ហេតុអ្វី​បានជា​ស្ត្រី​មាន​ផ្ទៃពោះ​មិនសូវ​ឃ្លាន​អាហារ​?

ហេតុអ្វី​បានជា​ស្ត្រី​មាន​ផ្ទៃពោះ​មិនសូវ​ឃ្លាន​អាហារ​?

​ការ​មិនសូវ​ឃ្លាន​អាហារ ក្នុងអំឡុងពេល​នៃ​ការ​មានគភ៌ គឺជា​ស្ថានភាព​ទូទៅ​មួយ ដែល​ស្ត្រី​មាន​ផ្ទៃពោះ ជាច្រើន​តែង បាន​ធ្លាប់​ជួបប្រទះ ។ ដំណាក់កាល​ជា​បណ្តោះអាសន្ន​នេះ គឺ​មិន​បាន​ជះឥទ្ធិពល អាក្រក់​ដល់​សុខភាព​ម្តាយ និង ទារក​នោះទេ​។

​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ជាច្រើន បាន​រងគ្រោះ​ពី​ស្ថានភាព​នៃ រោគសញ្ញា​ជាធម្មតា​នៃ​ការ​មាន​គភ៌ មានដូចជា បញ្ហា​ចង្អោរ និង ក្អួត ក្នុងអំឡុងពេល​នៃ​ត្រីមាស​ទី​មួយ​។ នៅក្នុង​ត្រីមាស​ទី​ពីរ វា​គឺជា​ដំណាក់កាល​សំខាន់ បំផុត ដោយសារតែ​រាងកាយ​របស់​ស្ត្រី ចាប់ផ្តើម​ធ្វើ​ការសម្របសម្រួល​ទៅនឹង ការរីក​ធំធាត់​របស់​ស្បូន ។ ជាមួយនឹង អា​ការៈចាញ់កូន និង ការ​ក្អួត មាន​ស្ត្រី​មាន​ផ្ទៃពោះ​ជាច្រើន ក៏​អាច​នឹង​បាត់បង់​នូវ​ចំណង់ នៃ​ការ​ឃ្លាន​អាហារ​បានដែរ​។ នេះ​ជា​សភាព​ធម្មតា​មួយ ហើយ​វា​មិន​បណ្តាល អោយ​មាន​ការតក់ស្លុត អ្វី​នោះ​ទេ​។ ប្រសិនបើ កត្តា​នៃ​សារជាតិ​ចិញ្ចឹម​បំប៉ន នៅក្នុង​រាងកាយ ត្រូវ​បាន​ប៉ះពាល់​ដោយ​កត្តា រាងកាយ  នោះ​វា​គួរតែ​ត្រូវបាន​ធ្វើការ​ព្យាបាល អោយ​បាន​ភ្លាមៗ​។​

​មូលហេតុ​
​ចំណុច​ដែល​សំខាន់បំផុត ដែល​ធ្វើអោយ​អ្នក​ជួបនឹង​អាការៈ​នេះ​គឺ ដោយសារតែ​ការ​ក្អួតចង្អោរ​។ អា​ម្មណ៍ នៃ​ការ​ចង្អោ​រ គឺ​បាន​កាត់បន្ថយ នូវ​ចំណង់​នៃ​ការ​ឃ្លាន​អាហារ​។ ក្រៅពីនេះទៀត ការ​ក្អួត ក៏​អាច​ធ្វើអោយ មាន​ភាព​ពិបាក ក្នុងការ​កើន​ទម្ងន់ ឬ រក្សា​ទម្ងន់​រាងកាយ​អោយមាន​សុខភាព​ល្អ​បានដែរ​។​

