G7​៖ ​សេដ្ឋកិច្ច​ពិភពលោក​នឹង​ធ្លាក់​ចុះ​ បើ​អង់គ្លេស​ដើ​រចេញ​ពី​អឺរ៉ុប​

នៅ​ក្នុង​ជំនួប​ប្រជុំ​កំពូល​រយៈពេល​ពីរថ្ងៃ​ ក្នុង​ទី​ក្រុង​Shima​ ប្រទេសជប៉ុន​ នៃ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ក្នុង​លោក​ទាំង៧​​ (G7​) ​ដែល​មាន​ការ​ចូល​រួម​ពី​ប្រទេស​អ៊ីតាលី​ អង់គ្លេស​ ជប៉ុន ​កាណាដា​ អាល្លឺម៉ង់ ​បារាំង ​និង​សហរដ្ឋអាមេរិក​ មេ​ដឹក​នាំ​ពិភពលោក​ទាំង៧​ បាន​លើក​ករណី​នៃ​ការ​ដើរ​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ថា​៖​ “​វា​អាច​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​រង្គោះ​រង្គើ​ជា​ក់​ជា​មិនខាន​” នេះ​បើ​យោង​តាម​ការ​ចុះ​​ផ្សាយ​ពត៌មាន​ នៃ​សារពត៌មាន​ BB​C​ ។​​​
នៅ​ក្នុង​លទ្ធផល​សម្រេច​នៃ​កិច្ច​ប្រជុំ​កំពូល​នោះ ​មេ​ដឹកនាំ​ពិភពលោក​ទាំង៧​ បាន​ធ្វើ​សេច​ក្ដី​ថ្លែង​ការ​រួម​ស្ដី​ពី​ការចាក​ចេញ​របស់​ចក្រភព​អង់គ្លេស​ថា​៖ ​អង់គ្លេស​មិន​គួរ​ដើរចេញ​ពី​សហភាព​អឺរ៉ុប​នោះ​ទេ​ ព្រោះ​នៅ​ខណៈ​នេះ​បញ្ហា​ពិភពលោក​ដ៏​ស្មុគស្មាញ​ជា​ច្រើន​ដូចជា​៖​ វិបត្តិ​ជនភៀសខ្លួន​,​ វិ​បត្តិភេរវកម្ម​, វិបត្តិ​ដែន​សមុទ្រ​ចិន​ខាងត្បូង ​និង​ខាងកើត ​នៅ​ពុំទាន់​ដោះស្រាយ​ឱ្យ​បាន​ចប់​សព្វ​គ្រប់​នៅ​ឡើយ​ ហើយ​បើពេល​នេះ​អង់គ្លេស​ ដែល​ជា​ប្រទេស​ដ៏​សំខាន់​មួយ ​ប្រៀប​បី​ដូចជា​ខ្លា​ធំ​មួយ​ក្នុង​ចំណោម​ខ្លា​ធំ​ទាំង​បី​នៅ​ក្នុង​សហភាព​អឺរ៉ុប​បន្ទាប់​ពី​អាល្លឺម៉ង់​ និង​បារាំង ​សម្រេច​ចិត្ត​ដើរ​ចេញ​នោះ​ វា​នឹង​ធ្វើ​ឱ្យ​ពិភពលោក​កាន់​ជួប​វិបត្តិ​ធំ​មួយ​កម្រិត​ថែម​ទៀត​គឺ ​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​វិ​បត្តិ​សេដ្ឋកិច្ច​ពិ​ភពលោក​ ។​​​
សូម​ជម្រាប​ជូនថា​៖ ​នៅ​ពេល​នេះ​ សម្រាប់​លោក​នាយក​រដ្ឋមន្រ្តី​អង់គ្លេស​ ដេវីដ​ កាំមេរ៉ូន​ កំពុង​ស្ថិត​នៅ​ក្នុង​ភាព​តាន​តឹង​យ៉ាង​ខ្លាំង​ ​ដោយ​លោក​ត្រូវ​តស៊ូ​ប្រឈម​មុខ​ជា​មួយ​នឹង​ប្រជាជន​អ​ង់គ្លេស​រាប់​លាន​នាក់ ​ដែល​កំ​ពុង​ទាមទារ​ធ្វើ​ប្រជាមតិ​បោះឆ្នោត​ឱ្យ​ប្រទេសអង់គ្លេស​ផ្ដាច់​ខ្លួន​ជា​សមាជិក​ចេញ​ពី​សហភាព​អឺរ៉ុប​ ព្រោះ​ពួកគេ​យល់​ឃើញ​ថា​៖​ បើ​អង់គ្លេស​បន្ត​នៅ​ក៏​មិន​ចំណេញ​ បើ​អង់គ្លេស​ដើរ​ចេញ​ក៏​គ្មាន​អី​ត្រូវ​ខាត​ធ្ងន់ធ្ងរ​ណាស់​ណា​ដែ​រ ​។ ​​ហើយ​ករណី​នៃ​ការ​ទាមទា​រ​ឱ្យ​ដើរ​ចេញ​ពី​សហភាព​អឺរ៉ុប​ពី​សំណាក់​ប្រជាជន​អង់គ្លេស​នេះ​ដែរ​ ប្រសិន​បើ​លោក​ដេវីដ ​កាំមេរ៉ូន​ នៅ​តែ​រឹង​ជជេស​ប្រឆាំង​នឹង​មតិ​ប្រជាជន​តទៅទៀត​ នោះ​លោក​អាច​នឹង​ត្រូវ​ធ្លាក់​ប្រជាប្រិយ​ភាព​មិ​ន​ខាន​ ព្រោះ​ពេល​នេះ​បក្សប្រឆាំង​អង់គ្លេស​កំពុង​បាន​ដៃ​ក្នុង​ការ​ស្រោច​ទឹក​បន្ថែម​ទៅ​លើ​ប្រជាជន​អង់គ្លេស​ឱ្យ​ទូង​ស្គរ​ធ្វើ​កា​របោះឆ្នោត​ដើម្បី​ផ្ដាច់​ខ្លួន​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប​ ដែល​យុទ្ធនា​ការណ៍​បោះឆ្នោត​ប្រជាមតិ​នេះ​ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨​ ខែ​មិថុនា ​ខាង​មុខ​នេះ​ហើយ​ ​។​​

G7​៖ ​សេដ្ឋកិច្ច​ពិភពលោក​នឹង​ធ្លាក់​ចុះ​ បើ​អង់គ្លេស​ដើ​រចេញ​ពី​អឺរ៉ុប​
ដោយ៖ ឈូក ស
ប្រភព៖ BBC