4​នាក់​ប្រកួត​ឈ្នះ​ចាញ់ និង​4​នាក់​ដណ្ដើម​ពិន្ទុ​ជា​លក្ខណៈ​អន្តរជាតិ

រាជធានី​ភ្នំពេញ ៖ ក្រៅពី​ការ​ប្រកួត​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ក៏​មានការ​ប្រកួត​ចំនួន​៤​គូរ​វាង​កីឡាករ​កម្ពុជា និង​កីឡាករ​បរទេស​ផង​ដែរ​នៅ​ថ្ងៃអាទិត្យ​ទី​២៩ ឧសភា ខាន​ស្អែក​។ កីឡាករ​ទាំង​៨​នឹង​បង្ហាញខ្លួន​៤​រូប​នៅ​ក្នុង​ការ​ប្រកួត​ពេល​ព្រឹក និង​៤​រូប​នៅ​ក្នុង​ការ​ប្រកួត​ពេល​រសៀល​ដោយ​ក្នុង​មួយ​ព្រឹត្តិ​ការណ៍​ៗ​គឺ​មាន​កីឡាករ​ខ្មែរ​២​រូប និង​បរទេស​២​រូប ខណៈ​ដែល​ពេល​ល្ងាច​ក្នុង​ថ្ងៃ​ដដែល​ក៏​មានការ​ប្រកួត​បាល់ទាត់​រវាង​ក្រុម​កម្ពុជា និង​ទី​ម័​រ​ខាងកើត​។

សម្រាប់​ព្រឹ​តិ្ត​ការណ៍ «Ganzburg Top Fighter» ដែល​ចាប់ផ្ដើម​ពី​ម៉ោង​៨​ព្រឹក កីឡាករ កីឡាករ យុគ យក្ស​ផ្លែ មក​ពី​ក្លិប​អប់រំ​កាយ​និង​កីឡា​ខេត្តបាត់ដំបង ប៉ះ​គ្នា​ជាមួយ​កីឡា​ករ​ថៃ​ឈ្មោះ​ផា យ៉ា​ណ​ន់  និង​កីឡាករ​សុខ សុវណ្ណ មក​ពី​សមាគម​កីឡា​ក្រសួងការពារជាតិ ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​អា​នុ វ៉ា​ត់ ។ សំអាង​លើ​ប្រវត្តិ​ប្រកួត​បាន​១៤៣​​លើក ឈ្នះ​១២៤​លើក ចាញ់​១៤​លើក និង​ស្មើ​៥​លើក កីឡាករ​យុគ យក្ស​ផ្លែ ហាក់​មាន​ទុន​ច្រើន​ក្នុង​ការ​សង្ឃឹម​ឈ្នះ​លើ​គូប្រកួត​ជា​កីឡាករ​ថៃ​ដែល​ទើបតែ​ប្រកួត​បាន​៩៣​លើក ឈ្នះ​៧៦​លើក និង​ចាញ់​១៧​លើក ។

យ៉ាងណាមិញ មន្ត្រី​ជា​អ្នកដឹកនាំ​កីឡាករ​ថៃ​ឲ្យ​មក​ប្រកួត​ក៏​មាន​ជំនឿ​ចិត្ត​ទៅ​លើ​កីឡាករ​របស់​ខ្លួន​ដូច​គ្នា ដោយ​អះអាង​ថា គេ​ប្រកួត​បាន​តិច​ជាង​មែន ប៉ុន្តែ​សមត្ថភាព​គេ​ខ្លាំង​ហើយ​កម្រិត​វាយលុក​ក៏​ល្អ​។ មិន​ខុស​គ្នា​ដែរ​កីឡាករ សុខ សុវណ្ណ ដែល​ធ្លាប់​ប្រកួត​៧០​លើក ឈ្នះ​៥៦​លើក ចាញ់​១២​លើក និង​ស្មើ​២​លើក ក៏​មាន​ជំនឿ​ចិត្ត​ថា​នឹង​ទទួល​ជ័យ​ជម្នះ​ផង​ដែរ បើ​ទោះជា​កីឡាករ​ថៃ​ជា​គូប្រកួត​របស់​ខ្លួន​ធ្លាប់​ប្រកួត​បាន​ដល់​១០៦​លើក ឈ្នះ​៨៥​លើក ចាញ់​១៧​លើក និង​ស្មើ​៤​លើក ដែល​មាន​ន័យ​ថា​កីឡាករ​ថៃ​មានបទ​ពិសោធន៍​ឡើង​រេញ​បាន​ច្រើន​ជាង​ដាច់​ឆ្ងាយ ។ គូ​នេះ​អ្នក​ឃ្លាំមើល​ទុកចិត្ត​កីឡាករ​ថៃ ប៉ុន្តែ​លោក​ធន់ សុភា ជា​គ្រូបង្វឹក​បាន​យល់​ឃើញ​ថា កីឡាករ​សុខ សុវណ្ណ ជា​កូនសិស្ស​របស់​លោក​នឹង​អាច​ទៅ​រួច​សម្រាប់​ការ​ប្រកួត​ព្រឹកខាន​ស្អែក ។ ទោះបី​យ៉ាងណា​ចំពោះ​លទ្ធផល​ជាក់ស្ដែង​គឺ​មាន​តែ​ការ​ប្រកួត​ត្រូវ​បាន​បញ្ចប់​ប៉ុណ្ណោះ​ទើប​អាច​កាត់ក្ដី​បាន ។

