ដើមខែ​កញ្ញា​​ ២០១៦​ នឹង​មាន​យន្តហោះ​ទំនើប​បំផុត​ របស់​ជប៉ុន​ ​Boeing 787 ហោះ​ត្រង់​មក​កម្ពុជា​

ដើមខែ​កញ្ញា​​ ២០១៦​ នឹង​មាន​យន្តហោះ​ទំនើប​បំផុត​ របស់​ជប៉ុន​ ​Boeing 787 ហោះ​ត្រង់​មក​កម្ពុជា​



ភ្នំពេញ ៖ ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៦ ខាងមុខ​នឹង​មាន​យន្តហោះ​ទំនើប​បំផុត​ របស់​ប្រទេស​ជប៉ុន​ប្រភេទ​ Boeing 787 ធ្វើ​ការហោះហើរ​ត្រង់​ ពី​តូក្យូ​ មកកាន់​ភ្នំពេញ​ រាជាធានីនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តាម​រយៈ​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន All Nippon Airways Co., Ltd។​

ពិធី​ប្រគល់​សិទ្ធិ​ហោះហើរ​ត្រង់ តូក្យូ​-​ភ្នំពេញ ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន All Nippon Airways Co., Ltd បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​២៦​ ខែឧសភា ​ឆ្នាំ​២០១៦​ នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ ក្រោម​អធិបតីភាព​ឯកឧត្តម​ បណ្ឌិត​សភាចា​រ្យ​ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ទទួលបន្ទុក​ ទីស្ដីការគ​ណៈ​រដ្ឋមន្ត្រី​ និង​ លោក Yuji Kumamaru ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក Shuichi Fujimura អនុប្រធាន​ក្រុមហ៊ុន All Nippon Airways។​

​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ បាន​មានប្រសាសន៍ថា ​ក្នុងនាម​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា “​ខ្ញុំ​សូម​អបអរ​សា​ទរ ​ចំពោះ​ការហោះហើរ​ត្រង់​ រវាង​ប្រទេស​យើង​ទាំង២ ជាពិសេស​ការ​ត​ភ្ជាប់​ផ្លូវអាកាស​ រវាង​រាជធានី​ទាំង២ គឺ​ទីក្រុង​តូក្យូ និង​រាជធានី​ភ្នំពេញ​។ ថ្ងៃនេះ​ក៏​ជា​ឱកាស​ដ៏​មាន​សារសំខាន់ ដែល​កិច្ចព្រមព្រៀង​ស្ដីពី​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ដែល​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០​១៥ បាន​ចូល​ជា​ធរមាន ​បន្ទាប់ពី​ការផ្លាស់ប្ដូរ​កំណត់​ទូត រវាង​ក្រសួងការបរទេស ​នៃ​ប្រទេស​យើង​ទាំ​ង​២​។ កិច្ចព្រមព្រៀង​នេះ ​ផ្ដល់​នូវ​ឱកាស​ពាណិជ្ជកម្ម​ស្មើគ្នា ​ធានា​សុវត្ថិភាព និង​សន្តិសុខ​អាកាស​ចរ​ណ៍ ដល់​បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​នៃ​ប្រទេស​ទាំង២”​។​

រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ របស់សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​គោលនយោបាយ «​បើក​ចំហ​ជើងមេឃ​» ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ ដែល​គឺជា​កត្តា​ដ៏​សំខាន់​មួយ ​ក្នុង​ការជំរុញ​កំណើ​ន​សេដ្ឋកិច្ច​។ ដូច្នេះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ជឿ​ជាក់​ថា ការហោះហើរ​ត្រង់​រវាង​រាជធានី​ទាំង២ នឹ​ង​ដើរ​តួនាទី​ដ៏​សំខាន់ ក្នុង​ការ​លើកកម្ពស់​បន្ថែម​ទៀត​ ដល់​កំណើន​ការ​ដឹក​ជញ្ជូន​ទំនិញ​ តាមផ្លូវ​អាកា​ស​ទេសចរណ៍ ពាណិជ្ជកម្ម វប្បធម៌ និង​ការ​ត​ភ្ជាប់​ប្រជាជន ​និង​ប្រជាជន​នៃ​ប្រទេស​ទាំង២។​

