ឆេះ​ម៉ាស៊ីន​ប្រតិកម្ម​យន្ដហោះ «Korean Air» ត្រូវ​ជម្លៀស​អ្នក​ដំណើរ​ជា​បន្ទាន់

អ្នកដំណើរទាំងអស់ នៃយន្ដហោះប៊ូអីង (Boeing) មួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ កូរ៉េអ៊ែរ (Korean Air) ត្រូវ​បាន​ជម្លៀស​ចេញ​ជាបន្ទាន់ បន្ទាប់ពីម៉ាស៊ីនប្រតិកម្មម្ខាង​របស់​យន្ដហោះ បានឆេះ​ជាអណ្ដាតភ្លើង​ឡើង ខណៈ​យន្ដហោះ​ហៀប​ហោះ​ងើបខ្លួន ពីព្រលាន​យន្ដហោះ​អន្តរជាតិ នៃរាជធានីតូក្យូ ប្រទេសជប៉ុន ក្នុងថ្ងៃ​សុក្រនេះ។ អ្នក​ដំណើរ​ទាំង​៣០២នាក់ រួមជាមួយនឹងអ្នកបម្រើការ នៅលើយន្ដហោះទាំង១៦នាក់ មិនបានរងរបួសអ្វីឡើយ។
ឆេះ​ម៉ាស៊ីន​ប្រតិកម្ម​យន្ដហោះ «Korean Air» ត្រូវ​ជម្លៀស​អ្នក​ដំណើរ​ជា​បន្ទាន់

ទិដ្ឋភាពយន្ដហោះប៊ូអីង របស់ក្រុមហ៊ុន កូរ៉េអ៊ែរ បន្ទាប់ពីអគ្គិភ័យត្រូវបានពន្លត់រួចរាល់។ (រូបថតផ្តិតពីវីដេអូ)

យន្ដហោះប្រភេទប៊ូអីង (Boeing 777-300 ) នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកូរ៉េខាងត្បូង ឈ្មោះ «Korean Air» បានគ្រោងនឹងហោះចេញ ពីព្រលានយន្ដហោះអន្តរជាតិ «Tokyo-Haneda» នៅថ្ងៃសុក្រទី២៧ ខែឧសភា ឆ្នាំ ២០១៦​នេះ នៅវេលាម៉ោង ១២ និង២០នាទីថ្ងៃត្រង់។ យន្ដហោះដែលមានផ្ទុកមនុស្ស ចំនួន៣១៨នាក់នេះ នឹង​ត្រូវ​ទៅ​ចុះចត នៅព្រលានយន្ដហោះ «Seoul-Gimpo» របស់ប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែនៅពេលយន្ដហោះ ហៀប​ងើប​ខ្លួន​ពីដី​នោះ ហេតុការណ៍ដ៏ភ័យភិត​មួយបានកើតឡើង។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនអាកាសចរណ៍ខ្លួនឯង បានឲ្យដឹងថា អគ្គិភ័យបានកើតឡើង ទៅ​លើ​ម៉ាស៊ីន​ប្រតិកម្មលេខ១ នៅនឹងស្លាបផ្នែកខាងឆ្វេង ខណៈយន្ដហោះកំពុងរត់ នៅលើផ្លូវព្រលានយន្ដហោះ។ ការបង្ហើបខ្លួនពីដីរបស់យន្ដហោះ ត្រូវបានបញ្ឈប់ភ្លាម ហើយអ្នកដំណើរទាំងអស់ ត្រូវបានជម្លៀស​ចេញ​តាម​រយៈ​ពោង​សង្គ្រោះ​បន្ទាន់ មុននឹងត្រូវបានទទួលបន្ទុក ដោយក្រុមអ្នកជួយសង្គ្រោះ។

មិនមានអ្នករងរបួស ឬរងគ្រោះណាមួយ ត្រូវបានរាយការណ៍ឲ្យដឹងទេ។ តែសារព័ត៌មានក្នុងស្រុក បានលើក​ឡើង​ថា មានមនុស្សជាង៣០នាក់ បានវិលមុខ ឬឈឺក្បាល។ រីឯអគ្គិភ័យវិញ ត្រូវបានពន្លត់ដោយ​កងកម្លាំង​លត់​អគ្គិភ័យ​​របស់​ព្រលានយន្ដហោះ ដោយប្រើរយៈពេល​តែប៉ុន្មាននាទីប៉ុណ្ណោះ។

ឆេះ​ម៉ាស៊ីន​ប្រតិកម្ម​យន្ដហោះ «Korean Air» ត្រូវ​ជម្លៀស​អ្នក​ដំណើរ​ជា​បន្ទាន់

ក្រុមហ៊ុនអាកាសចរណ៍ «Korean Air» បានអះអាងទៀតថា អ្នកដំណើរទាំងអស់ ត្រូវបានអញ្ជើញឲ្យឡើង​យន្ដហោះ​ប៊ូអ៊ីង (Boeing 747-400) មួយទៀត ដែលនឹងត្រូវចាកចេញ ពីរាជធានីតូក្យូ នៅម៉ោង១៦ រសៀល​ថ្ងៃ​ដដែល។ យន្ដហោះក្រោយនេះ នឹងទៅដល់ព្រលានយន្ដហោះ «Seoul-Gimpo» នៅវេលាម៉ោង១៨ និង​០៥​នាទី។ សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមថា មូលហេតុដែលបង្កឲ្យមានហេតុការណ៍នេះ នឹងត្រូវ​អង្កេត​ឲ្យ​បានល្អិត​ល្អន់ នៅក្នុង​ពេលខាងមុខ។

យន្ដហោះ« Boeing 777-300» ដែលរងអគ្គិភ័យនេះ បានហោះហើរជាលើកដំបូង នៅឆ្នាំ១៩៩៨។ គ្រោះថ្នាក់​លើក​មុន របស់ក្រុមហ៊ុនអាកាសចរណ៍ កូរ៉េអ៊ែរ បានកើតឡើងតាំងពីខែធ្នូ ឆ្នាំ១៩៩៩ តែមិនមែនជា​យន្ដហោះ​ដឹក​អ្នកដំណើរ​ទេ ជាយន្ដហោះដឹកទំនិញ ចេញពីរាជធានី ឡុងដ៍ ប្រទេសអង់គ្លេស ឆ្ពោះទៅកាន់ក្រុង មីឡង់ (Milan) ប្រទេស​អ៊ីតាលី។ យន្ដហោះ ដែលភ្ជាប់ជើងហោះហើរលេខ «KE8509»នោះ បានធ្លាក់បោកខ្លួន នៅ​លើ​វាល​ស្រែ បន្ទាប់ពីបានងើបខ្លួនពីដី បានប្រមាណជា៦០វិនាទីប៉ុណ្ណោះ។ មនុស្សបួននាក់នៅលើយន្ដហោះ បាន​ស្លាប់​ទាំងអស់។

ប៉ុន្តែបើរំលឹកឡើងវិញ ពីរយៈពេល៣០ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនកូរ៉េអ៊ែរ បានបាត់បង់យន្ដហោះ​ចំនួន១៦​គ្រឿង ជាមួយ​នឹងមនុស្សស្លាប់ ច្រើនជាង៧០០នាក់៕

» វីដេអូបង្ហាញពីទិដ្ឋភាពឆេះម៉ាស៊ីនប្រតិកម្ម របស់យន្ដហោះនៃក្រុមហ៊ុន កូរ៉េអ៊ែរ នៅថ្ងៃសុក្រនេះ៖