​អ្នក​ដែល​វាយ​តំណាងរាស្ត្រ​បក្សប្រឆាំង ជាប់ឃុំ​តែ​៥​ខែ​ទៀត​ប៉ុណ្ណោះ និពន្ធដោយ : ម៉ៅ សុផា       27-05-2016, 9:19 pm         37

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377​អ្នក​ដែល​វាយ​តំណាងរាស្ត្រ​បក្សប្រឆាំង ជាប់ឃុំ​តែ​៥​ខែ​ទៀត​ប៉ុណ្ណោះ​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ឧសភា​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម ដោយ​សម្រេច​ឲ្យ​ជនដៃដល់​៣​នាក់ ដែល​វាយដំ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ជាប់ពន្ធនាគារ​ចំនួន​៤​ឆ្នាំ​។ ប៉ុន្តែ​តុលាការ កំណត់​ឲ្យ​អ្នក​ទាំង​៣​រូប អនុវត្ត​ច្បាប់​តែ​១​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ទោស​៣​ឆ្នាំ​ទៀត ត្រូវបាន​ព្យួរ​។ តំណាងរាស្ត្រ​ដែល​រងគ្រោះ​ដោយ​អំពើហិង្សា ក្បែរ​វិមាន​រដ្ឋសភា កាលពី​ថ្ងៃទី​២៦  ខែតុលា​ការ ឆ្នាំ​២០១៥ ថា​សាលក្រម​របស់​តុលាការ មាន​ភាពអយុត្តិធម៌​យ៉ាងខ្លាំង​សម្រាប់​ពួកលោក​ទាំង​២ ។​

​កាលពី​ដើមខែ វិច្ឆិកា ឆ្នាំ​២០១៥ ពិរុទ្ធជន​ទាំង​៣​នាក់ បាន​ស្ម​គ្រ​ចិត្ត​ចូលខ្លួន​សារភាព​ពី​ទោសកំហុស​របស់​ពួកគេ ដែល​ព្រួត​គ្នា​ប្រើ​កម្លាំងបាយ​លើ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​២​រូប គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន​។ បន្ទាប់ពី​បញ្ចប់​ការសាកសួរ សមត្ថកិច្ច ក៏​សម្រេច​បញ្ចូល​ពួកគេ​ទៅកាន់​ពន្ធនាគារ​ព្រៃ​ស​។

​រហូតមកដល់​ពេលនេះ អ្នក​ទាំង​៣​រូប អនុវត្ត​ទោស​របស់ខ្លួន បាន​ប្រមាណ​៧​ខែ​ហើយ​។ ដូច្នេះ​ពួកគេ នឹង​ត្រូវបាន​ដោះលែង បន្ទាប់ពី​ឃុំឃាំង​ចំនួន​៥​ខែ​ទៀត ដើម្បី​បង្គ្រប់​រយៈ​១​ឆ្នាំ ដែល​សាលក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​។ ជាងនេះទៀត សាលក្រម ក៏បាន​កំណត់​ឲ្យ​ពិរុទ្ធជន​ទាំងនោះ បង់ប្រាក់​ចូល​រដ្ឋ (​ផ្នែក​ព្រហ្មទណ្ឌ​) ចំនួន​៦​លាន​រៀល ក្នុង​ម្នាក់ៗ ហើយ​ផ្តល់​សំណង​រួមគ្នា (​ផ្នែក​រដ្ឋប្បវេណី​)  ចំនួន​៨០​លាន​រៀល ជូន​លោក គង់ សភា និង​លោក ញ៉យ ចំរើន ដែលជា​ជនរងគ្រោះ​។​

​លោក គង់ សភា និង​លោក ញ៉យ ចំរើន ចាត់ទុក​សាលក្រម​របស់​តុលាការក្រុង​ភ្នំពេញ ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកលោក​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក គង់ សភា មានការ​ហួសចិត្ត និង​មិនអាច​ទទួលយក​បានឡើយ ចំពោះ​សាលក្រម​នេះ​។

​លោក បន្ថែមទៀតថា ទំហំ​នៃ​ការផ្តន្ទាទោស និង​អង្គ​ហេតុដែល​ពិរុទ្ធជន​ទាំង​៣ បាន​ប្រព្រឹត្ត មិន​ស៊ីចង្វាក់​គ្នា​ទេ​។ លោក គង់ សភា បន្តថា ពួកលោក រង​នូវ​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ ពី​ក្រុម​ជនដៃដល់ តែ​តុលាការ​បែរជា​ដាក់ទោស​បន្តិចបន្តួច​លើ​ពួកគេ ទៅវិញ​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​អារម្មណ៍​ខ្ញុំ​ពេលនេះ គឺ​អាណិត​ប្រទេសជាតិ​ណាស់​។ យើង​ងើប​ពី​សង្គ្រាម​មក គួរតែ​រស់នៅ​ដោយ​ទទួលបាន​យុត្តិធម៌ តែ​តុលាការ​ក្នុងប្រទេស​យើង បែ​ជា​មានមុខ​២ ឬ​ស្តង់ដា​២​ដូច្នេះ​។ ហើយ​បើ​ចង់បាន​តុលាការ​យុត្តិធម៌ ទល់​យើង​ផ្លាស់ប្តូរ​ជាមុនសិន​»​។

​បើទោះបីជា​តុលាការ សម្រេច​ឲ្យ​អ្នក​ទាំង​៣ បង់ប្រាក់ ដោយ​មិន​គ្រប់​ចំនួន​១០០​លាន​រៀល តាម​ការទាមទារ​រប​ស់លោក គង់ សភា និង​លោក ញ៉យ ចំរើន ក៏ដោយ តែ​លោក​ទាំង​២ មិន​សៅហ្មង​នោះទេ​។ លោក គង់ សភា អះអាងថា ពួកលោក​ទាំង​២ មិន​យកប្រាក់​ជាធំ​នោះទេ តែ​អ្វីដែល​សំ​ខាត់​បំផុត គឺ​តុលាការ មាន​ភាព​សុក្រឹត​និង​ឯករាជ្យ ក្នុងការ​អនុវត្ត​ច្បាប់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប​។

​លោក គង់ សភា និង​លោក ញ៉យ ចំរើន នឹង​ពិភាក្សា​ជាមួយ​ក្រុម​មេធាវី​របស់ខ្លួន ដើម្បី​សម្រេច​ថា​ប្តឹងទៅ​សាលាឧទ្ធរណ៍​ឬ​យ៉ាងណា មុននឹង​សាលក្រម​របស់​តុលាការ​ជាន់​ទាប​ចូល​ជា​ស្ថាពរ​។ បើទោះបីជា​លោក​ទាំងពី មានបំណង​ចង់​បន្ត​សំណុំ ទៅ​សាលា​ឧ​ទ្ធ​រ​ណ៏​ក៏ដោយ តែ​ពួកគាត់ ពុំមាន​ក្តីសង្ឃឹម​សូម្បីតែ​បន្តិច ថា​តុលាការ​ជាន់ខ្ពស់ នឹង​អាច​ផ្តល់​យុត្តិធម៌​ដល់​ខ្លួន​។ នេះ​បើតាម​ការបន្ថែម​របស់​លោក គង់ សភា​៕