គួរ​រំលឹក​ថា ការ​ដឹក​ជញ្ជូន​តាមផ្លូវ​អាកាស​ បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់ នៅក្នុង​សកម្មភាព​សេដ្ឋកិច្ច​ របស់​កម្ពុជា ហើយ​វិស័យ​នេះ ​នៅតែ​ជា​វិស័យ​មួយ​ ដែល​កំពុង​លូតលាស់​លឿន​បំផុត​។

កាលពី​ឆ្នាំ​២០១៥ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ទទួល​អ្នកដំណើរ​ជាង ៣​លាន​នាក់ ដែល​មាន​ការ​កើន​ឡើង ១៥.៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៤​។ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បាន​ទទួ​ល​អ្នកដំណើរ​ជាង ៣.៣​លាន​នាក់ កើនឡើង ៩% ធៀប​នឹង​ឆ្នាំ​២០១៤​។ សរុប​មក នៅក្នុង​ឆ្នាំ​២០១៥ កម្ពុជា​បាន​ទទួល​អ្នកដំណើរ ​តាមផ្លូវ​អាកាស​ចំនួន ៦.៣​លាន​នាក់ មកពី​អាកាសយានដ្ឋាន ១១៩ នៃ ៤៣​ប្រទេស​។ នេះ​គឺជា​ការ​កើន​ឡើង​ជាង ១២% បើ​ធៀប​នឹង​ឆ្នាំ​២០១៤​។ ចំនួន​អ្នកដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​នឹង​កើនឡើង​លើស ៤.២​លាន​នាក់ ហើ​យ​ចំនួន​អ្នកដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប នឹង​កើន​ឡើង​ដល់ ៥​លាន​នាក់ នៅ​ត្រឹម​ឆ្នាំ​២០២០​។ ដើម្បី​ជា​ការ​គាំទ្រ​ដល់​គោលនយោបាយ​ទីផ្សារ​អាកាសចរណ៍​អាស៊ាន​តែមួយ (ASEAN Aviation Single Market – ASAM) ប្រទេស​កម្ពុជា​ក៏បាន​សម្រេច​ការងារ​ពង្រីក​ស្ថានីយ​អ្នក​ដំ​ណើរ និង​កន្លែង​ស្ដុក​ទំនិញ​ផង​ដែរ ដើម្បី​ឆ្លើយតប​ទៅ​នឹង​កំណើន​នៃ​តម្រូវការ ​ក្នុង​ការ​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​។​

បច្ចុប្បន្ន អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣ របស់​កម្ពុជា គឺ ភ្នំពេញ សៀមរាប និង​ក្រុងព្រះសីហនុ កំពុង​បម្រើសេវា​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ចំនួន ២៩​ក្រុមហ៊ុន និង​ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន ៤​ក្រុមហ៊ុន ដែល​ធ្វើការ​ហោះហើរ​ជាង ២០០​ជើង​ក្នុង​មួយថ្ងៃ​។ ក្រុមហ៊ុន​អាកាសចរណ៍ All Nippon Airways នឹង​ក្លាយទៅជា​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ទី​៣០ ដែល​ដំណើរការ​នៅក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។​ ការហោះហើរ​ត្រង់នេះ នឹង​ពិតជា​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​វិស័យ​ពាក់ព័ន្ធ​នានា ​នៃ​ប្រទេស​ទាំង២ ជាពិសេស​គឺ​ជំរុញ​ភ្ញៀវ​ទេសចរ​ជប៉ុន​មកកាន់​កម្ពុជា​៕​