កម្ពុជា​បើក​កិច្ចពិភាក្សា​ ​ត្រៀមលក្ខណៈ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​ ទន្លេ​មេគង្គ និង​កូរ៉េ​

កម្ពុជា​បើក​កិច្ចពិភាក្សា​ ​ត្រៀមលក្ខណៈ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​ ទន្លេ​មេគង្គ និង​កូរ៉េ​



ភ្នំពេញ ៖ ​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦ បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ ដើម្បី​ពិភាក្សា​ទៅលើ​ការ​ត្រៀម​លក្ខណៈ​សម្រាប់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​ទន្លេមេគង្គ និង​សាធារណរដ្ឋ​កូរ៉េ ដែល​នឹង​ធ្វើឡើង​នៅ​ខែកក្កដា ឆ្នាំ​២០១៦ ខាងមុខ នៅ​ប្រទេស​ឡាវ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ឧ​ត្ត​ម​មន្ត្រី​កម្ពុជា និង​ជា​អ្នកដឹកនាំ​អង្គប្រជុំ។

លោក សុខ ស៊ីផាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ឧ​ត្ត​ម​មន្ត្រី​ទទួលបន្ទុក​កិច្ចប្រជុំ​មេគង្គ​-​កូរ៉េ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា គោលបំណង​នៃ​ការ​រៀប​ចំ​នេះ គឺ​ដើម្បី​ពង្រីក​ការ​តភ្ជាប់​រវាង​វៀតណាម កម្ពុជា ឡាវ ថៃ និង​ភូមា គឺ​ក្រុម​ប្រទេស​ទន្លេមេគង្គ​សហការ​ជាមួយ​កូរ៉េ តែ​យើង​មាន​ការ​តភ្ជាប់​ច្រើន តាំងពី​បរិស្ថាន ការគ្រប់គ្រង​ធនធាន​ទឹក កសិកម្ម និង​ពាណិជ្ជកម្ម​ជាដើម ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​រលូន​នៅ​ក្នុង​ការ​តភ្ជាប់​នៅ​ក្នុង​អនុ​តំបន់ ហើយ​ជា​សហប្រតិបត្តិការ​ប្រចាំ​ឆ្នាំ​រវាង​ប្រទេស​ទាំង​៥ ជាមួយ​កូរ៉េ។

ទាក់ទង​សំណួរ​ថា តើ​ការ​តភ្ជាប់​ប្រទេស​មេគង្គ​ជាមួយ​កូរ៉េ​មាន​ប្រយោជន៍​អ្វីខ្លះ ? លោក សុខ ស៊ីផាន់ណា អះអាង​ថា កូរ៉េ​ជា​ប្រទេស​មួយ​ដែលមាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង ប៉ុន្តែ​កូរ៉េ​មិន​អាច​មើល​មក​កម្ពុជា ជា​ប្រទេស​មួយ​ដោយឡែក​បានទេ ដូច្នេះ​បានជា​គេ​ចង់​ឲ្យ​អនុ​តំបន់​ទន្លេ​មេគង្គ​យើង​មានការ​ប្រមូលផ្តុំ​ជាទី​ផ្សារ ពីព្រោះ​កម្ពុជា​យើង​ចង់​មាន​ការ​តភ្ជាប់ ដោយសារ​ប្រទេស​យើង​មាន​ប្រជាជន​តិច តែ​បើ​យើង​មាន​លំហូរ​ពាណិជ្ជកម្ម​រលូន​រវាង​ប្រទេស​នៅ​ក្នុង​អនុតំបន់ ក៏​យើង​អាច​ទាញ​យក​ផលប្រយោជន៍​ផងដែរ។

