សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ ចាប់​ជន​បាញ់​បោះ​សេរី​ ដែល​ជិះ​រថយន្ត​ពាក់​ស្លាក​លេខ​ ភ្នំពេញ 2R 8882

សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ ចាប់​ជន​បាញ់​បោះ​សេរី​ ដែល​ជិះ​រថយន្ត​ពាក់​ស្លាក​លេខ​ ភ្នំពេញ 2R 8882



ភ្នំពេញ ៖ មាន​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ បន្ទាប់ពី​ឮ​សំឡេង​ផ្ទុះអាវុធ ​ជាច្រើន​គ្រាប់​ដោយ​សារតែ​កូន​អ្នក​មាន​ជិះ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ​បាន​បាញ់បោះ​យ៉ាង​អនាធិបតេយ្យ​ កាលពី​វេលា​ម៉ោង​៣​និង​៣៥​នាទី ​ថ្ងៃទី​២៧​ ខែឧសភា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្លូវ​ព្រះស៊ីសុវត្ថិ​កែង​ផ្លូវ​៩០ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ LAND CRUSER (​ស៊េរី​ដូច ​570) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2R. 8882 ក្នុង​រថយន្ដ​នោះ​មាន ​មនុស្ស​ប្រុស​ចំនួន ៥​នាក់ មិន​ដឹង​ជា​មាន​ទំនាស់​ជាមួយ​អ្នកណា​នោះ​ទេ ​ស្រាប់តែ​ដក​កាំភ្លើង​បាញ់​ផ្ទួន​គ្នា​ចំនួន​០៥​គ្រាប់​ បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ជិតខាង ​ដែល​កំពុង​ដេក​លង់លក់​ ហើយក៏​​រត់​ឡើង​ជិះ​រថយន្តមួយ​គ្រឿង​នោះ​គេច​ខ្លួន​បាត់​ ដោយ​សុវត្ថិភាព​តែម្តង។

ប្រភព​ព័ត៌មាន​ច្បាស់​ការ​មួយ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ​អ្នក​បាញ់​បោះ​សេរី​ ដែល​ជិះ​រថយន្ត​ម៉ាក LAND CRUSER (​ស៊េរី​ដូច​570) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2R. 8882 នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ឈ្មោះ រិ​ទ្ធ ហៅ​ញ៉ា​ញ ភេទ​ប្រុស និង​បក្សពួក ៤​នាក់​ទៀត។

ពាក់ព័ន្ធ​ការ​បាញ់​បោះ​សេរី​ យ៉ាង​អនាធិបតេយ្យ​នោះ​ដែរ​ ទាំង​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ ​និង​កម្លាំង​អាវុធហត្ថ​បាន​នឹង​កំពុង​បើក​ការស្រាវជ្រាវ​ ពី​ស្លាក​លេខ​រថយន្ត​នោះ​ហើយ ​ម្យ៉ាងវិញទៀត​អ្នក​បាញ់​បោះ​រូប​នោះ​ ក៏​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ខ្លះ​ហើយ គេ​ជឿ​ថា​មិន​យូរ​មិន​ឆាប់​ ​សមត្ថកិច្ចប្រាកដ​ជា​វែកមុខ​ ជន​បាញ់​បោះ​សេរី​រូប​នោះ​ មក​ផ្ដន្ទាទោស​តាម​​ច្បាប់​ជាក់​ជាមិនខាន​ឡើយ ​បើ​ទោះបី​ជន​នោះ​កំពុង​គេចខ្លួន​នៅឡើយ​នោះ​៕