ករណី​អាជ្ញាធរ​លក់​ដី​លិច​ទឹក​អតីត​ឡូត៍​នេសាទ​លេខ​១៤​នៅ​ឃុំ​ព្រែកតាទែន ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​

​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែកតាទែន បាន​ឲ្យ​ដឹងថា ដី​លិច​ទឹក​អតីត​ឡូត៍​នេសាទ​លេខ​១៤​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ត្រូវ​អាជ្ញាធរ​លួច​លក់​ទៅ​ឲ្យ​ឈ្មួញ ហើយ​ទម្លាក់​ការទទួលខុសត្រូវ​លើ​ប្រជាពលរដ្ឋ​យ៉ាង​គឃ្លើន​ទៅវិញ​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​ឃុបឃិត​គ្នា​លក់​អតីត​ឡូត៍​នេសាទ​លេខ​១៤​ទៅ​ឲ្យ​ឈ្មួញ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគាត់​បាត់បង់​ទីកន្លែង​សម្រាប់​ប្រកប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ចាត់វិធានការ​ដោះស្រាយ​បញ្ហា​នេះ​ជាបន្ទាន់ កុំ​ឲ្យ​មន្ត្រី​អាជ្ញាធរ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​គិតពី​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​តទៅទៀត​។

ទាក់ទង​បញ្ហា​នេះ​លោក ញឹម ជេ​ដ្ឋ មេឃុំ​ព្រែកតាទែន បាន​ទទួលស្គាល់ថា អាជ្ញាធរ​ពិតជា​បាន​លក់​ដី​បឹង​សាធារណៈ​របស់​រដ្ឋ​ទៅ​ឲ្យ​ឈ្មួញ​ពិតប្រាកដ​មែន ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​អំពី​ឈ្មោះ​ឈ្មួញ​ជា​អ្នកទិញ​ដីឡូត៍​នេសាទ​នោះទេ​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក គឺជា​អ្នក​ឃុបឃិត​គ្នា​លក់​ដី​អតីត​ឡូត៍​នេសាទ​នេះ ហើយ​បែរជា​ឆ្លើយ​យករួចខ្លួន​ថា ធ្វើតាម​សំណើ​របស់​ប្រជាពលរដ្ឋ​ទៅវិញ ដែលជា​អំពើអាក្រក់​បំផុត​។ ឥឡូវនេះ​ឈ្មួញ​កំពុង​បូម​ខ្សាច់​ចាក់​លុប​ដី​លិច​ទឹក​អតីត​ឡូត៍​នេសាទ​លេខ​១៤ ជា​រៀងរាល់ថ្ងៃ​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​គ្មាន​កន្លែង​សម្រាប់​ប្រក​បរបរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​តទៅទៀត​ទេ​។

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ព្រែកតាទែន បាន​ឲ្យ​ដឹងថា កន្លងមក​អតីត​ឡូត៍​នេសាទ​លេខ​១៤ គឺជា​កន្លែង​ដែល​ពួកគាត់​ប្រក​បរបរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ប៉ុន្តែ​ឥឡូវនេះ​កំពុង​ក្លាយទៅជា​កម្មសិទ្ធិ​ឈ្មួញ​គ្រប់គ្រង​ជា​សម្បត្តិ​ឯកជន​វិញ​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅ​រដូវប្រាំង​តំបន់​នេះ​គឺជា​កន្លែង​សម្រាប់​ពួកគាត់​ឃ្វាលគោ​ក្របី​រក​អុស​ជាដើម ប៉ុន្តែ​ឆាប់ៗ​ខាងមុខនេះ​ឈ្មួញ​កាន់កាប់​ទាំងស្រុង​តែម្តង ព្រោះ​គេ​កំពុងតែ​បូម​ខ្សាច់​ចាក់​លុប​ជា​បន្តបន្ទាប់ ដោយសារ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ដូច្នេះ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល និង​លោក វិត ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្ដាល ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ កុំ​ឲ្យ​ឈ្មួញ​បូម​ខ្សាច់​លុប​អតីត​ឡូត៍​នេសាទ​លេខ​១៤​យក​ធ្វើជា​កម្មសិទ្ធិ​តាម​អំពើ​ចិត្ត​ទៀត ហើយ​ត្រូវ​ចាត់វិធានការ​លើ​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពុករលួយ​ផងដែរ​៕

13267965_269031576785109_3561501423306590430_nលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល unnamed-12