លោក នឹម ផល្លី ប្រធាន​ស្នាក់ការ​គយ​ច្រក​ទន្លេ​ចាម ល្បីឈ្មោះ​កាន់តែខ្លាំង​រឿង​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​

​រយៈពេល​ប៉ុន្មាន​កន្លងទៅនេះ​ករណី​លោក នឹម ផល្លី ប្រធាន​ស្នាក់ការ​គយ​និង​រដ្ឋាករ​ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចេញ​ឈើ​ប្រណីត​តាម​ច្រករបៀង​តា​ដោក និង​ក្រវៀន ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​មិនទាន់​ឃើញ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ចាត់វិធានការ​ទៅលើ​មន្ត្រី​ពុករលួយ​ដូចជា​លោក នឹម ផល្លី នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​រិះគន់ថា វិធានការ​កែទម្រង់​ស៊ីជម្រៅ​របស់​ស្ថាប័នគយ គឺជា​រឿង​ឥតន័យ​ព្រោះ​មន្ត្រី​គយ​នៅ​ច្រកព្រំដែន បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​តាម​អំពើ​ចិត្ត​ដដែល​។

​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​មួយចំនួន​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​លោក នឹម ផល្លី ប្រធាន​ស្នាក់ការ​គយ​និង​រដ្ឋាករ​ច្រក​ទន្លេ​ចាម បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ ក្នុង​មួយ​យប់ៗ​យ៉ាងហោចណាស់​មាន​រថ​យន្ត​យី​ឌុប​២​ទៅ​៣​គ្រឿង​ដឹកឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​តា​ដោក ច្រករបៀង​ក្រវៀន ហើយ​លោក នឹម ផល្លី រង់ចាំ​ទទួលផល​ប្រយោជន៍​យ៉ាង​សុខ​ស្រួល​ពី​សំណាក់​ក្រុម​ឈ្មួញ​ម្ចាស់​ឈើ​។ ទន្ទឹមនឹងនេះ​ការដែល​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន គឺមាន​ការឃុបឃិត​ជាមួយ​លោក ងី វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ផងដែរ​។

ភ្នាក់ងារ​គយ​តូចតាច​នៅ​ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន និង​ច្រករបៀង​ដែល​ខ្លួន​គ្រប់គ្រង គឺ​លោក នឹម ផល្លី ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ថ្មីៗ​នេះ​លោក នឹម ផល្លី ទិញ​វីឡា​ស្កឹមស្កៃ​មួយ​នៅ​តំបន់​បឹង​ស្នោ ខណ្ឌ​ច្បារអំពៅ មានតម្លៃ​រហូតដល់​ទៅ​៧០​ម៉ឺន​ដុល្លារ ហើយ​លុយ​នោះ​ត្រូវបាន​គេ​ដឹងថា ទទួល​ពី​ក្រុម​ឈ្មួញ​ដឹកឈើ​។ បញ្ហា​នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិនគួរ​មើលរំលង​នោះទេ ហើយ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​ផងដែរ​៕

13256134_507433719441723_8749833323857742471_nលោក នឹម ផល្លី ប្រធានស្នាក់ការគយច្រកទន្លេចាម custom-nim-phallay-timber-500x375