ជនជាតិ​ម៉ុងតាញ៉ា​១៣​នាក់​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​២៧ ឧសភា

ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា (Montangard) វៀតណាម​១៣​នាក់ ដែល​រដ្ឋាភិបាល​បាន​សម្រេច​ផ្ដល់​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​​កាល​ពី​ដើម​ឆ្នាំ​ ២០១៦ នឹង​ត្រូវ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ហៅ​កាត់​ថា យូអ៊ិនអេច្ចស៊ីអ (UNHCR) បញ្ជូន​ទៅ​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​២៧ ឧសភា។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ព័ត៌មាន​​សាធារណៈ​ប្រចាំ​តំបន់​នៃ​អង្គការ​យូអ៊ិនអេច្ចស៊ី​អ (UNHCR)  អ្នកស្រី​ វីវៀន តាន់ (Vivian Tan) បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក នៅ​ថ្ងៃ​ទី ២៦ ឧសភា ថា ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា​វៀតណាម ១៣​នាក់​នោះ​នឹង​ទទួល​បាន​ការ​ទំនុក​បម្រុង​ជីវភាព និង​ទី​កន្លែង​ស្នាក់​នៅ​ពី​អង្គការ​យូអ៊ិនអេច្ចស៊ីអា នៅ​ពេល​ពួក​គេ​ទៅ​ដល់​ប្រទេស​ហ្វីលីពីន។

ទាក់​ទង​ការ​បញ្ជូន​ម៉ុងតាញ៉ា​វៀតណាម​ទាំង​១៣នាក់​ទៅ​ប្រទេស​ទីបី​នេះ ប្រធាន​នាយកដ្ឋាន​ជន​ភៀស​ខ្លួន​នៃ​ក្រសួង​មហាផ្ទៃ លោក តាន់ សុខវិជ្ជា ថ្លែង​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ស្ដី​ពី​ការ​បញ្ជូន​នេះ​នៅ​ឡើយ​ទេ ត្រឹម​រសៀល​ថ្ងៃ​ទី ២៦ ឧសភា។

លោក តាន់ សុខវិជ្ជា ឲ្យ​ដឹង​ថា នៅ​មាន​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា​វៀតណាម ​១៩៤​នាក់​ទៀត​ ក្នុង​នោះ​ម្នាក់​ជា​ទារក​ទើប​កើត កំពុង​ស្នាក់នៅ​បណ្ដោះ​អាសន្ន​នៅ​កម្ពុជា ដើម្បី​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទីបី។

ចំពោះ​អ្នក​ទាំង​១៩៤នាក់​ដែល​នៅ​សល់ អ្នកស្រី វីវៀន តាន់​ (Vivian Tan) បញ្ជាក់​ថា ពួកគេ​កំពុង​ស្ថិត​ក្នុង​​ការ​កំណត់​ឋានៈ​ជា​ជន​ភៀស​ខ្លួន និង​ការ​ចុះ​បញ្ជី ដោយ​នាយកដ្ឋាន​ជន​ភៀស​ខ្លួន​នៃ​ក្រសួង​មហាផ្ទៃ។

ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា​វៀតណាម ទាំង​១៣នាក់ ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​ទី ២៧ ឧសភា គឺ​ជា​ក្រុម​ដំបូង​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្ដល់​​ឲ្យ​នូវ​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន បន្ទាប់​ពី​ពួកគេ​រួម​នឹង​ម៉ុងតាញ៉ា​ជា​ច្រើន​ក្រុម​ទៀត​បាន​រត់​ភៀស​ខ្លួន​ពី​ប្រទេស​វៀតណាម​សម្រុក​ចូល​មក​កម្ពុជា កាល​ពី​ចុង​ឆ្នាំ២០១៤។ ការ​ភៀស​ខ្លួន​របស់​ក្រុម​ម៉ុងតាញ៉ា​​ទាំង​នោះ ក្រោម​ហេតុផល គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដោយ​អាជ្ញាធរ​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