​វា​នឹង​មាន​នូវ ភាពយឺតយ៉ាវ​ជាទូទៅ ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ ក្នុងអំឡុងពេល​នៃ​ត្រីមាស​ទី​ពីរ ។ ស​ភាពយឺតយ៉ាវ នេះ គឺ​ដោយសារតែ សម្ពាធ​របស់​ស្បូន បាន​ដាក់​ទៅលើ​ពោះវៀន​ផ្នែក​ខាងក្រោម ។ កត្តា​នេះ គឺ​អាច​កាត់បន្ថយ នូវ​ចំណង់​នៃ​ការ​ឃ្លាន​អាហារ និង បង្កើត​ជា​បញ្ហា​ទល់លាមក ក្នុងអំឡុងពេល​នៃ​ការ​មានគភ៌ ។ ការ​មាន​ផ្ទៃពោះ​គឺ​បាន នាំយក​មក​នូវ បញ្ហា​ជាច្រើន មានដូចជា កត្តា​ស្ត្រេ​ស​ចំពោះ​រាងកាយ​, ផ្លូវចិត្ត និង អរ​ម៉ូ​ន​។ កត្តា​ទាំង​នេះ អាច​ជា​មូលហេតុ​មួយ ដែល​ធ្វើអោយ​ស្ត្រី​មាន​ផ្ទៃពោះ មិន សូវ​មាន​អារម្មណ៍​ចង់ បរិភោគ​អាហារ​។​

​កត្តា​ផ្សេងៗ​ទៀត ដែល​ជះ​ឥទ្ធិពល ទៅ​ដល់​ការបាត់បង់ ចំណង់​នៃ​ការ​ឃ្លាន​អាហារ ក្នុងអំឡុង​ត្រីមាស ដំបូង រួមមាន​ដូចជា ការកើនឡើង​នូវ កម្រិត​នៃ​អរ​ម៉ូ​ន​ប្រូ​ហ្សេ​ស្តេ​រ៉ូន ។ អរ​ម៉ូ​ន​ប្រភេទ​នេះ គឺអាច ធ្វើអោយ​ដំណើរការ នៃ​ប្រព័ន្ធ​រំលាយ​អាហារ ទាំងអស់​មាន​សភាព​យឺត​យ៉ាវ​ជាង​មុន​បាន​។ ការកើនឡើង នៃ​ការ​បឺត​ស្រូប យកជាតិ​ទឹក នៅក្នុង​ពោះវៀន ក៏​អាច ពន្យឺត​ដល់​ដំណើរការ របស់​ប្រព័ន្ធ​រំលាយ​អាហារ បាន​ផង​ដែរ​។ ការ​លេបថ្នាំ​គ្រាប់​ជាតិ​ដែក ក្នុងអំឡុងពេល​នៃ​ការ​មាន​ផ្ទៃពោះ ក៏​អាច បង្កើន​នូវ​បញ្ហា​នេះ ដែល​វា​ក៏​នឹង​នាំអោយ​មាន នូវ​បញ្ហា​ទល់លាមក​បានដែរ​។​

​ការបាត់​ចំណង់​នៃ​ការ​ឃ្លាន​អាហារ នៅក្នុង​ត្រីមាស​ចុងក្រោយ ឬ ត្រី​មាន​ទី​បី ក៏​មាន​លក្ខណៈ​ជា​ទូទៅ ចំពោះ​ស្ត្រី​មួយចំនួន​ដែរ​។ ទារក​ក្នុង​ផ្ទៃ ដែល​កំពុង​បន្ត​រីក​ធំ​ធាត់ បានដាក់​សម្ពាធ​ទៅដល់​ក្រពះ ដែល​នឹង​នាំ​អោយ​ពួកគេ មិនសូវ​ឃ្លាន​អាហារ​ដូចពេលមុន ។ អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា ឆាប់​ឆ្អែត នៅពេលដែល ទារក បានធ្វើការ​សង្កត់​ទៅលើ​ក្រពះ ដែល​វា​នឹង​ធ្វើអោយ​អ្នក​ពិបាក ក្នុងកា​រញុំា​អាហារ អោយបាន​ច្រើន ។​

