ការបរិច្ចាគ​សរីរាង្គ​មនុស្ស​នឹង​ក្លាយ​ជា​រឿង​ស្រប​ច្បាប់​នៅ​កម្ពុជា

កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រនេះបានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិការ ជាលិកា និងសរីរាង្គមនុស្ស។ សេចក្ដីព្រាងច្បាប់នេះគឺជាការបើកផ្លូវឲ្យពលរដ្ឋកម្ពុជាមានសិទ្ធិនៅក្នុងការបរិច្ចាគសរីរាង្គដូចជា ក្រលៀនទៅជនរងគ្រោះដោយគ្មានទោសទណ្ឌ។ សេចក្ដីព្រាងនេះក៏ជាផ្នែកមួយដើម្បីការពារពលរដ្ឋកម្ពុជាកុំអោយរងគ្រោះដោយសារការជួញដូរសរីរាង្គដោយមិនទទួលបានផលចំណេញត្រឡប់មកវិញតាមរយៈប្រាក់ថែទាំសុខភាព។

ការបរិច្ចាគ​សរីរាង្គ​មនុស្ស​នឹង​ក្លាយ​ជា​រឿង​ស្រប​ច្បាប់​នៅ​កម្ពុជារូបថតៈនេះគឺជាសរីរាង្គមួយផ្នែករបស់មនុស្ស

គោលបំណងរបស់រដ្ឋាភិបាលក្នុងការបង្កើតសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិការ ជាលិកា និងសរីរាង្គមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការការព្យាបាល ដោយការផ្សាំតម្រងនោម(ក្រលៀន)របស់ពលរដ្ឋកម្ពុជាមានការកើនឡើង។

តាមតួលេខពីមន្ទីពេទ្យនានាចំនួនអ្នកជំងឺទឹកនោមផ្អែមតំណាក់កាលចុងក្រោយដែលទាមទារថែទាំដោយការលាងឈាមជាប្រចាំបានកើនឡើងគួរអោយកត់សម្គាល់ដែលនេះជាភស្តុតាងមួយបញ្ជាក់ថា អ្នកជំងឺទាំងនេះត្រូវការជាចាំបាច់ការផ្សាំតម្រងនោមដើម្បីពន្យាជីវិត។

រដ្ឋាភិបាលគត់សម្គាល់ឃើញថា ចំនួនអ្នកជំងឺដែលខូចតម្រងនោមដែលរង់ចាំការផ្សាំតម្រងនោម បានកើនឡើងយ៉ាងលឿនពីមួយឆ្នាំទៅមួយឆ្នាំដោយសារកង្វះការបរិច្ចាកតម្រងនោម។ ហើយអតុល្យភាពរវាងតម្រូវការតម្រងនោមនិងការបរិច្ចាកតម្រងនោមបានជំរុញឲ្យមាននិន្នាការនៃការជួយដូរតម្រងនោមនៅក្នុងប្រទេសមិនឆ្លងដែន។

ក្នុងនោះប្រទេសដែលមានសេដ្ឋកិច្ចទាប ឫមធ្យមជាប្រទេសដែលប្រឈមខ្ពស់នឹងបញ្ហាជួញដូរតម្រងនោមដោយសារភាពក្រីក្រជំរុញឲ្យមនុស្សមួយចំនួនលក់តម្រងនោមរបស់ ខ្លួនតាមរយៈឈ្មួញកណ្ដាល។

ហេតុផលនេះហើយនាំឲ្យកម្ពុជាបង្កើតច្បាប់ស្ដីពីការគ្រប់គ្រងការបរិច្ចាគ ការផ្សាំ កោសិកា ជាលិកា និងសរីរាង្គមនុស្សដើម្បីការពារពលរដ្ឋកុំអោយរងគ្រោះដោយសារការជួញដូរសរីរាង្គនៅក្នុងប្រទេសនិងឆ្លងដែន។

សូមបញ្ជាក់ថា ក្រុមការងារសុខាភិបាលបានរៀបចំសេចក្ដីព្រាងច្បាប់នេះឡើង ហើយបានឆ្លងការប្រជុំបច្ចេកទេសជាបន្តបន្ទាប់រហូតសម្រចបានសេចក្ដីព្រៀងចុងក្រោយ និងបានឆ្លងការប្រជុំអន្តរក្រសួងកាលពីថ្ងៃទីខែកញ្ញា ឆ្នាំ២០១៥។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាក៏មានអ្នកឯកទេសធ្វើបានដែរក្នុងការបរិច្ចាគសរីរាង្គដូចជា ការប្តូរក្រលៀនដើម្បីសង្រ្គោះជីវិតមនុស្ស។

បន្ថែមពីលើនេះលោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវទៅប្រជាពលនិងអាជ្ញាធរឲ្យប្រុងប្រយ័ត្នចំពោះការសុំកូនខ្មែរទៅក្រៅប្រទេស ដែលអាចមានករណីខ្លះគឺយកទៅប្តូរសរីរាង្គអ្វីមួយដែលជាការជួញដូរកេងប្រវ័ញ្ចលើកុមារ៕

ប្រភពៈ RFI