លោក ថេ​ន សេន រៀបចំ​ជើង​ព្រួល​ដើម្បី​ជោគជ័យ​ការបោះឆ្នោត​ឆ្នាំ​២០២០ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       27-05-2016, 8:59 pm         178

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377លោក ថេ​ន សេន រៀបចំ​ជើង​ព្រួល​ដើម្បី​ជោគជ័យ​ការបោះឆ្នោត​ឆ្នាំ​២០២០​អតីត​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក ថេ​ន សេន បាន​ប្រាប់​សមាជិក​គណបក្ស​ស​ហ​ភាព រួបរួម និង​អភិវឌ្ឍន៍ ឲ្យ​កែទម្រង់​ខ្លួនឯង ដើម្បី​ឈានទៅរក​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២០​។ ការប្រកាស​នេះ គឺជា​សញ្ញា​ខ្លាំង​មួយ​បញ្ជាក់ថា លោក ថេ​ន សេន កំពុងតែ​ព្យាយាម​វា​យក​យកជ័យ​ជម្នះ​ត្រលប់​មកវិញ បន្ទាប់​ចាញ់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៥​។​

​ប្រមុខ​គណបក្ស​សហភាព រួបរួម និង​អភិវឌ្ឍន៍ លោក ថេ​ន សេន បាន​ទទូច​ឲ្យ​សមាជិក​បក្ស​លោក ត្រូវ​កែប្រែ​ទម្លាប់​ពីមុន ដើម្បី​ដណ្ដើម​ជោគជ័យ​ក្នុង​អាណត្តិ​ក្រោយ​។ លោក ថេ​ន សេន ទើបតែ​ត្រលប់មក​ទទួលខុសត្រូវ​ការងារ​បក្ស​វិញ បន្ទាប់ពី​ផ្ទេរអំណាច​ប្រធានាធិបតី ទៅ​ឲ្យ​លោក ធិ​ន ច មកពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដែល​ឈ្នះ​ការបោះឆ្នោត​ឆ្នាំ​២០១៥​។​

​ក្នុងជំនួប​ជាមួយ​សមាជិក​បក្ស​ជាង​៥០០​នាក់ នៅ​ទីក្រុង​រ៉ង់​ហ្គោ​ន កាលពី​ថ្ងៃទី​២៣ ខែឧសភា លោក ថេ​ន សេន និយាយថា មាន​មូលហេតុ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​យើង​ចាញ់ តែ​មូលហេតុ​សំខាន់​គឺ​កំសោយ​នៅ​ថា្នក់​ដឹកនាំ​កណ្ដាល និង​មន្ត្រី​ថ្នាក់ទាប​។ លោក​បន្តថា សមាជិក​ត្រូវ​សហការគ្នា ដើម្បី​ពិនិត្យឡើងវិញ​ចន្លោះប្រហោង​កន្លងមក និង​កែទម្រង់​ក្នុង​បក្ស សំដៅ​ទទួលជោគជ័យ​ក្នុងការ​បោះឆ្នោត​លើក​ក្រោយ​។  

​អតីត​ប្រធានាធិបតី​រូបនេះ​បន្ត​ដែរ​ថា លោក​ទទួលខុស​ត្រូវចំ​ពោះ​បរាជ័យ ហើយ​លោក​នឹង​ជួយ​គណបក្ស​ម្ដងទៀត ដើម្បី​ជោគជ័យ​នាពេលខាងមុខ ដែល​នេះ​ជា​មូលហេតុ​សំខាន់​ដែល​លោក​ត្រលប់មក​គ្រប់គ្រង​បក្ស​វិញ​។ លោក ថេ​ន សេន សង្កត់ធ្ងន់​ដែរ​ថា ការ​ចាញ់ឆ្នោត​ឆ្នាំ​២០១៥ អាចជា​កំហុស​របស់​អ្នក​ដែល​ទទួលខុសត្រូវ​ក្នុងការ​អនុវត្ត​គោលនយោបាយ​របស់​បក្ស​។

«​ដោយសារ​គោលនយោបាយ​របស់​យើង សមស្រប​ទាំង​ពេល​អតីតកាល បច្ចុប្បន្នកាល និង​ពេលអនាគត ដូច្នេះ​យើង​គ្រាន់តែ​ពង្រឹងសមត្ថភាព​ក្នុងការ​អនុវត្ត​នយោបាយ​ទាំងអស់​ប៉ុណ្ណោះ​»​។ នេះ​គឺជា​ការលើកឡើង​របស់​លោក ថេ​ន សេន ដែល​ត្រូវបាន​ដកស្រង់​ដោយសារ​ព័ត៌មាន​មី​យ៉ាន់​ម៉ា The Irrawaddy ។​

​ជាមួយគ្នានេះ បើតាម​ប្រភព​ជិតស្និទ្ធ​នឹង​គណបក្ស​នេះ មន្ត្រី​ថ្នាក់ក្រោម​របស់​គណបក្ស​នេះ នៅ​ទូទាំងប្រទេស បានជ្រើសរើស​សមាជិក​គណៈកម្មាធិការ​ថ្មី ខណៈដែល​នឹងមាន​ការជួបប្រជុំ​មន្ត្រីជាន់ខ្ពស់ និង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាល​ប​ក្ស ដែល​គ្រោង​នឹង​រៀបចំ​នៅ​ខែកក្កដា ឬ​ខែសីហា​ខាងមុខ​។ គេ​រំពឹង​ដែរ​ថា ក្នុង​កិច្ចប្រជុំ​នេះ នឹងមាន​ការផ្លាស់ប្ដូរ​តំណែង​មន្ត្រីជាន់ខ្ពស់​របស់​បក្ស​ផងដែរ​។​

​សូម​រម្លឹកថា គណបក្ស​សហភាព រួបរួម និង​អភិវឌ្ឍន៍ បាន​រង​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ ក្នុងការ​បោះឆ្នោត​ទូទៅ​ក្នុង​ឆ្នាំ​២០១៥ ខណៈ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ទទួលជោគជ័យ​ភ្លូកទឹកភ្លូកដី​។ ចំណែក ការផ្ទេរអំណាច​ក៏​ទើបតែ​បញ្ចប់​ដោយ​សន្តិភាព អស់​រយៈពេល​មួយខែ​ហើយ​ដែរ​៕