គន្លឹះ​សំខាន់ៗ​ដើម្បី​ចំណងអាពាហ៍ពិពាហ៍​ប្រកបដោយ​សុភមង្គល​

Videos


រយៈពេលចាប់ផ្តើមចំណងស្នេហ៍ដំបូងពិតជាផ្អែមល្អែមណាស់ ប៉ុន្តែពេលវេលាអាចធ្វើឱ្យទម្លាប់ផ្អែមល្អែមសាបរលាបទៅតាមខ្យល់ជាបណ្តើរៗ ទោះជាចិត្តស្រលាញ់មិនបានបាត់បង់ក៏ដោយ ។ គូស្នេហ៍ដែលរស់នៅយូរឆ្នាំគួរពិចារណាបញ្ឆេះភ្លើងស្នេហ៍ឱ្យស្អិតល្មួតនិងបង្កើតអនុស្សាវរីយ៍រវាងគ្នានឹងគ្នាជាប្រចាំពោលគឺមិនគួរមើលរំលងរឿងបន្តិចបន្តួចឡើងព្រោះថាវាអាចពូតផ្តុំជារឿងធំរហូតឈានដល់ភាពសោះអង្គើយចំពោះគ្នាឬកាន់តែធ្ងន់ធ្ងរអាចបែកបាក់ចែកផ្លូវគ្នាទៀតក៏មាន ។ ចំណងអាពាហ៍ពិពាហ៍រឹងមាំទាមទារការព្យាយាមនិងការប្តេជ្ញាចិត្តមិនបោះបង់គ្នាទោះជាក្នុងកាលៈ ទេសៈណាក៏ដោយ ហេតុនេះវាពុំមែនជារឿងមួយថ្ងៃពីរ បួនប្រាំខែឬប៉ុន្មានឆ្នាំដំបូងនៃការចាប់ផ្តើមទេគឺជាពេលមួយជីវិតដែលគូស្នេហ៍ត្រូវថែរក្សាគ្នាគោរពគ្នានិងយោគយល់គ្នាទើបចំណងស្នេហ៍ស្ថិតស្ថេរមិនផុយស្រួយ។ សាកសួរខ្លួនឯងទៅមើល៍ តើអ្នកបានប្រតិបត្តិខ្លួនបានប៉ុន្មានចំណុចដូចខាងក្រោមនេះ ?

គន្លឹះ​សំខាន់ៗ​ដើម្បី​ចំណងអាពាហ៍ពិពាហ៍​ប្រកបដោយ​សុភមង្គល​

ចេះគិតគូរចំពោះគ្នា

១. ផ្តល់ការគោរពចំពោះគ្នា : មានន័យថាចេះយកចិត្តនាងឬគាត់ ដាក់ចិត្តខ្លួនឯងគោរពការសម្រេចចិត្តនិងឯកជនភាពរបស់ដៃគូ ព្រមទាំងយកចិត្តទុកដាក់ចំពោះទង្វើនិងការយល់ឃើញរបស់ដៃគូ។
២. កុំរំឭករឿងអតីតកាល ដូចជា រំឭកកំហុសដែលដៃគូធ្លាប់ធ្វើខុសដោយចេតនាឬអចេតនាក្តី ។
៣. ស្តាប់ដោយការយកចិត្តទុកដាក់និងសម្លឹងភ្នែកគ្នានៅពេលនិយាយដើម្បីឱ្យដៃគូបានដឹងថាអ្នកចេះថែចិត្ត មិនព្រងើយកន្តើយនូវអ្វីដែលដៃគូព្យាយាមនិយាយ ព្រោះកាយវិការស្តែងចេញច្រើនជាងពាក្យសម្តី ។
៤. ចាត់ទុកដៃគូជាអាទិភាព គឺត្រូវចេះគិតថាអ្នកគួរស្តាប់និងជឿជាក់ដៃគូជាងគ្រួសារនិងមិត្តភក្តិ ជាពិសេសនៅពេលដៃគូនិយាយមានហេតុផលនិងការសម្រេចចិត្តត្រឹមត្រូវណាមួយដោយកុំយកការឯកភាពពីអ្នកក្រៅមកបញ្ចូលគ្នាឱ្យសោះ ។

