មន្ទីរ​សុខាភិបាល​ខេត្ត​ព្រៃវែង ប្រារព្ធ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត លើក​ទី​១​

មន្ទីរ​សុខាភិបាល​ខេត្ត​ព្រៃវែង ប្រារព្ធ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត លើក​ទី​១​



ព្រៃវែង ៖ នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រៃវែង ​បាន​ប្រារព្ធ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត លើក​ទី​១​ របស់ខ្លួន នា​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ ២០១៦ ដោយ​លោក​បណ្ឌិត សេង បញ្ញា​ឬ​ទ្ធិ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រៃវែង​។

ថ្លែង​ក្នុង​កម្មវិធី​បើក លោក​បណ្ឌិត សេង បញ្ញា​ឬ​ទ្ធិ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រៃវែង បាន​មានប្រសាសន៍ថា ទិវា​នេះ​មាន​គោលបំណង​ ដើម្បី​ពង្រឹង​និង​កែលំអ​គុណភាព​វិជ្ជាជីវៈ​សុខាភិបាល ដើម្បី​សម្រេច​ឲ្យ​បាន​ប្រសិទ្ធភាព និង​ការថែទាំ​សុខភាព​ប្រកបដោយ​សុវត្ថិភាព និង​មាន​សីលធម៌​ល្អ​។

លោក​បណ្ឌិត​បាន​ធ្វើការ​ណែនាំ​ដល់​សមាជិក ​គណៈ​គ្រូពេទ្យ​ទាំងអស់ ​ក្នុង​ការ​បម្រើ​សេវា​ជូន​អតិថិជន ​ត្រូវគោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ ទោះបី​ស្ថិតនៅ​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ​ ត្រូវ​ធានា​សុវត្ថិភាព បច្ចេកទេស​សមស្រប​ជូន​អតិថិជន ជាពិសេស​អ្នក​ជំងឺ​ដែល​ត្រូវ​សង្គ្រោះ​បន្ទាន់ ដូចជា​ស្ត្រី​ធ្លាក់ឈាម​ របួស​គ្រោះថ្នាក់​ចរាចរណ៍​ សន្លប់​បាត់ស្មារតី​ត្រូវ​សង្គ្រោះ​អាយុជីវិត​ និង​ទទួល​ព្យាបាល​ជា​មុន​សិន​ទើប​បំពេញ​សំណុំ ​ឫ​ឯកសារ​អ្នកជំងឺ​តាម​ក្រោយ​ ដោយ​មិន​គិត​ប្រាក់​ជាធំ​ត្រូវ​យកចិត្តទុកដាក់​ ណែនាំ​ដាស់តឿន ​តាមដាន​ដល់​មន្ត្រី​បុគ្គលិក និង​គ្រូ​ពេទ្យ​ក្រោម​ឱវាទ​ប្រកាន់​ភ្ជាប់​ នូវ​អាកប្បកិរិយា​ទន់ភ្លន់ ស្លូតបូត រាក់ទាក់ យាម​ប្រចាំការ​ជានិច្ច​ និង​ត្រូវ​ពន្យល់​អ្នកជំងឺ ឫ​គ្រួសារ​គាត់​អំពី​ស្ថានភាព​ជំងឺ​ ឱ្យ​បាន​ច្បាស់លាស់ ប្រកប​ទៅ​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់។

ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​ និង​ព្យាបាល​អ្នកជំងឺ​ក្រីក្រ ចាស់ជរា​គ្មាន​ទីពឹង ជន​ពិការ ត្រូវ​ចេញ​វេជ្ជ​បញ្ចា​ឱ្យ​បាន​សមស្រប ​តាម​ក្បួនខ្នាត ហាម​សរសេរ​អក្សរ​កាត់ សរសេរ​ខ្ជីខ្ជា​អាន​មិនបាន ត្រូវ​ប្រើភាសា​ខ្មែរ​ជំនួស​ សម្រាប់​ឮ​អ្នកប្រើប្រាស់​ងាយ​យល់ និង​ប្រតិបត្តិ​តាម​វេជ្ជ​បញ្ចា​ជាដើម ការ​ចេញ​វេជ្ជ​បញ្ចា​ចាក់​ថ្នាំ​ ត្រូវ​តែ​មាន​ហេតុផល​វេជ្ជសាស្ត្រ​ត្រឹមត្រូវ ​និង​អនុវត្ត​គោល​ការ​ចាក់​ថ្នាំ​មាន​សុ​វត្ថ​ភាព​របស់​ក្រសួងសុខាភិបាល​ ត្រូវ​រក្សា​ទម្រង់​ដើម​ក្នុង​ការ​វេច​ខ្ចប់​ថ្នាំ ឫ​ឱសថ ហាម​លុប​ស្លាក​សញ្ញា​ឈ្មោះ​ថ្នាំ និង​ថ្ងៃខែ​ផុត​កំណត់​ ថ្នាំលេប​បើ​មាន​បន្ទះ​ ត្រូវ​កាត់​ច្រក​ថង់​ ហាម​ប្រឡេះ​គ្រាប់​ចេញ​ ដែល​អាច​ខូច​គុណភាព​ឱសថ​ ត្រូវ​សរសេរ​ឈ្មោះ​ថ្នាំ ​វិធី​ប្រើប្រាស់ ទៅលើ​ថង់​វេច​ខ្ចប់​ ឲ្យត្រឹមត្រូវ​ ហើយ​មុន​នឹង​ប្រគល់​ថ្នាំ​ ត្រូវ​ពន្យល់​វិធី​ប្រើប្រាស់​ ឫ​ទុក​ដាក់​ឱ្យ​អ្នកជំងឺ​បាន​យល់​ច្បាស់​ពិត​ប្រាកដសិន ​ដើម្បីជៀសវាង​គ្រោះថ្នាក់​ដល់​សុខភាព។ សំណុំ​ឯកសារ​ជំងឺ​សម្រាក​ពេទ្យ ឫ​ព្យាបាល​នៅ​គ្លីនិក ត្រូវតែ​យកចិត្ត​ទុកដាក់​ ពិនិត្យ​តាមដាន​វេន​យាម​ ២៤​ម៉ោង​លើ​២៤​ម៉ោង អនាម័យ ក្នុង​មន្ទីរពេទ្យ ឯកសណ្ឋាន​បុគ្គលិក​គ្រូពេទ្យ ​និង​ស្លាក​ឈ្មោះ ត្រូវ​ថែទាំ​ឧបករណ៍​សម្ភារៈ បរិក្ខារ​ពេទ្យ ពិភាក្សា​គ្នា​រក​ដំណោះ​ស្រាយ​ លើ​ករណី​អ្នកជំងឺ​ពិបាកធ្វើ​រោគវិនិច្ឆ័យ និង​បណ្ដុះបណ្ដាល​បុគ្គលិក​គ្រូពេទ្យ ​រួម​ទាំង​យកចិត្តទុកដាក់ ​រួម​ទាំង​យកចិត្តទុកដាក់​លើ​និស្សិត​កំពុងធ្វើ​កម្មសិក្សា។

លោក​បាន​បន្ត​ថា បន្ទាប់​ពី​មានការ​កំណែ​ទម្រង់​របស់​លោក​ឲ្យ​មន្ត្រី​ទាំងអស់​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ ប្រើប្រាស់​អាកប្បកិរិយា ពាក្យ​សម្ដី​ល្អៗ​ជាមួយ​អ្នក​ជំងឺ​នោះ បាន​ធ្វើ​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រក​កន្លែង​បន្ទប់​សម្រាក​ស្ទើរ​គ្មាន៕

មន្ទីរ​សុខាភិបាល​ខេត្ត​ព្រៃវែង ប្រារព្ធ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត លើក​ទី​១​

មន្ទីរ​សុខាភិបាល​ខេត្ត​ព្រៃវែង ប្រារព្ធ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត លើក​ទី​១​