​ការ​ជំនះ​បញ្ហា​នៃ​ការ​មិន​ឃ្លាន​អាហារ​
​ការកំណត់​អោយបាន​ច្បាស់លាស់ និង ធម្មតា​មួយ អាច​ជួយ​អ្នក ក្នុង​ការ​យក​ឈ្នះ​នឹង អា​ការៈមិន ឃ្លាន​អាហារ ក្នុងអំឡុងពេល​នៃ​ការ​មានគភ៌ ។ ក្រៅពីនេះទៀត វា​អាច​នឹង​បង្កើន​នូវ​ចំណង់ នៃ​ការ​ឃ្លាន ដែល​វា​អាច​នឹង​ផ្តល់ ប្រយោជន៍​បាន​ដល់​ទាំង ម្តាយ និង ទារក​ក្នុង​ផ្ទៃ​។​
​នៅពេល​ដែល​អ្នក​បាន​ជួបប្រទះ នឹង​បញ្ហា​នៃ​ការ​មិន​ឃ្លាន​អាហារ ក្នុងអំឡុងពេល ដំណាក់កាល​ដំបូង នៃ​ការ​មាន​ផ្ទៃពោះ អ្នក​ត្រូវ​ធ្វើកា​រញុំា​អាហា​រម្តង​បន្តិចៗ ។ នៅពេល​ដែល​អ្នក បាន​បរិភោគ​អាហារ បែបនេះ គឺ​វា​នឹង​ជួយ​អោយ​អ្នក ឆ្អែត និង ជួយ​កាត់បន្ថយ​នូវ បញ្ហា​នៃ​ការ​ក្អួតចង្អោរ​។​
​អ្នក​មិន​ត្រូវ​បង្ខំ​ខ្លួនឯង អោយ​ញុំ​ា​អាហារ​នៅក្នុង​ពេល​ព្រឹក​ព្រលឹម​នោះទេ ។ អ្នក​អាច ព្យាយាម​ញុំ​ា​វា បន្តិច នៅក្នុង​ពេល​ថ្ងៃ ក្រោយមកទៀត ហើយ​អ្នក​ត្រូវ​ធ្វើការ បន្ថែម​នូវ​អាហារ និង ភេ​ស​ជ្ជះ​ដែល​ផ្តល់​ផល ល្អ​ចំពោះ​សុខភាព ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ដើម្បី​បំពេញ​បន្ថែម នូវ​ការបាត់បង់​សារធាតុចិញ្ចឹម​បំប៉ន ដែល​អ្នក​មិន​បាន​ទទួល នៅក្នុង​ពេល​ព្រឹក ។​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ស្ថិត​ក្នុង​ដំណាក់កាល​ទី​ពីរ ដែល​កំពុង​ប្រឈម នឹង​បញ្ហា​នៃ​ការ​មិន​ឃ្លាន​អាហារ គួរ​ធ្វើការ​ផឹកទឹក អោយបាន ៨ ទៅ ១០​កែវ ជា​រៀងរាល់ថ្ងៃ​។ អ្នក​ក៏ត្រូវ​បន្ថែម​ផងដែរ នូវ​បន្លែ​ស្លឹក​ពណ៌​បៃតង និង អាហារ​ដែល​សម្បូរ​ជាតិ​ស​សៃ អោយបាន​ច្រើន ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក ។​

​ស្ត្រី​មាន​ផ្ទៃពោះ គួរ​ចៀសវាង​នូវ​អាហារ ដែល​មាន​ជាតិ​ខ្លាញ់ ដែល​វា​ពិបាក​ក្នុង​ការរំលាយ និង បាន ទប់ស្កាត់​នូវ​ចំណង់​នៃ​ការ​ឃ្លាន​។ បន្ត​នូវ កា​រញុំា​អាហារ​បន្តិចៗ អោយបាន ៥ ទៅ ៧​ដង ក្នុង​ពេល​ថ្ងៃ ជំនួស អោយ​អាហារ​សំខាន់​ធំៗ ពីរ​ពេល​។ អ្នក​គួរ​បន្ត​អនុវត្ត នូវ​វិធានការណ៍​នេះ ប្រសិនបើ​អ្នក នៅ​បន្ត មាន​អា​ការៈនៃការ​មិន​ឃ្លាន​អាហារ នេះ​រហូត​ដល់​ត្រីមាស​ចុងក្រោយ​នៃ​ការ​មានគភ៌ ។​

