លោក ហ៊ុន ម៉ា​ណែ​ត ៖ រាជរដ្ឋាភិបាល​ធ្វើ​អ្វីៗ​ ដើម្បី​ប្រជាជន​ឲ្យ​រស់​នៅ​បាន​សុខ​ និង​មាន​ជីវភាព នៅ​ធូរធារ

លោក ហ៊ុន ម៉ា​ណែ​ត ៖ រាជរដ្ឋាភិបាល​ធ្វើ​អ្វីៗ​ ដើម្បី​ប្រជាជន​ឲ្យ​រស់​នៅ​បាន​សុខ​ និង​មាន​ជីវភាព នៅ​ធូរធារ



កំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា រាជរដ្ឋាភិបាល​ធ្វើ​អ្វីៗ​ ដើម្បី​ប្រជាជន​ឲ្យ​រស់​នៅ​បាន​សុខ​និង​មាន​ជីវភាព​នៅ​ធូរធារ និង​ការ​អភិវឌ្ឍ ព្រោះ​ថា​ រាជរដ្ឋាភិបាល​ប្រៀប​ដូចជា​ឪពុក​ម្តាយ​ចិញ្ចឹម​កូនចៅ​នៅ​ក្នុង​គ្រួសារ​មួយ។ គ្មាន​ឪពុក​ម្តាយ​ណា​មិន​ស្រឡាញ់​កូនចៅ​ខ្លួន​នោះ​ទេ គឺ​យក​ចិត្ត​ទុក​ដាក់​ចិញ្ចឹម​បីបាច់​ថែរក្សា​កូនចៅ​របស់​ខ្លួន។

លោក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​បែបនេះ​ក្នុង​ឱកាស​ ដែល​លោក​បាន​ចូលរួម​ក្នុង​ពិធី​កាត់​ឫស​សីមា​នៅ​វត្ត​គីរី​សោភ័ណ្ឌ ឃុំ​កាត់​ភ្លុក ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ថ្ងៃទី ២៧ ឧសភា ២០១៦។ លោក​មានប្រសាសន៍ថា ប្រទេស​កម្ពុជា​បាន​បញ្ចប់​សង្គ្រាម​ដោយសារ​យុទ្ធសាស្ត្រ​ឈ្នះ ឈ្នះ​របស់​រាជរដ្ឋាភិបាល ផ្សារភ្ជាប់​នឹង​សាសនា​ដែល​មិន​មាន​ការ​សង​សឹក យកទោស​គ្នា សណ្តោសប្រណី​ដល់​ខ្មែរ​ដូចគ្នា ដែល​កាលពី​អតីតកាល​ប្រជា​ពលរដ្ឋនៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ និង​នៅ​ទូទាំង​ប្រទេស​បាន​ជួប​នូវ​ការ​លំបាក​នៃ​សង្គ្រាម ប៉ុន្តែ​ថ្ងៃនេះ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​មាន​ភាព​សប្បាយ​រីករាយ​ដោយសារ​សន្តិភាព​និង​ការ​អភិវឌ្ឍ​។

លោក​បាន​គូស​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ធ្វើ​អ្វីៗ​ដើម្បី​ប្រជាជន​ឲ្យ​រស់​នៅ​បាន​សុខ​និង មាន​ជីវភាព​រស់នៅ​ធូរធារ និង​ការ​អភិវឌ្ឍ​ព្រោះថា​រាជរដ្ឋាភិបាល​ប្រៀប​ដូចជា​ឪ​ពុក​ម្តាយ ចិញ្ចឹម កូនចៅ​នៅ​ក្នុង​គ្រួសារ​មួយ។ គ្មាន​ឪពុក​ម្តាយ​ណា មិន​ស្រឡាញ់​កូនចៅ​ខ្លួន​នោះ​ទេ គឺ​យកចិត្តទុកដាក់​ចិញ្ចឹម​បីបាច់​ថែរក្សា​កូនចៅ​របស់​ខ្លួន​។ ជាក់​ស្តែង ថ្នាក់ដឹកនាំ​ដែល​ទទួលខុសត្រូវ​គឺ​បាន​យល់​និង​គិត​ពី​ប្រជាពលរដ្ឋ​ជានិច្ច​។ រាជរដ្ឋាភិបាល​បាន​ផ្តល់​ឱកាស​ឲ្យ​យុវជន​បាន​សិក្សា​រៀនសូត្រ ខិតខំ​រក​ជំនួយ​ពី​បរទេស​ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ និង​ខិតខំ​គៀងគរ​វិនិយោគិន​បរ​ទេស​ដើម្បី​ផ្តល់​ឱកាស​ការងារ​ជូន​កូនចៅ​ប្រជាពលរដ្ឋ និយាយ​ជា​រួម​ធ្វើ​អ្វីៗ​ដើម្បី​ឲ្យ​គាត់​រស់នៅ​បាន​សុខ​សប្បាយ និង​មាន​ជីវភាព​ធូរធារ​។