សម្រាប់​សមាសភាព​៤​រូប​ផ្សេង​ទៀត​នៅ​ថ្ងៃអាទិត្យ​នោះ​ដែរ គឺ​កីឡាករ មាស ច័ន្ទ​មាន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារ​ជាតិ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​អង់គ្លេស​ឈ្មោះ​​គី​រ៉​ន ចេស​សូប  និង​កីឡាករ​កម្ពុជា​ឈ្មោះ ផង់ សុភាព មក​ពី​ក្លិប​រាជសីហ៍​ខេត្ត​រតនគីរី ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ផា​យ៉ាក់ ណ​យ​។ ការ​ប្រកួត​របស់​កីឡាករ​ទាំង​៤​មិន​គ្រាន់តែ​ជា​ការ​ប្រកួត​ចាញ់​ឈ្នះ​ ​ដើម្បី​ស្ទាបស្ទង់​សមត្ថភាព​នោះ​ទេ ប៉ុន្តែ​ក៏​ការ​ប្រកួត​ដណ្ដើម​ពិន្ទុ​សម្រាប់​បោះ​ជំហាន​ទៅ​រក​ការ​ដណ្ដើម​ចំណាត់ថ្នាក់​ជើងឯក​ផង​ដែរ។  អ្នក​ទាំង​៤​នឹង​ប៉ះ​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ជើងឯក​អន្តរជាតិ​ស្រា​បៀរ​កម្ពុជា​លើក​ទី​២​ក្នុង​ជុំ​ទី​២ ចាប់ពី​ម៉ោង​២​រសៀល​ទៅ បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ដំណើរ​ការ​បាន​មួយ​ជុំ​ម្នាក់​រួច​ទៅ​ហើយ​សម្រាប់​កីឡាករ​កម្ពុជា និង​បរទេស​ទាំង​៨ ។

កីឡាករ​មាស ច័ន្ទ​មាន គឺជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ព្រឹត្តិការណ៍​មួយ​រួច​ហើយ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​ក្នុង​ជុំ​ទី​១​គេ​រក​៣​ពិន្ទុ​មិន​បាន​នោះ​ទេ ទើប​ក្នុង​ជុំ​នេះ​ត្រូវការ​ឈ្នះ​ដាច់ខាត ។ ឆ្លងកាត់​ការ​ប្រកួត​បាន​១០៩​លើក ឈ្នះ​៨៥​លើក និង​ចាញ់​២៤​លើក មាស ច័ន្ទ​មាន សង្ឃឹម​ឈ្នះ​ច្រើន ខណៈ​ដែល​កីឡាករ​អង់គ្លេស​ទើបតែ​ប្រកួត​បាន​៣៦​លើក ឈ្នះ​៣០​លើក និង​ចាញ់​៦​លើក ។ សម្រាប់​ការ​ប្រកួត​ដណ្ដើម​ពិន្ទុ​មួយគូ​ទៀត ផង់ សុភាព ធ្លាប់​ប្រកួត​បាន​៧០​លើក ឈ្នះ​៥៧​លើក ចាញ់​១១​លើក និង​ស្មើ​២​លើក ក្នុង​ពេល​ដែល​កីឡាករ​ថៃ ធ្លាប់​ប្រកួត​៨០​លើក ឈ្នះ​៦៨​លើក  ចាញ់​១១​លើក និង​ស្មើ​១​លើក​ដែល​មាន​សមត្ថភាព​មិនធម្មតា ។ ការ​ប្រកួត​ជុំ​មុន កីឡាករ​ផង់ សុភាព​មាន​៣​ពិន្ទុ មាស ច័ន្ទ​មាន​១​ពិន្ទុ កីឡាករ​ថៃ​មាន​៣​ពិន្ទុ និង​កីឡាករ​អង់គ្លេស​មាន​១​ពិន្ទុ ៕