ពី​យប់​ស្មានថា​ខ្មោចលង ព្រឹក​ឡើង​ទៅ​មើល​ទើប​ដឹង​ច្បាស់

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ពេល​យប់​មាន​អ្នក​ដើរ​ឆ្លុះ​កង្កែប​បានឃើញ និង​ឮ​សំឡេង​ក្មេង​យំ​ដែរ តែ​មិន​មាន​អ្នក​ណា​ហ៊ាន​ទៅ​ជួយ​ឡើយ ព្រោះ​ស្មាន​តែ​ខ្មោចលង លុះ​ព្រឹក​ឡើង​នាំ​គ្នា​ទៅ​មើល​ម្តងទៀត​ក៏​ភ្ញាក់ផ្អើល​ដោយ​ឃើញ​ក្មេង​ប្រុស​ម្នាក់​លង់ទឹក​ប្រឡាយ​ស្លាប់​បាត់​ទៅ​ហើយ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ឈ្មោះ ថន សីហា អាយុ​៤​ឆ្នាំ ដែល​បាន​ស្លាប់​នេះ​បាន​ដើរ​តាម​ម្តាយ​ដែល​មាន​សតិ​មិន​គ្រប់ ហើយ​ត្រូវ​បាន​ម្តាយ​ដើរទៅ​មុន​បាត់ បណ្ដាល​ឲ្យ​ក្មេង​ប្រុស​នោះ​វង្វេង​កណ្ដាលវាល​ប្រឡាយ​តែ​ម្នាក់ឯង​តាំងពី​ព្រឹក​រហូត​ដល់​យប់ ហើយ​ក៏​បាន​លង់ទឹក​ប្រឡាយ​ស្លាប់​បាត់បង់​ជីវិត​ទៅ ។

សូម​បញ្ជាក់​ថា គ្រួសារ​មួយ​នេះ​មាន​បងប្អូន​៥​នាក់ ប្រុស​៣​នាក់ ស្រី​២​នាក់ ហើយ​ក្មេង​ប្រុស​ដែល​ស្លាប់​នេះ​គឺជា​កូនពៅ ដែល​មាន​ម្តាយ​ជា​មនុស្ស​សតិ​មិន​គ្រប់ ចំណែក​ឪពុក​បាន​ទៅ​ធ្វើការ​នៅ​ខេត្ត​ផ្សេង​បាត់​ទៅ​ហើយ ។

ដោយ​មានការ​អាណិតអាសូរ អាជីវករ​ផ្សារ​វាល​រេញ​រួម​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​បាន​ចូល​ជា​ថវិកា​២៤​ម៉ឺន​រៀល ហើយ​អាជ្ញាធរ​ភូមិ​-​ឃុំ​-​ស្រុក និង​សប្បុរសជន​ក៏​បាន​ជួយ​ជា​ប្រាក់​៧០​ម៉ឺន​រៀល​បន្ថែម​ទៀត​ទុក​សម្រាប់​ទុក​សម្រាប់​ធ្វើបុណ្យ និង​ចំណាយ​ផ្សេង​ៗ ៕