លោក​ ហ៊ុន ម៉ា​ណែ​ត បាន​រំលឹក​ឲ្យ​ឃើញ​ថា ការ​អភិវឌ្ឍ​ដូច​សព្វ​ថ្ងៃនេះ ​គឺ​បាន​មក​ពី​ឳ​កាស​ដែល​ប្រទេសជាតិ​មាន​មាន​សុខ​សន្តិភាព​ និង​បាន​មកពី​ការចូលរួម​ដោយ​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា សប្បុរសជន ព្រមទាំង​ផ្នែក​ដែល​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ហើយ​បាន​ធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​។ បើ​គ្មាន​ការចូលរួម​នេះ​ទេ ក៏​ប្រជាពលរដ្ឋ​មិន​អាច​ទទួល​បាន​សមិទ្ធ​ផល​ដូច​សព្វ​ថ្ងៃនេះ​ទេ។ សុខ​សន្តិភាព ​និង​ស្ថិរភាព​ដូច​សព្វថ្ងៃ​គឺជា​ការ​ផ្តល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​មាន​ពេលវេលា​និង​លទ្ធភាព​រួមចំណែក​ធ្វើបុណ្យ​ទាន​និង​កសាង​សមិទ្ធផល​នានា។

ក្នុង​ឱ​កាស​នោះ លោក ហ៊ុន ម៉ា​ណែ​ត បាន​សម្ដែង​អបអរសាទរ​និង​ថ្លែងអំណរគុណ​ចំពោះ​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​ដែល​មាន​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា​និង​ខិតខំ​កសាង​រួមគ្នា​នូវ​សមិទ្ធផល​នានា​នៅក្នុង​ទី​អារាម​នេះ ដែល​នេះ​គឺជា​ការចូលរួម​ការអនុវត្ត​គោលនយោបាយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​។ ជាមួយគ្នា​នោះ​ដែរ លោក​បាន​ចូលរួម​ផ្តល់​ដំបូន្មាន​ល្អៗ​និង​លើកទឹកចិត្ត​ឲ្យ​សិស្សានុ​សិស្ស យុវជន​ខិតខំ​ធ្វើខ្លួន​ជា​យុវជន​គំរូ ធ្វើជា​កូន​ល្អ និង​ខិតខំ​រៀន​សូត្រ​ដើម្បី​អនាគត ។

លោក យឹម សុខុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​លើកឡើង​ពី ស្រុក​បរសេដ្ឋ​បាន​ទទួល​នូវ​សមិទ្ធផល​ជាច្រើន​ក្នុង​នោះ​សមិទ្ធផល​ដែល​មិន​អាច​កាត់ថ្លៃ​បាន​ គឺ​សុខ​សន្តិភាព និង​ស្ថិរភាព​ដែល​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​រស់នៅ​មាន​សេចក្តីសុខ ​និង​ជីវភាព​រស់នៅ​ធូរធារ ព្រោះ​បើ​គិត​ពី​ប្រាក់ចំណូល​ដែល​កូនចៅ​ប្រជាពលរដ្ឋ​កម្មករ កម្ម​ការ​នី​ប្រមាណ​១២​ម៉ឺន​នាក់ ទទួល​បាន​នៅក្នុង​មួយ​ខែ ​គឺ​មាន​ទឹកប្រាក់​ចំនួន​២០​លាន​ដុល្លារ ដែល​ទាំងអស់​នេះ​ គឺជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បង្កើន​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។

បើ​តាម​របាយការណ៍​សាងសង់​បាន​ឱ្យ​ដឹង​ថា ព្រះវិហារ​ដ៏​ស្កឹមស្កៃ​ មាន​ក្បាច់រចនា​ដែល​ត្រូវ​បាន​ប្រារព្ធ​ពិធី​កាត់​ឫស​សីមា​នេះ​ និង​សមិទ្ធផល​នានា​រួមមាន​កុដិ សាលាឆាន់ ស្រះ​ទឹក ខ្លោងទ្វារ ដងទង់ បង្គន់​អនាម័យ ដែល​ត្រូវ​ដាក់​សម្ពោធ​នាពេល​នេះ បាន​ចាប់ផ្តើម​កសាង​នៅ​ឆ្នាំ​១៩៩៨ និង​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ​២០១៦ ដែល​ថវិកា​ចំណាយ​នេះ​បាន​មកពី​ការចូលរួម​ពី​សំណាក់​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត និង​ពុទ្ធបរិស័ទ​ក្នុង​និង​ក្រៅ​ប្រទេស​ដើម្បី​សម្រេច​បាន​នូវ​សមិទ្ធផល​ទាំងនេះ ៕

លោក ហ៊ុន ម៉ា​ណែ​ត ៖ រាជរដ្ឋាភិបាល​ធ្វើ​អ្វីៗ​ ដើម្បី​ប្រជាជន​ឲ្យ​រស់​នៅ​បាន​សុខ​ និង​មាន​ជីវភាព នៅ​ធូរធារ

លោក ហ៊ុន ម៉ា​ណែ​ត ៖ រាជរដ្ឋាភិបាល​ធ្វើ​អ្វីៗ​ ដើម្បី​ប្រជាជន​ឲ្យ​រស់​នៅ​បាន​សុខ​ និង​មាន​ជីវភាព នៅ​ធូរធារ

លោក ហ៊ុន ម៉ា​ណែ​ត ៖ រាជរដ្ឋាភិបាល​ធ្វើ​អ្វីៗ​ ដើម្បី​ប្រជាជន​ឲ្យ​រស់​នៅ​បាន​សុខ​ និង​មាន​ជីវភាព នៅ​ធូរធារ