាំភ្លើង​បាន​បាញ់​៥​គ្រាប់នៅ​មុខ​ក្លិប​ រួច​បើករថយន្ត​គេចខ្លួន​បាត់ ។ សន្តិសុខ​រូប​នោះ​មិន​បាន​បញ្ជាក់​ថា ការ​បាញ់បោះ​សេរី​នេះ​បង្ក​ឡើង​ដោយសារ​មូលហេតុ​អ្វី​នោះ​ទេ ។

ចំពោះ​ករណី​បាញ់បោះ​សេរី​នេះ ប្រជាពលរដ្ឋ​រង់ចាំ​មើល​ថា តើ​ក្រុម​អនាធិបតេយ្យ​ដែល​មាន​កាំភ្លើង​ហើយ​បាញ់បោះ​សេរី​ដែល​ជិះ​សុទ្ធតែ​រថយន្ត​ស៊េរី​ទំនើប ហើយ​ក៏​ប្រហែលជា​កូន​អ្នកមាន​អំណាច ឬ​ក៏​អ្នកមាន​អំណាច​ទាំងនេះ អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​ដែរ​ឬ​យ៉ាងណា ៕