ហេតុអ្វី​បាន​ជាលោកអូបាម៉ា​ទៅ​គោរព​វិញ្ញាណក្ខន្ធ ជនរងគ្រោះ​នៅហ៊ីរ៉ូស៊ីម៉ា?

លោកបារ៉ាក់ អូបាម៉ា នៅរសៀលថ្ងៃសុក្រទី ២៧ ឧសភា បានក្លាយជាប្រធានាធិបតីអាមេរិកទី១ ក្នុងប្រវត្តិសាស្រ្ត ដែលបានធ្វើដំណើរទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា ជាទី ដែលកាលពី៧១ឆ្នាំមុន អាមេរិកបានទម្លាក់គ្រាប់បែកបរិមាណូ សម្លាប់ជីវិតមនុស្សប្រមាណ១សែន ៤ម៉ឺននាក់។ លោកអូបាម៉ាបានជួបចាប់ដៃជនរងគ្រោះជប៉ុន ប៉ុន្តែ មិននិយាយសុំទោស ចំពោះការទម្លាក់គ្រាប់បែករបស់អាមេរិក ទៅលើប្រទេសជប៉ុន កាលពីខែសីហា ឆ្នាំ ១៩៤៥។

ហេតុអ្វី​បាន​ជាលោកអូបាម៉ា​ទៅ​គោរព​វិញ្ញាណក្ខន្ធ ជនរងគ្រោះ​នៅហ៊ីរ៉ូស៊ីម៉ា?

ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្រ្តីជប៉ុន នៅក្រោយដាក់ផ្កានៅស្តូបគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដោយការទម្លាក់គ្រាប់បែកបរិមាណូ នៅហ៊ីរ៉ូស៊ីម៉ា ថ្ងៃទី២៧ ឧសភា២០១៦

នៅក្រោយអាណត្តិរបស់ប្រធានាធិបតី ហារី ទ្រូម៉ាន ដែលបញ្ជារឲ្យទម្លាក់គ្រាប់បែកទៅលើហ៊ីរ៉ូស៊ីម៉ា និងណាកាស៊ីគី នៅឆ្នាំ ១៩៤៥ មានប្រធានាធិបតីអាមេរិក១១រូប ដែលមិនដែលដាក់ជើង ជាន់ហ៊ីរ៉ូស៊ីម៉ា ដែលជាប្រធានបទដ៏រសើបនៅអាមេរិក។

លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានដើរផ្លូវខុសពីប្រធានាធិបតីអាមេរិកមុនៗ។ អមដំណើរដោយ លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ លោកអូបាម៉ា បានដាក់កម្រងផ្កានៅមុខស្តូបជនរងគ្រោះ ដោយគ្រាប់បែកបរិមាណូអាមេរិក នៅហ៊ីរ៉ូស៊ីម៉ា

នៅថ្ងៃសុក្រ លោកអូបាម៉ា បាននិយាយថា លោកទៅហ៊ីរ៉ូស៊ីម៉ា ក៏ដើម្បីគោរពវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះជាទូទៅដែលបានស្លាប់នៅក្នុងសម័យសង្រ្គាម។ “ក្នុងរយៈពេលតែប៉ុន្មានឆ្នាំ មនុស្សប្រមាណ ៦០លាននាក់ស្លាប់ដោយសារសង្រ្គាម” នេះជាប្រសាសន៍របស់លោកអូបាម៉ា នៅហ៊ីរ៉ូស៊ីម៉ា។

តាមរយៈវត្តមានរបស់លោកនៅហ៊ីរ៉ូស៊ីម៉ា លោកចង់បញ្ជាក់ជំហរ និងការខិតខំប្រឹងប្រែង របស់លោក ដែលបានតស៊ូមតិឲ្យពិភពលោកគ្មាននុយក្លេអ៊ែរ។ ការប្រកាសប្តេជ្ញា ចង់បានពិភពលោកគ្មាននុយក្លេអ៊ែរ ដែលបានធ្វើឲ្យលោកទទួលបានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ ២០០៩ មួយឆ្នាំក្រោយជាប់ជាប្រធានាធិបតីអាមេរិក។ រហូតមក លោកអូបាម៉ាបានបើកចរចា ជាមួយរុស្ស៊ី រហូតសម្រេចបានអនុសញ្ញាដើម្បីកាត់បន្ថយក្បាលគ្រាប់នុយក្លេអ៊ែររួមគ្នា។

