អាជ្ញាធរ​ខណ្ឌទួលគោក ​ចុះ​បិទ​ខារ៉ាអូខេ “អាន់​ឆ័​រ​ ស៊ីត​ធី​ ១” ក្រោយពី​មាន​បណ្ដឹង​

អាជ្ញាធរ​ខណ្ឌទួលគោក ​ចុះ​បិទ​ខារ៉ាអូខេ “អាន់​ឆ័​រ​ ស៊ីត​ធី​ ១” ក្រោយពី​មាន​បណ្ដឹង​



​ភ្នំពេញ ​៖ អាជ្ញាធរ​ខណ្ឌទួលគោក ដឹកនាំ​ដោយ ​លោក ​សាំង សុភៈ​វិចិត្រ ​អភិបាលរងខណ្ឌ​នៅ​​ព្រឹក​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ២០១៦​ ​បាន​ចុះ​បិទ​ខារ៉ាអូខេ​មួយ​កន្លែង យីហោ​ “អាន់​ឆ័​រ​ស៊ីត​ធី​១” ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​២០២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ដែល​ការ​បិទ​ទីតាំង​ខារ៉ាអូខេ​នេះ គឺ​ធ្វើ​ឡើង​ក្រោយពី​មាន​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ក្បែរ​ខាង​ថា ​បានឮ​សម្លេង​រំខាន​ពួកគាត់​មិនអាច​ដេក​បាន​។​

លោក​ សាំង សុភៈ​វិចិត្រ នៅ​ក្នុង​ពេល​ចុះ​បិទ​ទីតាំង​ ខាងលើ​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បិទ​ខារ៉ាអូខេ យី​ហោ​ “អាន់​ឆ័​រ​ស៊ីត​ធី​១” ​នេះ គឺ​ធ្វើ​ឡើង​ក្រោយពី​មាន​បណ្ដឹង​ ពី​ប្រជាពលរដ្ឋ​ក្បែរ​ខាង ដោយ​ពួកគាត់​បាន​ប្ដឹង​ថា​ បាន​បង្ក​សម្លេង​រំខាន​ ពួកគាត់​មិនអាច​ដេក​បាន​។ ​ក្រោយពី​ទទួល​បាន​បណ្ដឹង​នេះ ​ទើប​លោក​ឯក ឃុន​ដឿ​ន​ អភិបាល​ខណ្ឌទួលគោក​ ណែនាំ​ឲ្យ​ចុះ​បិទ​អាជីវកម្ម​ ខារ៉ាអូខេ​ខាងលើ​ជា​បណ្ដោះ​អា​សន្ន​តែម្តង។​

មន្ត្រី​សាលា​ខណ្ឌ​ទួលគោក​បាន​ឲ្យ​ដឹង​ថា ខារ៉ាអូខេ​យីហោ​ “អាន់​ឆ័​រ​ស៊ីត​ធី​១” នេះ​មានតែ​ចំនួន​៤​បន្ទប់​ប៉ុណ្ណោះ ប៉ុន្តែ​ទីតាំង​នេះ​ក្រៅពី​មាន​ខារ៉ាអូខេ​ ហើយ​ក៏​មាន​បើកហាង​ផឹកស៊ី​ ជាច្រើន​តុ​នៅ​ជាមួយគ្នា​ផង​ដែរ។ តែ​ចំពោះ​ហាង​ផឹកស៊ី​ អាជ្ញាធរ​មិនបាន​បិទ​អាជីវកម្ម​នោះ​ទេ ពោល​គឺ​អនុញ្ញាត​ឲ្យ​ម្ចាស់​ហាង​បើក​អាជីវកម្ម​ធម្មតា បិទ​តែ​ខារ៉ាអូខេ​៤​បន្ទប់​ប៉ុណ្ណោះ​។​

មន្ត្រី​សាលា​ខណ្ឌ​ទួលគោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​ខារ៉ាអូខេ​យីហោ​អាន់​ឆ័​រ​ស៊ីត​ធី​១​នេះ ​មិន​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នោះ​ទេ៕អាជ្ញាធរ​ខណ្ឌទួលគោក ​ចុះ​បិទ​ខារ៉ាអូខេ “អាន់​ឆ័​រ​ ស៊ីត​ធី​ ១” ក្រោយពី​មាន​បណ្ដឹង​