អភិបាលខណ្ឌ​សែន​សុខ​ បន្ទោស​ប៉ូលិសនិង​ប៉េអឹម​ថា ​មិន​បង្ក្រាប​ល្បែង​​កន្ទុយ​លេខ

អភិបាលខណ្ឌ​សែន​សុខ​ បន្ទោស​ប៉ូលិសនិង​ប៉េអឹម​ថា ​មិន​បង្ក្រាប​ល្បែង​​កន្ទុយ​លេខ



ភ្នំពេញ ៖ លោក ប៉ឹល កុសល អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ បាន​ស្ដីបន្ទោស​ចំពោះ​សមត្ថកិច្ច ជំនាញ​ថា មិន​បង្ក្រាប​ល្បែង​ស៊ី​សង​ប្រភេទ​កន្ទុយលេខ​ និង​បន្ទោស​ដល់​លោក​មេភូមិ​និង​ចៅសង្កាត់​ភ្នំពេញ​ថ្មី ថា​បាន​បណ្ដោយ​ឲ្យ​មាន​សំណង់​អនាធិបតេយ្យ​ច្រើន​សង់​ និង​ចាក់​ដី​លប់​រំលោភ​យក​លើ​ដី​ប្រឡាយ​ និង​ដី​ផ្លូវ​សាធារណៈ ​ហើយ​លោក​បាន​ជំរុញ​ឲ្យ​ទប់ស្កាត់​ដាច់ខាត​ចំពោះ​បញ្ហា​នេះ​ និង​បញ្ជា​ឲ្យ​ធ្វើ​ការ​បង្ក្រាប​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​ ជាពិសេស​ល្បែង​កន្ទុយលេខ​តែម្តង។

លោក​អភិបាលខណ្ឌ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ គណៈ​បញ្ជាការ​ឯកភាព​របស់​ខណ្ឌ កាលពី​ព្រឹក​ថ្ងៃទី​២៧​ ខែឧសភា ឆ្នាំ​២០១៦ ដែល​ជា​កិច្ចប្រជុំ​លើក​ទី​១ របស់​លោក បន្ទាប់​ពី​លោក​ទើប​តែ​បាន​ចូល​មក​កាន់​តំណែង​ជា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ សែន​សុខ ជំនួស​អតីត​អភិបាលខណ្ឌ លោក លី សា​វេត កាលពី​ថ្ងៃទី​១១ខែមេសា ឆ្នាំ​២០១៦។

លោក ប៉ឹល កុសល បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​ប្រជុំ​នោះ​ថា តាម​របាយការណ៍​ពី​មន្ត្រី​របស់​លោក បាន​រក​ឃើញ មាន​ទីតាំង​បើក​ល្បែង​ស៊ី​សង​ប្រភេទ​កន្ទុយលេខ ចំនួន​២១ទីតាំង​ឯណោះ នៅ​តាម​សង្កាត់​ទាំង​៤​ក្នុង​ខណ្ឌ​សែន​សុខ​យើង​នេះ​។ បាន​ស្តី​បន្ទោស​ដល់​មន្ត្រី​សមត្ថកិច្ច និង​អាជ្ញាធរ​តាម​មូលដ្ឋាន ប៉ុស្តិ៍​និង​សង្កាត់​​ថា ហេតុអ្វី​បានជា​មិន​បង្ក្រាប​សោះ​អញ្ចឹង​? លោក​បាន​បន្ត​ថា បទ​ល្មើស​លួច​ឆក់ ប្លន់​គ្រប់​ប្រភេទ ​”​ចោរ​” គឺ វា​កើត​ឡើង​ដោយសារ ចាញ់​ល្បែង​ស៊ីសង​ហ្នឹងឯង​។