អាមេរិករបស់លោកអូបាម៉ាបានជំរុញឲ្យមានកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊េររបស់អ៊ីរ៉ង់។ ប៉ុន្តែ អាមេរិកនៅទាក់ មិនអាចបញ្ចុះបញ្ចូលកូរ៉េខាងជើង ឲ្យបោះបង់កម្មវិធីផលិតអាវុធនុយក្លេអ៊ែរ។ សម្រាប់លោកអូបាម៉ាពិភពលោកនៅតែអាចប្រឈមមុខនឹងសង្រ្គាមនុយក្លេអ៊ែរគ្រប់ពេលវេលា។

ដោយសម្រេចចិត្តទៅហ៊ីរ៉ូស៊ីម៉ា ទៅស្តាប់សំដីជនរងគ្រោះ លោកអូបាម៉ា ចង់បង្ហាញពីទុក្ខវេទនា ការឈឺចាប់របស់មនុស្ស ដែលជាលទ្ធផលនៃការប្រើអាវុធប្រល័យលោក។ មួយវិញទៀត អាមេរិកដែលជាប្រទេសតែមួយ ក្នុងលោក ដែលបានប្រើអាវុធនុយក្លេអ៊ែរ ក៏ចង់ធ្វើជាគំរូគេ ដើម្បីជំរុញឲ្យពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ។

ពាក្យសុំទោសដែលមិនលឺចេញពីមាត់លោក អូបាម៉ា
មានជីវិតមនុស្សប្រមាណ ២សែននាក់ បានស្លាប់ដោយសារការទម្លាក់គ្រាប់បែកបរិមាណូរបស់អាមេរិក ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាកាសាគី នៅចុងសង្រ្គាមលោកលើកទី ២។ នៅហ៊ីរ៉ូស៊ីម៉ា ជាទី ដែលលោកអូបាម៉ា ចូលទៅដាក់កម្រងផ្កា នៅរសៀលថ្ងៃសុក្រនេះ មានមនុស្សជាង ១សែន ៤ម៉ឺននាក់ បានស្លាប់ ដោយសារគ្រាប់បែកអាតូមិករបស់អាមេរិក ប៉ុន្តែ ថ្នាក់ដឹកនាំអាមេរិកមិនបាននិយាយពាក្យសុំទោសដល់គ្រួសារ ឬជនរងគ្រោះ។

លោកអូបាម៉ាធ្លាប់បានបញ្ជាក់ហើយថា លោកទៅហ៊ីរ៉ូស៊ីម៉ា ប៉ុន្តែ លោកនឹងមិនសុំទោស ចំពោះការដែលអាមេរិកទម្លាក់គ្រាប់បែកទៅលើហ៊ីរ៉ូស៊ីម៉ា និងណាកាសាគី កាលពីឆ្នាំ ១៩៤៥នោះទេ។

សម្រាប់លោកអូបាម៉ា វាមានសារៈសំខាន់ណាស់ ដែលគេត្រូវទទួលស្គាល់ថា នៅក្នុងកាលៈទេសៈ ធ្វើសង្រ្គាម ថ្នាក់ដឹកនាំអាចសម្រេចចិត្តគ្រប់បែបយ៉ាងទាំងអស់។

លោកអូបាម៉ាមិនសុំទោស ព្រោះលោកមិនចង់ឲ្យគេបន្ទោស ទម្លាក់ការទទួលខុសត្រូវលើអាមេរិក ដែលបានទម្លាក់គ្រាប់បែកសម្លាប់មនុស្សនៅជប៉ុន។ អ្នកនយោបាយ និងសាធារណជនអាមេរិកជាច្រើន មិនចង់ឲ្យប្រធានាធិបតីអាមេរិកសុំទោសទេ ព្រោះ ពួកគេយល់ថា ការទម្លាក់គ្រាប់បែកបរិមាណូអាមេរិក ធ្វើឡើងក្នុងបុព្វហេតុល្អមួយ គឺបានជួយបិទបញ្ចប់សង្រ្គាមលោកលើកទី២ ដោយបានចាប់បង្ខំឲ្យជប៉ុន ចក្រពត្តិនិយម យល់ព្រមចុះចាញ់ លែងធ្វើសង្រ្គាមសម្លាប់មនុស្សតទៅទៀត។

