អនុប្រធាន​បក្ស​ជួប​បញ្ហា​ផ្ទួនៗ​ ខណៈ​ប្រធាន​បក្ស​ប្រឆាំង​កំពុង​គេចខ្លួន​នៅ​បរទេស​ ក្រោម​សម្ពាធ​អ្នកគាំទ្រ​បក្ស​កាន់​អំណាច​ និង​តុលាការ​

​ការ​សម្រេច​ចូល​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​បំពេញ​បង្គ្រប់​សមាជិក​រដ្ឋសភា​ជា​តំណាងរាស្ត្រ​ចំនួន​១២៣​នាក់​ក្តី​ ការ​ប្រើប្រាស់​ "​វប្បធម៌​សន្ទនា​"​ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ក្តី​ និង​ការ​ទទួលទាន​បាយ​សាមគ្គី​លក្ខណៈ​គ្រួសារ​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ក្តី​…​ គឺ​មិន​បាន​បង្ហាញ​រូបភាព​ផ្អែមល្ហែម​ ល្អូក​ល្អឺ​ន​ជាម​ហា​គ្រួសារ​ខ្មែរ​ពិតប្រាកដ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​ ដោយ​ថ្នាក់ដឹកនាំ​ជា​ប្រធាន​ និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ និង​ជា​អ្នកតំណាង​រាស្ត្រ​មាន​អភ័យឯកសិទ្ធិ​សភា​ផង​ បាន​ជួប​ប្រទះ​នឹង​បញ្ហា​មិន​ឈប់​ឈរ​ ក្រោម​សម្ពាធ​របស់​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ផ្តាច់មុខ​នៅ​កម្ពុជា​ និង​ស្ថាប័ន​តុលាការ​ ដែល​មាន​ទម្លាប់​វិនិច្ឆ័យ​សេចក្តី​តាម​របៀប​ "​រេ​តាម​ខ្យល់​"​ ។​

​តួយ៉ាង​ ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ត្រូវ​បាន​ក្រុម​មនុស្ស​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​បាតុកម្ម​ទម្លាក់​ចេញពី​មុខ​តំណែង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា​ នីតិកាល​ទី​៥​ រហូត​ត្រូវ​បាន​សភា​គណបក្ស​ប្រជាជន​កម្ពុជា​បោះ​ឆ្នោត​ដក​តំណែង​ឯកឧត្តម​ កឹ​ម​ សុខា​ ពី​អនុប្រធាន​ទី​១​រដ្ឋសភា​បាន​សម្រេច​ នា​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៥​ ។​ ដោយឡែក​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ត្រូវ​បាន​ស្ថាប័ន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នា​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ដោយ​សំអាង​លើ​សំណុំរឿង​ចាស់​ជាមួយ​ឯកឧត្តម​ ហោ​ ណាំ​ហុង​ អតីត​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ បរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​ ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០០៨​ ហើយ​ក៏​ត្រូវ​បាន​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ថា​ បាត់បង់​នូវ​សិទ្ធិ​ បុព្វសិទ្ធិ​ និង​សមាជិកភាព​ជា​សមាជិក​រដ្ឋសភា​ទាំងស្រុង​ នា​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ខណៈ​កំពុង​និរទេស​គេចខ្លួន​នៅ​បរទេស​ទល់​សព្វថ្ងៃ​ ។​ ក្រៅពី​នេះ​ នៅ​មាន​សំណុំរឿង​ច្រើន​ទៀត​ត្រូវ​បាន​គេ​កសាង​ឡើង​សំដៅ​ប្រឆាំង​នឹង​លោក​ សម​ រ​ង្ស៊ី​ ។​

​តម​ក​ទៀត​ ព្រោះតែ​ពាក់ព័ន្ធ​ទៅ​នឹង​សំណុំរឿង​ស្នេហា​លួចលាក់​ជាមួយ​នារី​ម្នាក់​ដែល​គេ​កសាង​គាស់កកាយ​ឡើង​នា​ដើមឆ្នាំ​២០១៦​ និង​ក្លាយ​ខ្លួន​ជា​សាក្សី​ តែ​រឹងរូស​មិន​ចូល​ឆ្លើយ​បំភ្លឺ​តុលាការ​ផង​នោះ​ ឯកឧត្តម​ កឹ​ម​ សុខា​ ក៏​ត្រូវ​បាន​ស្ថាប័ន​តុលាការ​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ស្វែងរក​ចាប់ខ្លួន​តាំងពី​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ បដិសេធ​ក្នុង​ការ​ចូលខ្លួន​តាម​បញ្ញត្តិ​មាត្រា​៥៣៨​ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប៉ុន្តែ​មិន​ទាន់​ចាប់ខ្លួន​បាន​ ។​

​សរុបសេចក្តី​មក​ ទាំង​ប្រធាន​ ទាំង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ និង​ឯកឧត្តម​ កឹ​ម​ សុខា​ (​បច្ចុប្បន្ន​ប្រធាន​ស្តីទី​គណបក្ស​)​ សុទ្ធតែ​ឋិត​ក្នុង​មុខសញ្ញា​តាម​ប្រមាញ់​ចាប់ខ្លួន​ពី​សំណាក់​សមត្ថកិច្ច​ តាម​ការ​បង្គាប់​របស់​ស្ថាប័ន​តុលាការ​ ក្រោម​សម្ពាធ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ពេញទំហឹង​ ៕​

អនុប្រធាន​បក្ស​ជួប​បញ្ហា​ផ្ទួនៗ​ ខណៈ​ប្រធាន​បក្ស​ប្រឆាំង​កំពុង​គេចខ្លួន​នៅ​បរទេស​ ក្រោម​សម្ពាធ​អ្នកគាំទ្រ​បក្ស​កាន់​អំណាច​ និង​តុលាការ​

អនុប្រធាន​បក្ស​ជួប​បញ្ហា​ផ្ទួនៗ​ ខណៈ​ប្រធាន​បក្ស​ប្រឆាំង​កំពុង​គេចខ្លួន​នៅ​បរទេស​ ក្រោម​សម្ពាធ​អ្នកគាំទ្រ​បក្ស​កាន់​អំណាច​ និង​តុលាការ​

Related