​នៅពេល​ដែល​អ្នក​បន្ត ជួបប្រទះ​នូវ​បញ្ហា​នេះ និង វា​មិន​អាច​ធ្វើអោយ​អ្នក ទទួលបាន​នូវ សារជាតិ​ចិញ្ចឹម បំប៉ន​បាន​គ្រប់គ្រាន់ នោះ​អ្នក​ត្រូវ​ប្រញាប់​ទៅ​ជួប​នឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើការ​ពិ​ភ្សា​ពី បញ្ហា​នេះ អោយបាន​ជា​បន្ទាន់​។ ការ​ស្រក​ទម្ងន់ និង ការបាត់បង់​ជាតិ​ទឹក ដោយសារ​តែ​បញ្ហា​នៃ​ការ​មិន​ឃ្លាន​អាហារ គឺ​ពិតជា​គ្រោះថ្នាក់ ចំពោះ​ម្តាយ និង គ​ភ៌​។ ស្ត្រី​មាន​ផ្ទៃពោះ គួរ​បរិភោគ​នូវ របប​អាហារ​ដែល​រួមមាន​ដូចជា ចេក​, អង្ករ​, ទឹក​ប៉ម និង នំ​បុ័ង​ដុត​។ អាហារ​ទាំងនេះ គឺ​អាច​ផ្តល់អោយ​អ្នក​នូវ សារធាតុចិញ្ចឹម​បំប៉ន បាន​គ្រប់គ្រាន់ និង មិន​បាន​ផ្តល់​ផល​រំខាន​អ្វី ដល់​ក្រពះ​នោះទេ​។ ម្យ៉ាងទៀត ក្លិន​របស់​វា កម្រ​នឹង​ធ្វើ អោយ​ស្ត្រី​មាន​ផ្ទៃពោះ ចង់​ចង្អោរ​បាន ។ ស្ត្រី​មាន​ផ្ទៃពោះ ទាំងឡាយ​គួរ​ធ្វើ​ការចៀសវាង នូវ​អាហារ​ដែល មាន​រសជាតិ​ហិល​, ស៊ុត និង ត្រី តាម​ដែល​ពួកវា ជា​គន្លឹះ​ជម្រុញ​នាំអោយមាន អាការៈ​ក្អួតចង្អោរ និង បាត់បង់​ចំណង់​នូវ ការ​ឃ្លាន​អាហារ ក្នុងពេល​មាន​គភ៌​បាន​។ នៅក្នុង​ករណី​ខ្លះទៀត ស្ត្រេ​សក៏អាច ធ្វើអោយ​ស្ត្រី​មាន​អារម្មណ៍​មិនសូវ​ឃ្លាន​អាហារ ឬ មិន​ចង់​ញុំ​ា​អ្វី​ទាល់តែ​សោះ ។​

​ធ្វើ​ការពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួលបាន​នូវ ការណែនាំ​ដ៏​ត្រឹមត្រូវ សម្រាប់​របប​អាហារ ដែល​ផ្តល់​ផល​ល្អ ក្នុងអំឡុងពេល​នៃ ការ​មាន​ផ្ទៃពោះ​។ នោះ​ក្នុងពេល​ឆាប់ៗ អ្នក​នឹង​អាច​យកឈ្នះ​នូវ បញ្ហា​នេះ​បាន នឹង ទទួលបាន​នូវ​សុខភាព​ដ៏​ល្អប្រសើរ ចំពោះ​ទាំង​ម្តាយ និង ទារក​នៅ​ក្នុង​ផ្ទៃ មិនខានឡើយ ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។