៥. រក្សាការប្រាស្រ័យទាក់ទងជាចម្បងគឺជាគន្លឹះចាំបាច់ ព្រោះថាការរស់នៅជាមួយគ្នារាល់ថ្ងៃទាមទារការយល់ចិត្ត ហើយការប្រាស្រ័យទាក់ទងនេះហើយជាស្ពានឈានដល់ការយល់ចិត្ត។ ការសំខាន់អ្នកមិនត្រូវបញ្ចេញកំហឹងកាយវិការឬពាក្យពេចន៍ប៉ះពាល់ដល់អារម្មណ៍ធ្ងន់ៗនោះឡើយ។ គួរចងចាំថាកំហឹងអាចនឹងរសាយតែពាក្យដែលអ្នកបាននិយាយមិនអាចខាកហើយលេបវិញបានទេ។
៦. កុំប្រើពាក្យលែងគ្នាទោះជាឈ្លោះគ្នាខ្លាំងយ៉ាងណាក៏ដោយព្រោះពាក្យនេះប្រៀបដូចជាអាវុធបំផ្លាញរាល់ទំនុកចិត្តនិងការប្តេជ្ញាចិត្តរួមខ្សែជីវិតជាមួយគ្នា។
៧. យល់ពីអារម្មណ៍របស់ដៃគូ ដូចជា លួងលោមនៅពេលអ្នកសម្គាល់ឃើញដៃគូមានអារម្មណ៍មិនប្រក្រតី ពីព្រោះអ្នកគឺជាបុគ្គលតែម្នាក់ដែលអាចធ្វើឱ្យទឹកចិត្តដៃគូបានប្រសើរឡើងនិងមិនគួរស្តីបន្ទោសកណ្តាលចំណោម។

ចេះបញ្ជាក់ការស្រលាញ់ចំពោះគ្នា

១. និយាយពាក្យថា I Love You : វាជាការគិតខុសយ៉ាងខ្លាំងដែលថាមិនចាំបាច់និយាយប្រាប់គូស្នេហ៍ថាអ្នកស្រឡាញ់ នាងឬគាត់ ដោយយល់ថាដៃគូបានដឹងហើយនោះហោចណាស់និយាយពាក្យថាស្រលាញ់ឱ្យបាន ១ ទៅ ២ ក្នុងមួយថ្ងៃ។
២. អរុណសួស្តីដៃគូដោយស្នាមថើប ឬក្រសោបកាយនាង: វិធីនេះ ជួយបង្កើនភាពផ្អែមល្អែមនិងអារម្មណ៍ស្រស់ថ្លានាព្រឹកព្រលឹម ដើម្បីចាប់ផ្តើមថ្ងៃថ្មីដ៏ស្រស់ស្រាយប្រកបកដោយថាមពលផ្លូវចិត្ត។
៣. ឆ្លៀតពេលឱ្យគ្នាទៅវិញទៅមក : សូមកុំយកការងារដាក់មុខពេកអ្នកគួររៀបចំកាលវិភាគសម្រាប់គូស្នេហ៍ ១ថ្ងៃក្នុង១សប្តាហ៍ ហើយទោះជារវល់ពេកមិនអាចឆ្លៀតបានមួយថ្ងៃយ៉ាងហោចណាស់ក៏អាចឆ្លៀតបានប៉ុន្មានម៉ោងសម្រាប់គ្រួសារឬគូស្នេហ៍ដែរ ។