ម្យ៉ាងទៀត បើសិនលោកអូបាម៉ា សុំទោសជប៉ុន ដោយសារតែអាមេរិកបានទម្លាក់គ្រាប់បែក សម្លាប់មនុស្សនៅហ៊ីរ៉ូស៊ីម៉ា តើ អាមេរិកនឹងប្រឈមមុខបែបណានឹង ជនរងគ្រោះរបស់ប្រទេសផ្សេងទៀត ដូចជាចិន និងកូរ៉េជាដើម ដែលតាមពិតទៅ ធ្លាប់បានរងគ្រោះ ដោយការកាប់សម្លាប់ របស់យោធាជប៉ុន នៅក្នុងសង្រ្គាមលោកលើកទី ២នោះ។

ចិន ចង់ឲ្យអាមេរិកទៅគោរព វិញ្ញាណក្ខន្ធប្រជាជនដែលស្លាប់ដោយសារស្នាដៃយោធាជប៉ុនជាជាងទៅគោរពវិញ្ញាណក្ខន្ធ ជនជាតិជប៉ុន នៅ ហ៊ីរ៉ូស៊ីម៉ា
តាមសំដី របស់រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី ដែលគេឃើញ នៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃសុក្រនេះ ប្រជាជនស៊ីវិលជប៉ុនស្លាប់ច្រើន នៅក្នុងការទម្លាក់របស់អាមេរិក ប៉ុន្តែ អាមេរិក គួរតែទៅគោរពវិញ្ញាណក្ខន្ធ របស់ជនរងគ្រោះដោយសារស្នាដៃកាប់សម្លាប់ដ៏ឃោឃៅរបស់ទាហានជប៉ុន នៅណានជីង ប្រទេសចិន គឺវាប្រសើរជាង ទៅគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៅហ៊ីរ៉ូស៊ីម៉ា។

ចិនមិនគាំទ្រ និងមិនចង់ឃើញ ប្រធានាធិបតីអាមេរិកមានសមានចិត្ត ចំពោះជនជាតិជប៉ុន ព្រោះថា បើធ្វើដូច្នេះ គឺមានថា អាមេរិកបានចាត់ទុក ជនជាតិជប៉ុនជាជនរងគ្រោះទៅវិញ។

តាមទីក្រុងប៉េកាំង នៅឆ្នាំ១៩៣៧ ក្នុងរវាងតែ៦សប្តាហ៍ប៉ុណ្ណោះ ទាហានជប៉ុនដែលចូលរំលោភឈ្លានពាន ទីក្រុងណានជីង បានសម្លាប់ប្រជាជនចិន ដល់ទៅ ៣សែននាក់។

ប្រជាជនកូរ៉េខាងត្បូងឯណោះវិញ ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ដូចជប៉ុនដែរបានទាមទារឲ្យលោកអូបាម៉ាធ្វើការសុំទោស ផងដែរ ប៉ុន្តែត្រូវធ្វើឲ្យដាច់ដោយឡែកពីប្រជាជនជប៉ុន។ តាមសមាគមអតីតជនរងគ្រោះកូរ៉េខាងត្បូង មានប្រជាជនកូរ៉េខាងត្បូង ប្រមាណ ៥ម៉ឺននាក់ ដែលត្រូវទាហានជប៉ុនចាប់បង្ខំឲ្យធ្វើការនៅរោងចក្រ នៅហ៊ីរ៉ូស៊ីម៉ា បានស្លាប់ នៅក្នុងការទម្លាក់គ្រាប់បែកអាតូមិករបស់អាមេរិក។

ទោះជាចិន និងកូរ៉េខាងត្បូង ចោទថា យោធាជប៉ុនប្រើអំណាចផ្តាច់ការ កាប់សម្លាប់ប្រជាជនរបស់ប្រទេសជិតខាង ប៉ុន្តែ ប្រជាជនជប៉ុនមួយចំនួន នៅតែចង់ទាមទារឲ្យលោកអូបាម៉ាសុំទោស ព្រោះថា សម្រាប់ពួកគេ អាមេរិកបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយបានទម្លាក់គ្រាប់បែកសម្លាប់ប្រជាជនស៊ីវិល នៅហ៊ីរ៉ូស៊ីម៉ា។

