នៅតែមាន​ភាពមិនប្រក្រតី​កើតឡើង​យ៉ាង​ពេញបន្ទុក​ក្នុង​វិស័យ​អប់រំ​

​បើទោះបី​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា ប្ដេជ្ញា​កែទម្រង់​វិស័យ​អប់រំ​ឲ្យ​ប្រសើរ​ជាង​មុន​យ៉ាងណាក៏ដោយ ក៏​នៅតែ​កើតមាន​ភាពមិនប្រក្រតី​យ៉ាង​ពេញបន្ទុក​ក្នុង​ក្រសួង​អប់រំ​ដដែល​។ ជាក់ស្ដែង​មន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ឲ្យ​ដឹងថា ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សំណង់​អគារសិក្សា​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​កេងប្រវ័ញ្ច​ថវិការដ្ឋ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម មិន​ខ្លាច​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន​នោះទេ​។ ជាក់ស្ដែង​លោក​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សំណង់​អគារសិក្សា​កំពុង​ត្រូវប៉ាន់ ស្របពេល​ដែលមាន​ខ្យល់​កន្ត្រាក់​ធ្វើ​ឲ្យ​សាលារៀន​តាម​បណ្ដា​ខេត្ត​មួយចំនួន​ដួលរលំ​ឬ​របើក​ដំបូល ហើយ​ត្រូវ​ការជួសជុល​ឡើងវិញ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក​ប្រធាន​នាយកដ្ឋាន​តែងតែ​ដឹកនាំ​ប្រតិភូ​ជា​បក្ខពួក​របស់ខ្លួន​ចុះទៅពិនិត្យ​និង​វាយតម្លៃ​លើ​ការខូចខាត​អគារសិក្សា​ដែល​កើតឡើង​ដោយសារតែ​ខ្យល់​កន្ត្រាក់ បណ្ដាល​ឲ្យ​រង​ការខូចខាត​។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​អគារ​សាលារៀន​មិនតិចជាង​១០០​ខ្នង​នោះទេ​ដែល​រង​ការខូចខាត ហើយ​លោក​ប្រធាន​នាយកដ្ឋាន ធ្វើសំណើ​ទៅ​ថ្នាក់លើ​ដែលមាន​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​រៀល ដើម្បី​ជួសជុល​អគារ​សាលារៀន​ទាំងនោះ​ឡើងវិញ​។ បញ្ហា​នេះ​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សំណង់​អគារសិក្សា​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​ទៀត​។

​មន្ត្រី​នៅក្នុង​នាយកដ្ឋាន​គ្រប់គ្រង​សំណង់​អគារសិក្សា​មួយចំនួន​ដែល​បានដឹង​ពី​រឿង​អំពើពុករលួយ​របស់​ចៅហ្វាយនាយ​ខ្លួន បាន​បង្ហើប​ឲ្យ​ដឹងថា មានការ​បំប៉ោង​តួលេខ​លើ​ការចំណាយ​សម្រាប់​ជួសជុល​អគារ​សាលារៀន​ដែល​រង​ការខូចខាត ដើម្បី​បាន​សល់​ថវិកា​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។ មានការ​បង្ហើប​ឲ្យ​ដឹងថា អគារ​សាលារៀន​ខ្លះ​ខូចខាត​តិចតួច ប៉ុន្តែ​លោក​ប្រធាន​នាយកដ្ឋាន​ធ្វើ​សំណើសុំ​ថវិកា​រាប់រយ​លាន​រៀល​សម្រាប់​ជួសជុល ដែល​សំណើ​នេះ​ខុសពី​ការចំណាយ​ពិតប្រាកដ​យ៉ាងច្រើន​។ ដូច្នេះ​ក្នុង​មួយឆ្នាំៗ​លោក​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សំណង់​អគារសិក្សា បាន​កេងប្រវ័ញ្ច​ថវិការដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា មិនត្រូវ​មើលរំលង​ទៀតឡើយ​៕

Feature-Narongលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា