លោក​​​ កឹម សុខា គេច​​​ផុត​​​ពី​​​ការ​​​​​​ចាប់​​​ខ្លួន​​​ ខណៈ​​​ស្ថាន​​​ទូត​​​​​​សហ​​​រដ្ឋ​​​អាមេរិក ​​​​​​​​​រិះ​​​គន់​​​​​​​​​ការ​​​​​​សម្ញែង​​​កង​​​កម្លាំង​​​​​​ប្រដាប់​​​អាវុធ

នគរបាលប្រដាប់អាវុធបានទៅកាន់ទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិនៅក្នុងរាជធានីភ្នំពេញ ដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីម្សិលមិញ ដោយអះអាងថា មានដីកាចាប់ខ្លួនលោក កឹម សុខា អនុប្រធានរបស់គណបក្សនេះ មិនយូរប៉ុន្មានបន្ទាប់ពីរថយន្តមួយគ្រឿងក្នុងចំណោមរថយន្តរបស់លោកត្រូវបានឃាត់ឲ្យឈប់ដើម្បីឆែកឆេរ។ លោក កឹម សុខា បានធ្វើព្រងើយកន្តើយចំពោះដីកាកោះជាច្រើនលើករបស់តុលាការក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះឲ្យចូលខ្លួនឆ្លើយសំណួរពាក់ព័ន្ធរឿងស្នេហាលួចលាក់ដែលគេចោទថាកើតឡើងរវាងលោកនិងអ្នកធ្វើសក់ម្នាក់។ ការស៊ើបអង្កេតយ៉ាងសកម្មនិងបើកចំហជាសាធារណៈរបស់រដ្ឋាភិបាលលើទំនាក់ទំនងស្នេហាលួចលាក់នេះត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា មានហេតុផលនយោបាយ។ នៅម៉ោងប្រហែល១២និង៣០នាទីរសៀលម្សិលមិញ ក្បួនរថយន្តរបស់នគរបាលបានទៅដល់អគារការិយាល័យរបស់គណបក្សសង្គ្រោះជាតិក្នុងខណ្ឌមានជ័យ ហើយមន្ត្រីនគរបាលជាង១០នាក់បានចេញពីរថយន្តដោយដៃមានកាន់សុទ្ធតែកាំភ្លើងវែង។ សន្តិសុខយាមទីស្នាក់ការរបស់គណបក្សសង្គ្រោះជាតិបានសួរនគរបាលទាំងនេះថា “តើអស់លោកមកហ្នឹងមានដីកាចាប់ខ្លួនដែរឬទេ? តើដីកាចាប់ខ្លួននៅឯណា?”។ មន្ត្រីនគរបាលម្នាក់ក្នុងចំណោមមន្ត្រីនគរបាលទាំងនេះបានឆ្លើយថា “ដីកាចាប់ខ្លួននៅនឹងព្រះរាជអាជ្ញា”។ បន្ទាប់មក នគរបាលបានដើរចូលទៅក្នុងបរិវេណទីស្នាក់ការរបស់គណបក្សនេះ ជាកន្លែងដែលពួកគេបាននិយាយមួយភ្លែតជាមួយប្រធានសន្តិសុខនៅទីនោះឈ្មោះ ឡុង រី មុនពេលចាកចេញទៅវិញ។ លោក ឡុង រី បានបដិសេធមិននិយាយរៀបរាប់អំពីការជជែករបស់គាត់ជាមួយមន្ត្រីនគរបាលទាំងនោះឡើយ។ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា អាជ្ញាធរព្យាយាមចាប់ខ្លួនលោក កឹម សុខា នៅប៉ុន្មាននាទីមុនដោយឃាត់រថយន្តមួយគ្រឿងក្នុងចំណោមរថយន្តរបស់លោកឲ្យឈប់នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម។ លោកបានមានប្រសាសន៍ថា “ពួកគេបានឆែកឆេររថយន្តេនះដើម្បីព្យាយាមចាប់គាត់ ប៉ុន្តែពួកគេរកគាត់មិនឃើញទេ ព្រោះនៅក្នុងរថយន្តនោះមានតែភរិយារបស់គាត់ប៉ុណ្ណោះ។ បន្ទាប់ពីឆែកឆេររថយន្តនេះអស់រយៈពេលប្រហែល១០នាទី ពួកគេបានអនុញ្ញាតឲ្យរថយន្តេនះធ្វើដំណើរបន្ត”។ លោក អេង ឆៃអា៊ង លើកឡើងទៀតថា លោក កឹម សុខា បានធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិអំឡុងពេលព្រឹក ប៉ុន្តែបានចាកចេញមុនពេលនគរបាលមកដល់។ […]

The post លោក​​​ កឹម សុខា គេច​​​ផុត​​​ពី​​​ការ​​​​​​ចាប់​​​ខ្លួន​​​ ខណៈ​​​ស្ថាន​​​ទូត​​​​​​សហ​​​រដ្ឋ​​​អាមេរិក ​​​​​​​​​រិះ​​​គន់​​​​​​​​​ការ​​​​​​សម្ញែង​​​កង​​​កម្លាំង​​​​​​ប្រដាប់​​​អាវុធ appeared first on The Cambodia Daily.