បែកធ្លាយរឿងមិនប្រក្រតី ក្នុងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ៥ពាន់ដុល្លារ ជាថ្នូរនឹងការទទួលបានក្របខណ្ឌ ពីមន្រ្តីជាប់កិច្ចសន្យា

ខេត្តត្បូងឃ្មុំ ៖ រឿងអាស្រូវរបស់ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ កំពុងត្រូវ បានមន្ត្រីក្រោមឱវាទលាតត្រដាងជាសាធារណៈហើយអំពាវនាវឲ្យម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលចាត់វិធានការតាមច្បាប់ ទៅលើប្រធានមន្ទីរសុខាភិ បាលខេត្តត្បូងឃ្មុំ ឲ្យបានឆាប់បំផុតក្នុងករណីបែកធ្លាយរឿងអំពើពុករលួយ អ្នក ចង់បាន ក្របខ័ណ្ឌពេញសិទ្ធិ នៅក្នុងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ គឺបុគ្គលិក ជាប់កិច្ចសន្យា ត្រូវបំពេញបែបបទមួយ ហើយបង់លុយ៥០០០ដុល្លារជូនអ្នក ដែល មានតួនាទីរត់ការបញ្ចូលឈ្មោះ។

ប្រភពព៍ត័មានពីមន្រ្តីជាប់កិច្ចសន្យាយូរឆ្នាំម្នាក់នៅក្នុងមន្ទីរ បានគូសបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានរដ្ឋបាលនៅមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានយកលិខិតមួយច្បាប់ ឱ្យមន្រ្តីជាប់កិច្ចសន្យានានា បំពេញបែបបទមួយ ហើយទាមទារបង់លុយ៥ពាន់ដុល្លារជូនអ្នកជំនាញរត់ការបញ្ចូលបំពេញ សំរាប់ ការបញ្ចូលទៅ ក្របខណ្ឌក្រសួងសុខាភិបាល ដើម្បីទទួលបានក្របខណ្ឌនោះ ដោយអះអាងថា ក្របខណ្ឌក្រសួងសុខាភិបាល មានកំណត់ ចំណែកបុគ្គលិក ជាប់កិច្ចសន្យាជំនាញសុខាភិបាលនៅទូទាំងប្រទេសមានច្រើនដូច្នេះបើនរណា មិនបង់តាមការទាមទារ របស់ផ្នែករដ្ឋបាលមន្ទីរទេនោះ នឹងមិនមានឈ្មោះ ឡើងទៅយកក្របខណ្ឌនៅក្រសួងឡើយ។ប៉ុន្តែបើអ្នកមានលុយវិញទោះជា មិន មែន ជាមន្រ្តីជាប់កិច្ចសន្យាក៏ដោយ ក៏ពួកគេដាក់បញ្ចូលដែរ ដោយគ្រាន់តែ បង់ប្រាក់លើសមន្រ្តីជាប់កិច្ចសន្យា ២-៣ពាន់ដុល្លារប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញលិខិតមួយ ដោយបង្គាប់ឲ្យប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត បញ្ជូនបញ្ជីឈ្មោះ មន្ត្រីជាប់កិច្ចសន្យាជំនាញសុខាភិបាលរបស់ខ្លួន ដើម្បីឲ្យ ក្រសួងបញ្ចូលទៅក្នុងក្របខ័ណ្ឌ របស់ក្រសួងសុខាភិបាល និងរៀបចំបៀវត្សរ៍ ជូនសាមីខ្លួន។

នៅក្នុងលិខិតរបស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាន បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានឯកភាពក្នុងការបន្ថែមក្របខណ្ឌចំនួន ៣៦៨៩កន្លែងដល់ក្រសួងសុខាភិបាល ហើយថាបញ្ជីឈ្មោះមន្រ្តីជំនាញ សុខា ភិបាលជាប់កិច្ចសន្យាត្រូវរៀបចំឱ្យបានរួចរាល់ បញ្ជូនឱ្យក្រសួង យ៉ាងយូរ ត្រឹម ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីបញ្ចូលទៅក្នុងក្របខណ្ឌ៕

តាមរយៈលិខិតរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បែបនេះ បានធ្វើឲ្យកើតមានភាពមិនប្រក្រតី នៅក្នុងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំភ្លាមៗ ហើយបញ្ហានេះ ត្រូវបានមន្ត្រីជាប់កិច្ចសន្យា នៅមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ទម្លាយជាសាធារណៈ។

ពាក់ពន្ឋ័ករណីខាងលើ គេហទំព័រសែនសុខ មិនអាចស្វែងរកការបញ្ជាក់ ពី លោក កែវ វណ្ណះ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បាននៅឡើយទេ ៕

បែកធ្លាយរឿងមិនប្រក្រតី ក្នុងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ៥ពាន់ដុល្លារ ជាថ្នូរនឹងការទទួលបានក្របខណ្ឌ ពីមន្រ្តីជាប់កិច្ចសន្យា

បែកធ្លាយរឿងមិនប្រក្រតី ក្នុងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ៥ពាន់ដុល្លារ ជាថ្នូរនឹងការទទួលបានក្របខណ្ឌ ពីមន្រ្តីជាប់កិច្ចសន្យា