ប្រជាជនជប៉ុនមិនចង់បានការសុំទោសពីអាមេរិក?
រដ្ឋាភិបាលជប៉ុន មិនអាចទាមទារឲ្យអាមរិកទទួលស្គាល់ សុំទោស ពីការដែលបានទម្លាក់គ្រាប់បែកសម្លាប់ប្រជាជនជប៉ុន ព្រោះថា ជប៉ុន និងអាមេរិកសព្វថ្ងៃ បានក្លាយពីសត្រូវមកជាសម្ព័ន្ធមិត្ត និងលើសពីនេះ បានក្លាយទៅជាមិត្តទៅទៀត។ នេះបើតាមការថ្លែងរបស់លោកអូបាម៉ា នៅថ្ងៃសុក្រនេះ នៅមុខស្តូប រំលឹកវិញ្ញាណក្ខន្ធ នៅហ៊ីរ៉ូស៊ីម៉ា។

ជប៉ុន នៅត្រូវការអាមេរិកដើម្បីទប់ទល់ ប្រឈមនឹងចិន និងកូរ៉េខាងជើង ដែលមានអាវុធប្រល័យលោក គ្រោះថ្នាក់គំរាមកំហែងជប៉ុន នាពេលបច្ចុប្បន្ននេះ។
 
ពីចំណែកប្រជាជនជប៉ុនវិញ គេមិនទាមទារឲ្យលោកអូបាម៉ាសុំទោស ព្រោះតែខ្លាចអូបាម៉ាមិនទៅហ៊ីរ៉ូស៊ីម៉ា។ សម្រាប់ជនរងគ្រោះជប៉ុន វត្តមានរបស់លោកអូបាម៉ាសំខាន់ជាងសំដីសុំទោសទៅទៀត។ ពួកគេភាគច្រើន ដែលរងគ្រោះដោយផ្ទាល់ ដោយគ្រាប់បែកនុយក្លេអ៊ែរអាមេរិក ចង់ឲ្យប្រធានាធិបតីអាមេរិកបានឃើញដោយផ្ទាល់ និងយល់ពីការឈឺចាប់ របស់អ្នកដែលរងប៉ះពាល់ដោយអាវុធនុយក្លេអ៊ែរ។ គេរំពឹងថា បើសិនប្រធានាធិបតីអាមេរិកបានយល់ពីការឈឺចាប់ នោះអាមេរិក ដែលមានគ្រាប់បែកនុយក្លេអ៊ែរមុនគេ និងជាប្រទេសតែមួយ លើលោក ដែលបានប្រើគ្រាប់បែកនុយក្លេអ៊ែរ នឹងជួយធ្វើយុទ្ធនាការដើម្បីពិភពលោកគ្មានគ្រាប់បែកនុយក្លេអ៊ែរ។

គ្មានជនរងគ្រោះណាដែលមិនចង់បានការសុំទោសពីអ្នកដែលបានបង្ករបួសស្នាម ដល់ខ្លួននោះទេ។ ប៉ុន្តែ ប្រជាជនជប៉ុន មិនអាចហារមាត់ ទាមទារឲ្យអាមេរិកសុំទោស ព្រោះវាដូចជាស្តោះលើទ្រូងឯងដូច្នេះដែរ។

ត្រូវដឹងថា បើគេសើរើ ទាមទារឲ្យប្រធានាធិបតីអាមេរិកសុំទោសជនរងគ្រោះជប៉ុន នោះ នាយករដ្ឋមន្រ្តីជប៉ុន ក៏ត្រូវធ្វើច្រើនជាងប្រធានាធិបតីអាមេរិក ព្រោះថា ជប៉ុន ក្នុងអតីតកាលបានធ្វើសង្រ្គាមកាប់សម្លាប់មនុស្សច្រើនណាស់។ រដ្ឋាភិបាលជប៉ុនត្រូវចេញមុខសុំទោស ប្រជាជនចិន កូរ៉េ និងអាស៊ីផ្សេងទៀត ដែលនៅទីនោះ យោធាជប៉ុនបានកាប់សម្លាប់ ចាប់មនុស្សស្រីមកធ្វើទាសករផ្លូវភេទរបស់ខ្លួន។ រដ្ឋាភិបាលជប៉ុនបច្ចុប្បន្នដែលហាក់ចង់សើរើ កែប្រែ មិនចង់ទទួលស្គាល់ការសុំទោសចំពោះជនរងគ្រោះដោយសារសង្រ្គាមឈ្លានពានរបស់ជប៉ុន នៅអតីតកាល ពិតជាមិនចង់ឲ្យប្រទេសផ្សេងទៀតនឹកនា ទាមទារឲ្យជប៉ុនសុំទោស និងទាមទារសំណងពីជប៉ុន កាន់តែច្រើន៕

ប្រភពៈ RFI