លោក​ គឹម​ សុវណ្ណ​ ត្រូវ​បាន​ប្រកាស​តែងតាំង​ជា ​ប្រធាន​ក្រុមប្រឹក្សា​គណៈ​វិស្វករ​ ខេត្តបន្ទាយមានជ័យ​

លោក​ គឹម​ សុវណ្ណ​ ត្រូវ​បាន​ប្រកាស​តែងតាំង​ជា ​ប្រធាន​ក្រុមប្រឹក្សា​គណៈ​វិស្វករ​ ខេត្តបន្ទាយមានជ័យ​



បន្ទាយមានជ័យ​ ៖ នៅ​ល្ងាច​ថ្ងៃទី​២៧ ​ខែឧសភា​ ឆ្នាំ​២០១៦​ លោក​ លឹម​ សុ​ថាវ អគ្គលេខាធិការ​គ​ណៈ​វិស្វករ​កម្ពុជា​ និង​មន្ត្រី​អមដំណើរ​ បាន​ចុះ​មក​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ធ្វើការ​ប្រកាស​លោក ​គឹម ​សុវណ្ណ​ ទៅជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​វិស្វករ​ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ ​និង​សមាសភាព​វិស្វករ​ជាច្រើន​នាក់​ទៀត​។ ​ក្នុង​ការ​ប្រកាស​នោះ ​មានការ​ចូលរួមពី លោក ​សួន​ បវរ អភិបាលខេត្ត​បន្ទាយ​មា​ន​ជ័យ និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​នាក់​ទៀត​។

​ក្នុង​ពិធី​ប្រកាស​ប្រធាន​វិស្វករ​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​នេះ​​ លោក ​លឹម ​សុ​ថាវ​ បាន​មាន​ប្រសា​សន៍​ថា ​ថ្ងៃនេះ​លោក​មាន​កិត្តិយស​ណាស់​ បាន​ចុះ​មក​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ធ្វើ​ពិធី​ប្រកាស​សមាស​ភាព ​របស់​ក្រុមប្រឹក្សា​គណៈ​វិស្វករ ​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ តាម​ប្រកាស​លេខ ០៤ ប្រ ក ចុះ​ថ្ងៃទី​១២ ​ខែមករា ​ឆ្នាំ​២០១៦​ របស់​ទីស្ដីការរដ្ឋមន្ត្រី​ ដែល​ត្រូវ​តែងតាំង​ ទី១ លោក គឹម​ សុវណ្ណ​ ទៅជា​ប្រធាន​ក្រុ​ម​ប្រឹក្សា​គណៈ​វិស្វករ​ ខេត្តបន្ទាយមានជ័យ ទី​២​ លោក​ យឹម​ ប៊ុន​រ៉ុ​ម​ ទៅជា​អនុប្រធាន​ក្រុមប្រឹក្សា​គណៈ​វិស្វករ ទី​៣​ លោក ​ឈឿន ​ក្រៃ​យ៉ុង ​ទៅជា​អនុប្រធាន ទី​៤​ លោក​ ឡុង ​វុ​ធ ហេរញ្ញិក ទី​៥ ​លោក ​រស់ ​ចំរើន ​ហេរញ្ញិក​រង ទី​៦ ​លោក​ រ៉ូ​ បូរ៉ា​ លេខាធិការ​ ដើម្បី​រៀបចំ​ឲ្យ​មាន​រចនាសម្ព័ន្ធ​ ជា​ខ្សែ​បណ្តោយ នៅ​តាម​បណ្ដា​ខេត្ត​ ដើម្បី​គ្រប់គ្រង​ប្រមូលផ្ដុំ​ធនធាន​បញ្ញវន្ត វិស្វករ​ជាតិ និង​វិស្វករ​បរទេ​ស​ឲ្យ​មក​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា ​ឬ​នៅ​ក្រុម​ប្រឹក្សា​គណៈ​វិស្វករ​ខេត្តបន្ទាយមានជ័យ ដែល​ប្រកប​វិជ្ជាជីវៈ​វិស្វកម្ម​ទាំងអស់​នៅក្នុង​ខេត្ត​ ឲ្យ​បាន​ស្របតាម​ច្បាប់​ នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​។​

លោក​ លឹម​ សុ​ថាវ​ បាន​បញ្ជាក់​ទៀត​ថា គណៈ​វិស្វករ​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ជាង​៥​ឆ្នាំ​កន្លង​មក​ហើយ​ ស្របតាម​ព្រះរាជក្រឹត្យ​លេខ ន ស / រ ក ត​/០៤០៩/៤១៣​ចុះ​ថ្ងៃទី​៧ ខែមេសា ​ឆ្នាំ​២០០៩​ ក្នុង​គោលបំណង​ចម្បង​គឺ​ ដើម្បី​អភិវឌ្ឍន៍​សង្គម​សមត្ថភាព​ប្រតិបត្តិ​វិជ្ជាជីវៈ ​និង​ការ​ផ្តល់​ឱកាស​ការងារ​ដោយ​ស្របច្បាប់​។​

លោក ​លឹម ​សុ​ថាវ​ បាន​បញ្ជាក់​ទៀត​ថា​ មកដល់ពេលនេះ​ គណៈ​វិស្វករ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ចំនួន​ ២.២៣១​នាក់​ហើយ ​ក្នុង​នោះ​វិស្វករ​ត្រួតពិនិត្យ​ និង​វាយ​តម្លៃ​​១.១៩០​នាក់ ​វិស្វករ​អាជីព​៤៣០​នាក់​ វិស្វករ​បរទេស​៦​នាក់ ​វិស្វករ​អាស៊ាន​៣០​នាក់ ​វិស្វករ​វ័យក្មេង​អាស៊ាន​១១៣​នាក់ ​និង​វិស្វករ​កិត្តិយស​អាស៊ាន​១៤៩​នាក់​៕

លោក​ គឹម​ សុវណ្ណ​ ត្រូវ​បាន​ប្រកាស​តែងតាំង​ជា ​ប្រធាន​ក្រុមប្រឹក្សា​គណៈ​វិស្វករ​ ខេត្តបន្ទាយមានជ័យ​