បើក​រាប់​សិប​ឆ្នាំ​ហើយ​ទើបតែ​បង្ក្រាប ថា​ខុសច្បាប់

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៦ លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ដឹកនាំ​ដោយ​លោក ផា​ន់ រតនា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ក្រុង​បា​វិត បាន​ចុះ​ធ្វើការ​បង្ក្រាប​ទីតាំង​ពេទ្យធ្មេញ​-​ដាក់​ធ្ញេ​ញ​ខុសច្បាប់​៦​កន្លែង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចាប់ពី​សង្កាត់​បា​វិត សង្កាត់​ច្រក​ម្ទេស និង​សង្កាត់​ព្រៃ​អ​ង្គុ​ញ ផ្សារ​ជី​ភូ ដោយ​រឹបអូស​វត្ថុ​តាង​ឧបករណ៍​ ​សម្ភារ​សម្រាប់​ធ្វើ​ធ្មេញ​មួយ​ចំនួន និង​ឲ្យ​ម្ចាស់​ទីតាំង​បិទ​ការ​ប្រកប​អាជីវកម្ម​ដាក់​ធ្មេញ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ហើយ​នាំ​គ្នា​និយាយ​ខ្សិ​ប​ខ្សៀវ​ថា អ្នក​ដាក់​ធ្មេញ​ទាំងនេះ​បើក​កន្លែង​ដាក់​ធ្មេញ​ធ្វើ​ធ្មេញ​រាប់​សិប​ឆ្នាំ​មក​ហើយ​ទើបតែ​ដឹង​ថា​អត់​ច្បាប់ ។

បើ​តាម​សមត្ថកិច្ច​បានអោយ​ដឹង​ថា ការ​ចុះ​បង្ក្រាប​ទីតាំង​ប្រកប​របរ​ធ្វើ​ធ្មេញ​-​ដាក់​ធ្មេញ​បាន​ចំនួន​៦​កន្លែង រឹបអូស​វត្ថុ​តាង​ឧបករណ៍ និង​សម្ភារ​ធ្វើ​ធ្មេញ និង​ឲ្យ​ម្ចាស់ផ្ទះ​បញ្ឈប់​បើកមុខ​របរ​ធ្វើ​ធ្មេញ​-​ដាក់​ធ្មេញ​នេះ​ទៀត ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ការ​ចុះ​បង្ក្រាប​នេះ​មិនមែន​ធ្វើ​តែ​នៅ​ក្រុង​បា​វិត​នោះ​ទេ និង​បន្ត​ធ្វើ​នៅ​តាម​បណ្តា​ស្រុក​-​ក្រុង​មួយ​ចំនួន​ទៀត​នៃ​ខេត្តស្វាយរៀង ដើម្បី​លើកកំពស់​វិស័យ​សុខាភិបាល ក្នុង​ការ​លុប​បំបាត់​ការ​ធ្វើ​ធ្មេញ​-​ដាក់​ធ្វេ​ញ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​របស់​ប្រជា​ពលរដ្ឋ ហើយ​បើ​អ្នក​បើក​ធ្វើ​ធ្មេញ​ទាំងនោះ​មិន​បាន​ចូល​សាលារៀន​ពេទ្យធ្មេញ គ្រាន់តែ​រៀន​ត​ៗ​គ្នា​នោះ ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់ ។

ប្រជា​ពលរ​ដ្ន​បាន​ឲ្យ​ដឹង​ថា នៅ​តាម​បណ្តា​ស្រុក​-​ក្រុង​មួយ​ចំនួន​ក្នុង​ខេត្តស្វាយរៀង មាន​គ្លីនិក​បើក​រីក​ដូច​ផ្សិត និង​គ្រូពេទ្យ​អត់​សញ្ញាបត្រ​ដើរ​ចាក់​ថ្នាំ​តាម​ភូមិ​មិនដឹង​ថា​មានច្បាប់ ឬ​គ្មាន​ច្បាប់​នោះ​ទេ រាប់​សិប​ឆ្នាំ​ហើយ​មិន​ដែល​មាន​ចំណាត់ការ​បង្ក្រាប​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ឡើយ ។

ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​សូម​ឲ្យ​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ត​ចុះ​ទៅ​ពិនិត្យ​កន្លែង​បើក​លក់​ថ្នាំពេទ្យ ដើរ​ចាក់​ថ្នាំ​នៅ​តាម​ជនបទ​ផង កុំ​ចាំ​ដល់​មានការ​ចាក់​ថ្នាំ​គ្រោះថ្នាក់ ឬ​ស្លាប់​ទើប​នាំ​គ្នា​ចុះ​មើល​នោះ គឺ​ហួសពេល​ហើយ ៕