៤. រឿងតូចតាចដែលបង្កបរិយាកាសរីករាយរ៉ូមែនទិក ដូចជា រំឭកអនុស្សាវរីយ៍ចាស់ៗ មើលទូរទស្សន៍ជាមួយគ្នា និយាយរឿងកំប្លែង ចម្អិនអាហារជាមួយគ្នា ទិញកាដូពញ្ញាក់អារម្មណ៍ថ្ងៃកំណើត ជួយធ្វើការងារផ្ទះ ណាត់គ្នាញ៉ាំអាហារក្រោមពន្លឺភ្លើងទៀន ផ្តោះផ្តងពាក្យសម្តីជាមួយគ្នាដូចគូស្នេហ៍ទើបរៀបការថ្មីថ្មោងជាដើម ។
៥. សរសើលើកទឹកចិត្តដៃគូ : ចាំបាច់ណាស់អ្នកត្រូវឱ្យភាគីម្ខាងទៀតដឹងពីការយល់ឃើញរបស់អ្នកចំពោះទង្វើ និងការប្រឹងប្រែងរបស់នាង/គាត់ ដោយបញ្ជាក់តាមរយៈពាក្យសម្តី ឬកាយវិការ។

ចេះយោគយល់

១. ទុកពេលវេលាឱ្យដៃគូធ្វើរឿងផ្ទាល់ខ្លួននិងគោរពឯកជនភាពរបស់នាងឬគាត់ ព្រោះថាមនុស្សគ្រប់រូបរមែងត្រូវការពេលវេលានៅម្នាក់ឯងខ្លះ មិនខុសអីដែលគេនិយាយថាមនុស្សស្រីមានការសម្ងាត់និងចំណូលចិត្តបែបមនុស្សស្រី ចំណែកមនុស្សប្រុសក៏ដូចគ្នា ។
២. សម្របសម្រួលរកចំណុចកណ្តាល : នៅខណៈណាមួយគូស្នេហ៍ប្រាកដជាមានរឿងមិនត្រូវគ្នាដូចជា ការរើផ្ទះ ការមានគភ៌ ការសម្រេចចិត្តប្តូរការងារ ឬកិច្ចការសំខាន់ណាមួយដែលម្ខាងៗមានគំនិតរៀងខ្លួន។ ប្រការចាំបាច់អ្នកទាំងពីរគួរស្តាប់ពីយោបល់ និងហេតុផលគ្នាទៅវិញទៅមកហើយសម្របគ្នាទៅវិញទៅមកឬនិយាយឱ្យងាយយល់គឺថយម្នាក់មួយជំហាន ចៀសវាងប្រកាន់ជំហរខ្លួនឯងរឹងត្អឹងពេក ។

៣. រក្សាភ្លើងក្នុងភ្លើងក្រៅ : កិច្ចការនេះពុំមែនសម្រាប់តែស្ត្រីទេបុរសក៏គួរចេះរក្សាទំនាក់ទំនងរវាងគ្រួសារទាំងសងខាងដែរ ពីព្រោះថាអាពាហ៍ពិពាហ៍មិនមែនជារឿងបុគ្គលតែ២រូបទេមួយវិញទៀតអ្នកគួរកាន់ចិត្តអត់ធ្មត់រក្សាចំណងទាំងប្រាំប្រការដែលចងភ្ជាប់តាំងពីពេលក្រាបផ្ទឹមជាមួយគ្នាឱ្យរឹងមាំស្ថិតស្ថេរ ។
៤. រួមទាំងសុខ រួមទាំងទុក្ខ : ជីវិតគូប្រាកដជាល្អលើសការស្មានប្រសិនបើគ្មានឧបសគ្គការលំបាកអ្វីទេនោះ ប៉ុន្តែការពិតខ្សែជីវិតមានឡើងមានចុះ ដូចនេះមានតែប្តីប្រពន្ធទេដែលជាបុគ្គលចាំជួយគ្នាទៅវិញទៅមកផ្តល់កម្លាំងចិត្តគាំទ្រ និងយល់ចិត្តគ្នាទាំងគ្រាក្រនិងគ្រាថ្កុំថ្កើង៕ លក្ខិណា