លោក ម៉ាន់ កុសល សាស្ត្រាចារ្យ​ល្ខោន​ស្បែក​ធំ ​ធ្លាក់ខ្លួន​រត់​ម៉ូតូ​រ៉ឺម៉ក​កង់​បី​

លោក ម៉ាន់ កុសល សាស្ត្រាចារ្យ​ល្ខោន​ស្បែក​ធំ ​ធ្លាក់ខ្លួន​រត់​ម៉ូតូ​រ៉ឺម៉ក​កង់​បី​



ភ្នំពេញ ៖ សាស្ត្រាចារ្យ​ល្ខោន​ស្បែក​ធំ​លោកគ្រូ ម៉ាន់ កុសល ថ្មីៗ​នេះ ​ត្រូវ​បាន​ប្រភព​ទម្លាយ​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​លោក​បាន​បោះបង់ចោល​អាជីព​ជា​អ្នក​សិល្បៈ​ និង​រត់​ទៅ​ប្រកប​របរ ​រត់​ម៉ូតូឌុប ​យ៉ាង​លំបាក​ខណៈ​លោក​គ្មាន​លទ្ធភាព​ បន្ត​សម្រាប់​បង់ថ្លៃ​ទីតាំង​បង្ហាត់​បង្រៀន​ ល្ខោន​ស្បែក​ធំ​បន្ត​ទៀត​នោះ​។

ដំណឹង​នៃ​ការសម្រេចចិត្ត​ បោះបង់​អាជីព​សិល្បៈ​ ទៅ​រត់​ម៉ូតូឌុប​ពី​សំណាក់​លោកគ្រូ ម៉ាន់ កុសល ខាង​លើ​នេះ​ ត្រូវ​បាន​បង្ហោះ​ចែកចាយ​ បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​បណ្ដាញ​សង្គម​យក្ស​ហ្វេ​ស​ប៊ុ​ក រ​ហូត​មានការ​ចែករំលែក​បន្ត​គ្នា​ពី​មួយ​ទៅ​មួយ​ និង​មានការ​សរសេរ​ Comment បង្ហាញ​ពី​ការ​សោកស្តាយ​សមត្ថភាព ​របស់​សិល្បករ​ជើងចាស់​ម្នាក់​នេះ​ផង​ដែរ។

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ ដែល​ប្រើប្រាស់​ឈ្មោះថា Infinity Share បាន​សរសេរ​បង្ហោះ​ដោយមាន​ភ្ជាប់​ ជាមួយ​រូបភាព​លោកគ្រូ ម៉ាន់ កុសល ថា ដំណឹង​ដ៏​គួរ​ឲ្យ​សោកស្ដាយ​បំផុត​ ដោយ​លោកគ្រូ ម៉ាន់ កុសល ដែល​ជា​សាស្ត្រាចារ្យ​ល្ខោន​ស្បែក​ធំ​តែ​ម្នាក់​គត់​ត្រូវ​បង្ខំចិត្ត​លាឈប់​ពី​ការងារ​នេះ ​ដោយសារ​ជីវភាព​ខ្វះខាត និង​មិន​មាន​ថវិកា​គ្រប់គ្រាន់​បង់ថ្លៃ​ឈ្នួល​ទីតាំង​។

តាមរយៈ​ម្ចាស់ ​Account​ ខាង​លើ​នេះ ​ក៏បាន​សរសេរ​បញ្ជាក់​បន្ថែម​ថា ​មូល​ហេតុ​ដែល​លោកគ្រូ​ម៉ាន់ កុសល សម្រេចចិត្ត​លាឈប់​ពី​អាជីព​នោះ​ ព្រោះ​គាត់​អស់​លទ្ធភាព​ក្នុង​ការ​បន្ត ​ហើយ​ថែមទាំង​សុខភាព​ក៏​កាន់តែ​ដុនដាប​ទៅទៀត​។ ក្នុងនាម​ជា​សាស្ត្រាចារ្យ​បង្រៀន​សិល្ប​:​ស្បែក​ធំ ​ដែល​ត្រូវ​បាន​ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ បែរជា​ត្រូវ​ធ្លាក់ខ្លួន​ទៅ​រត់​រ៉ឺម៉ក​ តើ​អនាគត​សិល្ប​:​វប្បធម៌​នឹង​ទៅជា​យ៉ាងណា​? បើ​វាសនា​សិល្បករ​មាន​ទេព​កោស​សុទ្ធតែ​ ត្រូវ​បាន​គេ​បំភ្លេច​ដូចនេះ​។

សូម​ជួយ share បន្ត​ដើម្បី​ជួយ​លោកគ្រូ​ក៏ដូចជា​សង្គ្រោះ​សិល្ប​:​ស្បែក​ធំ យ៉ាងណាមិញ​កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦​នេះ​ មិនទាន់​អាច​ស្វែងរក​ការ​បកស្រាយ​ ពី​សំណាក់​លោកគ្រូ ម៉ាន់ កុសល តាម​ទូរស័ព្ទ​បាន​នៅឡើយ​ទេ​ ខណៈ​ដំណឹង​នេះ​កំពុង​ ត្រូវ​បាន​បន្ត​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​៕

លោក ម៉ាន់ កុសល សាស្ត្រាចារ្យ​ល្ខោន​ស្បែក​ធំ ​ធ្លាក់ខ្លួន​រត់​ម៉ូតូ​រ៉ឺម៉ក​កង់​បី​

លោក ម៉ាន់ កុសល សាស្ត្រាចារ្យ​ល្ខោន​ស្បែក​ធំ ​ធ្លាក់ខ្លួន​រត់​ម៉ូតូ​រ៉ឺម៉ក​កង់​បី​