របាយ​ការណ៍​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​រដ្ឋាភិបាល​រក​អ្នក​នៅ​ពីក្រោយ​អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានបញ្ចេញរបាយការណ៍ការស៊ើបអង្កេតការវាយប្រហារទៅលើតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិពីររូបនៅពេលមានការតវ៉ាប្រឆាំងគណបក្សសង្គ្រោះជាតិនៅរដ្ឋសភា កាលពីខែតុលាឆ្នាំមុន។

ភ្នំពេញ — នៅក្នុងសេចក្តីសង្ខេបនៃរបាយការណ៍របស់ខ្លួន អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានផ្តល់យោបល់ឲ្យរដ្ឋាភិបាលកម្ពុជាបន្តការស៊ើបអង្កេតទៅលើការវាយដំសមាជិកគណបក្សប្រឆាំងគឺលោក ញ៉យ ចំរើន និងលោកគង់ សភា អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជាវាយដំ ទាត់ធាក់។

របាយ​ការណ៍​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​រដ្ឋាភិបាល​រក​អ្នក​នៅ​ពីក្រោយ​អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានបញ្ចេញរបាយការណ៍ការស៊ើបអង្កេតការវាយប្រហារទៅលើតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិពីររូបនៅពេលមានការតវ៉ាប្រឆាំងគណបក្សសង្គ្រោះជាតិនៅរដ្ឋសភា កាលពីខែតុលាឆ្នាំមុន។

របាយការណ៍នេះបានសរសេរថា៖

«ត្រូវធ្វើឲ្យប្រាកដថា មានការដាក់ទោសទៅលើអ្នកដែលត្រូវបានរកឃើញថា មានការពាក់ព័ន្ធក្នុងការធ្វើផែនការ ការរៀបចំគម្រោង ការអនុវត្ត ការផ្តល់សមត្ថកិច្ច ឬរំខានដល់ការស៊ើបអង្កេតការវាយប្រហារកាលពីថ្ងៃទី២៦ខែតុលា ទោះបីជាអ្នកទាំងនោះមានឋានៈ ឬមុខងារជាអ្វីក៏ដោយ»។

សមាជិកគណបក្សប្រឆាំងគឺលោក ញ៉យ ចំរើន និងលោក គង់ សភាត្រូវបានវាយដំយ៉ាងដំណំដោយក្រុមអ្នកតវ៉ាប្រឆាំងគណបក្សនេះ កាលពីខែតុលាឆ្នាំមុន នៅក្បែរអគាររដ្ឋសភាជាតិ។ តំណាងរាស្ត្រទាំងពីរត្រូវបានបញ្ជូនទៅទទួលការព្យាបាលនៅប្រទេសថៃ បន្ទាប់ពីការវាយប្រហារនោះ។ ក្រដាសត្រចៀកខាងស្តាំរបស់លោកសុភានៅមានសភាពធ្ងន់ធ្ងរនៅឡើយ។ រីឯក-ដៃស្តាំរបស់លោកញ៉យ ចំរើន បានបាក់។ លោកញ៉យ ចំរើន និយាយថា លោកបាក់ធ្មេញដោយសារការវាយប្រហារនោះ។

របាយការណ៍នេះបានបង្ហាញថា រដ្ឋាភិបាលលោកហ៊ុន សែនគឺជាអ្នកនៅក្រោយការវាយប្រហារនេះ។

របាយការណ៍នោះបានសរសេរថា៖

«យើងបានរកឃើញព័ត៌មានទាក់ទងនឹងកម្លាំងអង្គរក្សរបស់លោកហ៊ុន សែន ដោយរួមមានប្រភពរបស់ពួកគេ ព្រឹត្តិការណ៍ និងកន្លែងឈរជើងរបស់ពួកគេនាពេលបច្ចុប្បន្ន ស្ថាប័ន និងខ្សែសង្វាក់បញ្ជា ដែលចប់នៅត្រឹមលោកនាយករដ្ឋមន្ត្រីលោកហ៊ុន សែន»។

របាយការណ៍នេះបានបន្តថា៖

«អង្គភាពអង្គរក្សនេះមានឈ្មោះអាក្រក់យូរហើយខាងការរំលោភសិទ្ធិមនុស្ស ដូចជាការវាយប្រហារដោយគ្រាប់បែក កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ លើការប្រមូលផ្តុំគ្នាដឹកនាំដោយលោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង។ ការវាយប្រហារនោះបានសម្លាប់មនុស្សយ៉ាងតិច១៦នាក់ និងរបួសជាង១៥០នាក់»។

