តួកគី រិះគន់​ពុតត្បុត របស់​សម្ព័ន្ធមិត្ត​អាមេរិក

ទីក្រុងអង់ការ៉ា នៅថ្ងៃសុក្រម្សិលមិញ បានដំឡើងសំឡេងខ្លាំងៗរិះគន់អាមេរិកដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងអង្គការអាត្លង់ទិក អូតង់។ រដ្ឋាភិបាលតួកគី តាមរយៈរដ្ឋមន្រ្តីការបរទេសរបស់ខ្លួន បានបរិហារអំពើពុតត្បុតរបស់អាមេរិក ដែលបានបញ្ជូនទ័ពឲ្យទៅរួមដៃប្រយុទ្ធជាមួយក្រុមគួដស៊ីរី ដែលតួកគី ចាត់ទុកជាក្រុមភេរវជន គំរាមកំហែងសន្តិសុខតួកគី។

តួកគី រិះគន់​ពុតត្បុត របស់​សម្ព័ន្ធមិត្ត​អាមេរិក

ទាហានរបស់ក្រុមគួដស៊ីរី នៅស៊ីរី( YPG )ដែលជាសម្ព័ន្ធមិត្តិរបស់ក្រុមPKK សត្រូវរបស់រដ្ឋាភិបាលតួកគី

នៅក្នុងសន្និសីទកាសែត នៅទីក្រុងអង់តាល់យ៉ា Antalya ភាគខាងត្បូងតួកគី គឺរដ្ឋមន្រ្តីការបរទេសតួកគី ដែលបានចេញមុខបរិហារវត្តមានទ័ពអាមេរិក នៅក្នុងជួរកងប្រដាប់អាវុធគួដស៊ីរីក្នុងទឹកដីស៊ីរី ក្បែរព្រំដែនតួកគី។ តាមប្រមុខការបរទេសតួកគី វាជារឿងមិនអាចទទួលយកបាន ដែលទ័ពពិសេសរបស់អាមេរិក រួមដៃប្រយុទ្ធ កៀកស្មាជាមួយក្រុមគួដស៊ីរី ដែល អង់ការ៉ា ចាត់ទុកជាក្រុមភេរវជននោះ។

ក្រុមគួដស៊ីរី មានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមគួដតួកគី PKK ដែលជាសត្រូវហុតឈាមរបស់រដ្ឋាភិបាលតួកគី។ ប៉ុន្តែ អាមេរិកបានយកក្រុមគួដស៊ីរីបានជ្រើសរើស ទំនុកឧបត្ថម្ភ ក្រុមនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមនៅលើដីគោក។ តាមរូបភាពថតបានដោយអ្នកថតរូបរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ទាហានអាមេរិកាំងប្រមាណ២០នាក់ មាននៅលាយឡំជាមួយ ក្រុមប្រដាប់អាវុធ គួដស៊ីរី ដែលកំពុងសម្រុកវាយប្រហារទៅលើទីក្រុងរ៉ាកា ដែលជារដ្ឋធានីរបស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។

តាមទីភ្នាក់ងារព័ត៌មានAFP គេមិនបានទទួលព័ត៌មានច្បាស់ទេថា តើទាហានអាមេរិកាំងទាំងនោះ ចូលរួមប្រយុទ្ធផ្ទាល់ ក្នុងសមរភូមិ ឬគ្រាន់តែ ដើរតួនាទីជាទីប្រឹក្សា ជំនួយការរបស់ក្រុមប្រឆាំងស៊ីរី ទៅតាមការអះអាងរបស់ទីក្រុងវ៉ាស៊ីនតោននោះ។ នៅប៉ុន្មានខែចុងក្រោយនេះ ការប្រកាសយ៉ាងចេញមុខរបស់អាមេរិក គាំទ្រក្រុមគួដស៊ីរី បានធ្វើឲ្យទំនាក់ទំនងតួកគី អាមេរិកកាន់តែតានតឹង។ នៅថ្ងៃសុក្រ រដ្ឋមន្រ្តី ការបរទេសតួកគីនៅបាននិយាយបែបចំឡក ថា ទ័ពអាមេរិកគួរពាក់ស្លាក របស់ក្រុមអាល់នូស្រា ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅពេលគេស្ថិតនៅក្នុងទឹកដីស៊ីរី ឬ ក៏ពាក់ស្លាកសញ្ញា បូកូហារ៉ាំ នៅពេលទ័ពអាមេរិកទៅប្រយុទ្ធនៅ អាហ្វ្រិកនោះ។

នៅថ្ងៃសុក្រ នៅពេលដែលកងទ័ពសម្ព័ន្ធអន្តរជាតិសម្រុកវាយប្រហារទៅលើទីក្រុងរ៉ាកា ទីស្នាក់ការរបស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ក្រុមនេះ បានបើកការប្រយុទ្ធ ដ៏ភ្ញាក់ផ្អើល មួយ គ្រោងនឹងដណ្តើមយកតំបន់របស់ក្រុមឧទ្ទាមស៊ីរី ដែលស្ថិតនៅក្បែរព្រំដែនតួកគី។ ក្រុមឧទ្ទាមស៊ីរី ដែលជាក្រុមប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកបាស្ហា អាល់អាសាដបានទទួលជំនួយពីរដ្ឋាភិបាលតួកគី។ ក្រុមនេះដែលកាន់កាប់មួយផ្នែកទីក្រុងអាឡិប មានសត្រូវបីក្រុម ដែលត្រូវប្រយុទ្ធ គឺទាហានរដ្ឋាភិបាលស៊ីរី ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ហើយនិងក្រុមគួដ ដែលតួកគីចាត់ទុកជាគ្រោះថ្នាក់ ចង់បំបែកយកទឹកដីតួកគី។

អង្គការគ្រូពេទ្យគ្មានព្រំដែន និងសកម្មជនការពារសិទ្ធិមនុស្សកំពុងបារម្ភពីជោគវាសនា របស់ប្រជាជនស៊ីវិលប្រមាណ១សែននាក់ ដែលគ្មានច្រកចេញ នៅជាប់គាំង រវាងសមរភូមិប្រយុទ្ធរបស់ក្រុមជីហាត ក្នុងទឹកដីស៊ីរី ហើយនិងព្រំដែន ដែលតួកគី បានបិទ មិនឲ្យចេញចូល ជាច្រើនខែមកហើយ៕

ប្រភពៈ RFI