បើ​យើង​នាំគ្នា​ធ្វើ​បែបនេះ មិន​បង្ក្រាប​ល្បែង​ស៊ី​សង​នេះ តើ​គោលការណ៍​ភូមិ សង្កាត់ មាន​សុវត្ថិភាព វា​នឹង​មាន​សុវត្ថិភាព​បែប​យ៉ាងម៉េច ជូន​ប្រជាជន​យើង​នោះ​? លោក​បាន​បញ្ជា​ឲ្យ​បង្ក្រាប​ល្បែង​ទាំង​នេះ​ឲ្យ​អស់ ហើយ​បើ​លោក​បាន​រក​ឃើញ​ថា នៅ​មាន​ល្បែង​ទាំងនេះ​កើត​ឡើង​ទៀត​ លោក​នឹង​មាន​វិធានការណ៍ រាយការណ៍ ពី​គុណវិបត្តិ​និង​ភាព​អវិជ្ជមាន​ទាំងនេះ​ ទៅ​ស្ថាប័ន​ថ្នាក់​លើ​របស់​អស់លោក​ឲ្យ​កែសម្រួល​ហើយ ដែល​ការ​លើក​ឡើង​ ដោយ​ការព្រមាន​ធ្ងន់​នេះ​ គឺ​សំដៅ​ទៅ​លើ​ សមត្ថកិច្ច ប៉ូលិស និង​ប៉េអឹម ប្រចាំ​ខណ្ឌ​សែន​សុខ តែម្តង​។

ដោយឡែក​ចំពោះ​ការ​បង្កើត​ឲ្យ​មាន នូវ​សំណង់​អនាធិបតេយ្យ​ ច្រើន​ស្អេកស្កះ​សង់​លើ​ដី​ប្រឡាយ​មេ​ដ៏​សំខាន់ មួយ​ឈ្មោះ​ប្រឡាយ​អូ​អា​គុជ​នោះ ដែល​បាន​បន្សល់ទុក​មក​តាំង​ពី​កាល​ជំនាន់ ​អតីត​អភិបាល​ខណ្ឌ​មុនៗ​មក​នោះ​​ ​ថា វា​កំពុងតែ​ជួប​នូវ​ផល​លំបាក​បណ្តើរៗ ហើយ​លោក​បាន​ប្រកាស​ដាច់ខាត​ថា ចាប់​ពី​ពេល​នេះ​តទៅ​ មិន​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​ ឬ​ចាក់​ដី​លប់​រំលោភ​យក​ដី​ប្រឡាយ​ ឬ​សង់​រំលោភ​ចូល​ដី​ផ្លូវ​សាធារណៈ​ជា​ដាច់ខាត។

លោក​ថា ថ្មីៗ​នេះ​មាន​មេភូមិ និង​លោក​ចៅសង្កាត់​ភ្នំពេញ​ថ្មី​ បាន​បិទបាំង​មិន​រាយការណ៍​មក​លោក​សោះ រឿង​បើកដៃ​ឲ្យ​គេ​ចាក់​ដី​រំលោភ​យក​ប្រឡាយ​ នៅ​ជិត​ព្រំប្រទល់​ខណ្ឌ​សែន​សុខ រហូត​ទាល់តែ​ខាង​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​ ស្រែកសួរ​មក​លោក​ទើប​ដឹង​រឿង​នេះ​។ លោក​ថា អា​រឿង​ចាក់ដី​លប់​ប្រឡាយ​ រំលោភ​យក​ដីជា​កម្មសិទ្ធិ​នេះ ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​ នៅ​ពេល​រដូវវស្សា​នឹង​មាន​ជំនន់​ទឹកភ្លៀង ជន​លិចលង់​ផ្ទះសម្បែង​ប្រជាជន​ក្នុង​មូលដ្ឋាន យើង​មិន​អាច​ដេកលក់​ស្រួល​ទេ​។ លោក ជុំ សា​រ៉ា​យ ចៅសង្កាត់​ភ្នំពេញ​ថ្មី​ បាន​អវត្តមាន ​ទំនងជា​មិន​ហ៊ាន​មក​ចូលរួម​ប្រជុំ​ទេ ខ្លាច​ខ្មាស​គេ​ក្នុង​អង្គប្រជុំ​៕

អភិបាលខណ្ឌ​សែន​សុខ​ បន្ទោស​ប៉ូលិសនិង​ប៉េអឹម​ថា ​មិន​បង្ក្រាប​ល្បែង​​កន្ទុយ​លេខ