តាម​លោក សុខ ស៊ីផាន់ណា បញ្ជាក់​ទៀត​ថា ចំណែក​បញ្ហា​ធនធានទឹក ក៏ពាក់​ព័ន្ធ​ផង​ដែរ ពីព្រោះ​ទន្លេសាប ក៏ជាប់​ពាក់ព័ន្ធ​ជាមួយ​ទន្លេមេគង្គ ហើយ​ទន្លេមេគង្គ ក៏ពាក់​ព័ន្ធ​ជាមួយ​ប្រទេស​នៅ​ដើមដៃ ដូច្នេះ​ត្រូវ​តែ​មាន​ការគ្រប់គ្រង​ធនធាន​រួមគ្នា ពីព្រោះ​ប្រទេស​មួយ​វា​ជះឥទ្ធិពល​ជាមួយ​ប្រទេសមួយ ដូច្នេះ​ការប្រជុំ​ប្រចាំ​ឆ្នាំ មិនមែន​ត្រឹមតែ​ប្រជុំ​ជាមួយ​កូរ៉េ​ទេ គឺជា​មួយ​ជប៉ុន ជាមួយ​ឥណ្ឌា ជាមួយ​សហរដ្ឋអាមេរិក ធ្វើយ៉ាងណា​ឲ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​៥ នៅ​ទន្លេមេគង្គ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ធំៗ។

លោក សុខ ស៊ីផាន់ណា បាន​លើក​ឡើង​ដែរ​ថា សម្រាប់​ប្រទេស​កូរ៉េ កម្ពុជា​យើង​បាន​រក​ឃើញ​ទីផ្សារ​ផលិតផល​មួយ គឺ​ផ្លែស្វាយ ប៉ុន្តែ​ខាង​កសិកម្ម យើង​មាន​ស្រូវ តែ​នៅ​ប្រទេស​កូរ៉េ ក៏មាន​ស្រូវ​របស់​គេ​ដែរ ដូច្នេះ​ប្រទេស​នីមួយៗ​គេ​មាន​លក្ខណៈ​វិនិច្ឆ័យ​ខាង​កសិកម្ម​ប្លែកៗ​គ្នា ហើយ​បើ​យើង​ដឹកស្រូវ​ទៅ​ប្រទេស​របស់​គេ ក៏​ពិបាក​ដែរ ពីព្រោះ​មាន​រស់ជាតិ​ផ្សេងៗ​គ្នា ប៉ុន្តែ​កម្ពុជា​យើង​ស្វែង​សក្តានុពល​របស់​យើង​ថា​តើ​មាន​កសិផល​អ្វីដែល​អាច​នាំចេញ​បាន ហើយ​ជាមួយ​កូរ៉េ​យើង​មាន​ផ្លែស្វាយ ចំណែក​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត យើង​ត្រូវ​រក​ផលិតផល​ផ្សេងៗ​ទៀត​។​

លោក​បញ្ជាក់​ដែរ​ថា កិច្ចសហប្រតិបត្តិការ​មេគង្គ​-​កូរ៉េ​នេះ មិនសូវមាន​កញ្ចប់​ថ​វិការ​អ្វី​ធំ​ទេ វា​ជា​កិច្ច​សហប្រតិបត្តិការ​ផ្នែក​បច្ចេក​ទេ​ច្រើនជាង ហើយ​កម្ពុជា និង​កូរ៉េ​មាន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ផ្សេង តែ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​កូរ៉េ គឺ​ផ្តោតលើ​បញ្ហា​រួម ហើយ​អ្វីដែល​យើង​ប្រជុំ​នេះ គឺ​ផ្តោត​សំខាន់​លើ​ត្រៀមលក្ខណៈ​សំរាប់​ការប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​កាបរទេស​ទន្លេមេគង្គ និង​កូរ៉េ​នៅ​ខែកក្កដា ខាងមុខ នៅ​ប្រទេស​ឡាវ​៕

កម្ពុជា​បើក​កិច្ចពិភាក្សា​ ​ត្រៀមលក្ខណៈ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​ ទន្លេ​មេគង្គ និង​កូរ៉េ​ កម្ពុជា​បើក​កិច្ចពិភាក្សា​ ​ត្រៀមលក្ខណៈ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​ ទន្លេ​មេគង្គ និង​កូរ៉េ​ កម្ពុជា​បើក​កិច្ចពិភាក្សា​ ​ត្រៀមលក្ខណៈ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​ ទន្លេ​មេគង្គ និង​កូរ៉េ​