ស្គាល់​ចម្លាក់បុរាណ​​ដ៏យូរលង់​នេះ​ទេ?

ខេត្ត​ព្រៃវែង ៖ រូបចម្លាក់លិង្គ​ព្រះ​​ឥ​សូរ្យ​​មួយ​ ត្រូវ​​អ្នកស្រុក​​ប្រទះ​ឃើញ ខណៈ​​​កំពុង​ជីក​ប្រឡាយ​បង្ហូរទឹក​ចេញពី​ស្រែ ​បង្ក​ឱ្យ​​ភ្ញាក់​ផ្អើល​​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ចោមរោម​មើល ព្រោះ​ចង់​ដឹង​ពី​ប្រវត្តិ និង​អាយុកាល​របស់​វា ​។

មន្ត្រី​នគរ​បាលប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រៃ​ព្នៅ​​ឱ្យ​ដឹង​​ថា លិង្គ​​ព្រះ​ឥ​សូរ្យ​នេះ​ មាន​ទំហំ​០,២០​ម៉ែត្រ x ០,៦០​ម៉ែត្រ កប់​នៅ​ក្នុង​ដី​ជម្រៅ​ជិត​២​ម៉ែត្រ​ នៅ​ក្បែ​រ​ទួល​បុរាណ​ព្រះ​ធាតុ ស្ថិត​ក្នុងភូមិ​ព្រៃ​ស្លា ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង ហើយ​ត្រូវ​បាន​កសិករ​ម្នាក់​​ឈ្មោះ​ធី ធួរ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ប្រទះ​ឃើញ​​​ពេល​​កំពុង​ជីក​ប្រឡាយ​បង្ហូរទឹក​ចេញពី​ក្នុង​ស្រែ​នៅ​ក្បែ​រ​ទួល​ព្រះ​ធាតុ​នោះ ​។

​ក្រោយ​ពី​ប្រទះ​ឃើញ​លិ​​ង្គ​ព្រះ​ឥ​សូរ្យ​នេះ​ភ្លាម កសិករ​ឈ្មោះធី ធួរ ក៏​បាន​រាយ​ការ​ណ៍​​មក​សមត្ថកិច្ច ចុះ​ទៅ​ពិនិត្យ​មើល​ និង​នាំ​យក​លិង្គ​ព្រះ​ឥ​សូរ្យ មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​​រដ្ឋបាល​ឃុំ​ព្រៃ​ព្នៅ ដើម្បី​រៀបចំ​ឯកសារ ប្រគល់​ទៅ​​ឱ្យ​​លោក​អភិបាលស្រុក​ចាត់ចែង​បន្ត​។

ដោយឡែក​លោក​ហ៊ី ធួ​ក អភិបាលស្រុក​ពារាំង​បាន​ឱ្យ​​ដឹង​ថា ​ពេល​ដែល​ខាង​សមត្ថកិច្ច​ប្រគល់​ឯកសារ​ និង​លិ​​ង្គ​ព្រះ​ឥ​សូរ្យ​នោះ​​មក​ដល់​សាលាស្រុក លោក​នឹង​ទាក់​ទង​ទៅ​មន្ត្រី​ជំនាញ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ដើម្បី​ចុះ​មក​ពិនិត្យ​មើល ហើយ​តាម​ការ រំពឹង​​ទុក លិ​ង្គ​ព្រះ​ឥ​សូរ្យ​នេះ​ លោក​នឹង​ប្រគល់​ទៅ​​ឱ្យ​​ខាង​មន្ទីរ​វប្បធម៌​យក​ទៅ​រក្សា​ទុក ព្រោះ​វា​ជា​សម្បត្តិ​បេ​តិក​ភ​ណ្ឌ​​ជាតិ​។

ទោះជា​យ៉ាងណា​ក៏​​ដោយ មក​ដល់​ពេល​នេះ​ គេ​នៅ​មិន​ទាន់​អាច​ដឹង​បាន​ទេ​​ថា លិ​​ង្គ​ព្រះ​ឥ​សូរ្យ​នេះ មាន​អាយុកាល​ប៉ុន្មាន​រយ​​ឆ្នាំ​​នោះ​ទេ ហើយ​ក៏​មិន​ទាន់​អាច​ដឹង​ពី​ប្រវត្តិ​របស់​វា​បាន​​ដែរ គឺ​ត្រូវ​រង​ចាំ​មន្ត្រី​ជំនាញ​មក​ពិនិត្យ​សិន​ ទើប​អាច​ដឹង​។

ក្រោយ​ពី​ប្រទះ​ឃើញ​លិ​ង្គ​ព្រះ​ឥ​សូរ្យ​នេះ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​និយាយ​ត​ៗ​គ្នា​ថា ទីទួល​បុរាណ​ព្រះ​ធាតុ ដែល​គេ​ប្រទះ​ឃើញ​លិង្គ​ព្រះ​ឥ​សូរ្យ​នេះ គឺជា​ទួល​បុរាណ​​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ ។ ដូច្នេះ​គឺ​ជឿ​ថា នៅ​ក្នុង​ដី​លើ​ទួល​នេះ គឺ​នៅ​មាន​វត្ថុ​​បុរាណ​ជា​ច្រើន​ទៀត ដែល​បន្សល់​ទុក​ពី​ដូនតា​​មក ដូច្នេះ​គេ​​សំណូមពរ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច សូម​ជួយ​រក្សាការពារ​ទីទួល​បុរាណ​១​​នេះ​ផង ព្រោះ​គេ​ខ្លាច​មាន​ជន​ឆ្លៀត​ឱកាស​​នាំគ្នា​​ទៅ​ជីក​គាស់ ប្រមូល​យក​វត្ថុ​បុរាណ​ទាំងនោះ​ទៅ​លក់​បាត់​អស់ ​៕