សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​ជនសង្ស័យ​ ៨​នាក់ ជា​បន្តបន្ទាប់ និង​គ្រឿងញៀន​៣​កញ្ចប់

សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​ជនសង្ស័យ​ ៨​នាក់ ជា​បន្តបន្ទាប់ និង​គ្រឿងញៀន​៣​កញ្ចប់



ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន ០៨​នាក់ ហើយ​និង​ថ្នាំញៀន​ចំនួន ០៣​កញ្ចប់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ​ បានធ្វើ​ការឃាត់​ខ្លួន​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង ១១​និង​០០​នាទី​យប់ ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ។

លោក ឯក សេរី​វុ​ធ អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ បាន​ប្រាប់​ភ្នាក់ងារ​កម្ពុ​ជាថ្មី​ថា នៅ​យប់​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦​នេះ កម្លាំង​សមត្ថកិច្ច​យើង​បាន​នឹង​កំពុង​ជិះ​ល្បាត​ ជុំវិញ​មូលដ្ឋាន ស្រាប់តែ​បាន​ប្រទះឃើញ​ជនសង្ស័យ​ ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ហើយ​បាន​ដកហូត​ថ្នាំញៀន ០៣​កញ្ចប់ ព្រមទាំង​ម៉ូតូ​ចំនួន ០៣​គ្រឿង ក្រោយមក​កម្លាំង​សមត្ថកិច្ច​ក៏បាន​ចាប់បញ្ជូន​ខ្លួន​ មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដើម្បី​សួរនាំ​បន្ត។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០៨​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​ ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន ​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់៕