ក្រោយពីការវាយប្រហារតំណាងរាស្ត្រនោះ និងក្រោយពីវីដេអូអំពីការវាយប្រហារនោះត្រូវផ្សព្វផ្សាយយ៉ាងច្រើនតាមអ៊ីនធឺណិតនោះ បុរសបីនាក់បានសារភាពអំពីឧក្រិដ្ឋកម្មនេះ។

លោកសុភាមានប្រសាសន៍ថា លោកនឹងមានភាពសប្បាយរីករាយ ប្រសិនបើអ្នកដែលវាយដំទៅលើរូបលោក ដោយរួមទាំងមេខ្លោងផងនោះ ត្រូវបានគេវែកមុខ។ លោកបានបន្ថែមថា លោកចង់ឲ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតបញ្ហានេះដោយមានការសហការជាមួយអង្គការសហប្រជាជាតិ។

របាយ​ការណ៍​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​រដ្ឋាភិបាល​រក​អ្នក​នៅ​ពីក្រោយ​អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ

លោក គង់ សភា តំណាងរាស្ត្រខេត្តស្វាយរៀង នៅក្នុងកៅអីរុញនៅមន្ទីរពេទ្យ Phyathai ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃអង្គារទី២៧ ខែតុលា ឆ្នាំ២០១៥ នៅក្រោយពេលលោកត្រូវបានបាតុករវាយទាត់ធាក់នៅខាងក្រៅបរិវេណរដ្ឋសភាជាតិក្នុងរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទ។ (ផ្តល់ដោយលោក ញ៉យ ចំរើន)

លោកមានប្រសាសន៍ថា៖

«ប្រជាពលរដ្ឋធម្មតា គាត់អត់ហ៊ានវាយអ្នកតំណាងរាស្ត្រទេ តែច្បាស់ជាមានអ្នកមានអំណាចបញ្ជាពីក្រោយខ្នងដើម្បីឲ្យវ៉ៃហើយបាទ»។

លោកនិយាយថា ត្រូវមានការស៊ើបអង្កេតបន្ត និងត្រូវមានការនាំខ្លួនជនល្មើសពិតប្រាកដមកកាត់ទោស ទើបមានយុត្តិធម៌សម្រាប់លោក។

លោកបានបន្ថែមថា៖

«ខ្ញុំនៅតែមិនមានជំនឿលើរដ្ឋាភិបាលដដែល។ ប៉ុន្តែបើគាត់មានឆន្ទៈពិតប្រាកដដើម្បីស៊ើបអង្កេតរកជនដៃដល់និងសហការជាមួយអង្គការសិទ្ធិមនុស្សនិងអង្គការ [OHCHR]ហ្នឹងគឺល្អបាទ»។

អង្គការសិទ្ធិមនុស្សបានស្នើឲ្យរដ្ឋាភិបាលរកជំនួយពីអង្គការសហប្រជាជាតិដើម្បីជួយ និងធានាថា ការស៊ើបអង្កេតប្រព្រឹត្តទៅដោយឯករាជ្យ មិនលម្អៀង និងអាចជឿទុកចិត្តបាន។

លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា កម្ពុជាមិនអាចអនុញ្ញាតឲ្យអង្គការសហប្រជាជាតិលូកចូលក្នុងកិច្ចការស៊ើបអង្កេតរបស់រដ្ឋាភិបាលកម្ពុជាណាមួយនោះទេ ព្រោះការលូកចូលរបស់អង្គការនេះក្នុងការស៊ើបអង្កេតណាមួយនោះមានន័យថា កម្ពុជាជាប្រទេសដែលមិនមានអធិបតេយ្យភាព។

«ទោះជាយ៉ាងណាក៏ដោយយើងមិនបដិសេធទេចំពោះការសហការ ប៉ុន្តែចំពោះការស៊ើបអង្កេត វាមិនដែលមានប្រទេសណាធ្វើអ្វីឲ្យ UN ចូលរួមនោះទេ»។

អង្គការសិទ្ធិមនុស្ស Human rights Watch ក៏បានអំពាវនាវឲ្យប្រទេសផ្តល់ជំនួយឲ្យកម្ពុជាគាបសង្កត់ឲ្យរដ្ឋាភិបាលកម្ពុជាធ្វើកំណែទម្រង់កងកម្លាំងសន្តិសុខរបស់ខ្លួន និងជំរុញឲ្យប្រព័ន្ធតុលាការឯករាជ្យ និងគាបសង្កត់ឲ្យប្រទេសកម្ពុជាគោរពតាមកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាដែលអនុម័តកាលពីឆ្នាំ១៩៩៣ ហើយបញ្ចប់ការត្រួតត្រារបស់ក្រសួងយុត្តិធម៌លើប្រព័ន្ធតុលាការ៕

ប្រភពៈ VOA