មហាជន​កំពុង​រង់ចាំ​មើល​ចំណាត់ការ​របស់​សមត្ថ​កិច្ច និង​តុលាការ ទៅលើ​យាយ​ព្រឿង​

ឈ្មួញ​ឈើ​ជនជាតិ​យួន​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង គឺជា​ឈ្មួញ​ដែល​ល្បីល្បាញ​យ៉ាងខ្លាំង​ក្នុង​ការប្រមូលទិញ​ឈើ​ប្រណីត​ដឹក​ចូល​រោង​សិប្បកម្ម​របស់ខ្លួន​នៅ​ក្រុង​ស្ទឹងត្រែង ហើយ​បន្ត​ដឹក​តាម​រថយន្ត​យី​ឌុប​ទៅ​លក់​នៅ​ស្រុក​យួន ដោយ​កន្លងមក​មិន​ដែលមាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។ ទើបតែ​កាលពី​រំលងអធ្រាត្រ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦ កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ បាន​ចាប់​ឃាត់​រថយន្ត​យី​ឌុប​ដឹកឈើ​២​គ្រឿង​របស់​យាយ​ព្រឿង នៅលើ​ផ្លូវជាតិ​លេខ​៧ មុខ​ស្នាក់ការ​ទីបញ្ជាការ​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី​។ ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​ឃាត់ខ្លួន​អ្នកបើកប​រថយន្ត​២​នាក់ និង​ព្រូឡាន​៣​នាក់ ដើម្បី​យកទៅ​សួរចម្លើយ​ផងដែរ​។

​ប្រភពពី​សមត្ថកិច្ច​អាវុធហត្ថ​ដែល​ចូលរួម​បង្ក្រាប​រថយន្ត​យី​ឌុប​ដឹកឈើ​ប្រណីត​របស់​ឈ្មួញ​យួន​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង បាន​ឲ្យ​ដឹងថា រថយន្ត​ទាំង​២​គ្រឿង​នោះ​ដឹកឈើ​ប្រភេទ​ធ្នង់​៦៥​ម៉ែត្រគូប​បង្កប​ក្រោម​បាវ​អង្កាម​។ ចម្លើយសារភាព​របស់​អ្នកបើករថយន្ត​និង​ព្រូ​រថយន្ត​បាន​ឲ្យ​ដឹងថា ឈើ​ទាំងនោះ​ជា​របស់​យាយ​ព្រឿង ជា​ឈ្មួញ​យួន​រស់នៅ​ក្នុងភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ហើយ​ជា​អ្នក​បំផ្លាញ​ឈើ​ប្រណីត​ក្នុង​ខេត្តស្ទឹងត្រែង ឲ្យ​វិនាស​សាបសូន្យ​។ ហេតុនេះហើយ​ទើប​មហាជន​រង់ចាំ​មើល​ចំណាត់ការ​របស់​សមត្ថ​កិច្ច និង​តុលាការ ទៅលើ​ឈ្មួញ​យួន​រូបនេះ​តាមច្បាប់​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​កើតមាន​បទល្មើស​រត់ពន្ធ​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​តទៅទៀត​។

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ឈ្មួញ​យួន​ឈ្មោះ​យាយ​ព្រឿង មាន​ប្ដី​ជា​មន្ត្រីនគរបាល​នៅក្នុង​ខេត្តស្ទឹងត្រែង ហើយ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ផងដែរ​។ ដូច្នេះហើយ​ទើប​ច្រើន​ឆ្នាំ​កន្លងទៅនេះ​យាយ​ព្រឿង អាច​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​ក្រអឺតក្រទម​។ ប៉ុន្តែ​ថ្មីៗ​នេះ​ឈ្មួញ​ឈើ​ប្រណីត​ឈ្មោះ​យាយ​ព្រឿង ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ចាត់វិធានការ​បង្ក្រាប ដូច្នេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​រង់ចាំ​មើល​ដោយ​យកចិត្តទុកដាក់​ចំពោះ​វិធានការ​ផ្លូវច្បាប់​លើ​ឈ្មួញ​យួន​ម្នាក់នេះ​៕

ses-1-162 ses-2-149 IMG-20160524-WA0079ឈ្មួញយួនឈ្មោះ ហេង សំនៀង ហៅយាយព្រឿង