ស្រុក​ព្រៃ​នប់​​ចាក​ផុត​ពី​គ្រោះ​​អាសន្ន​

ខេត្ត​ព្រះ​សីហ​នុ ៖ អាកាសធាតុ​នៅ​ក្នុងស្រុក​ព្រៃ​នប់​ក៏​ដូច​ជា​ស្រុក​-​ក្រុង​ក្នុង​ខេត្ត​ព្រះ​សីហ​នុ នៅ​តែ​បន្ត​អួអាប់​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ជួន​ខ្លាំង ជួន​រលឹម​ទាំង​យប់ ​ទាំង​ថ្ងៃ តែ​ទោះបី​យ៉ាងណា ​ក៏​មិនសូវ​មាន​ផ្គរ​ឬ​រន្ទះ និង​ទឹក​ជន់​លិច​នោះ​ឡើយ ។

សូម​បញ្ជាក់​ថា នៅ​ខេត្ត​ព្រះ​សីហ​នុ​ជា​ពិសេស​ស្រុក​ព្រៃ​នប់​ ដែល​ជា​ស្រុក​ធំ​ជាងគេ​ក្នុង​ខេត្ត​មាន​រហូត​១៤​ឃុំ​នោះ ក្នុង​រយៈពេល​ប្រមាណ​ជា​ជាង​២​ខែ​កន្លង​មកនេះ​បាន​ជួប​ការ​ខ្វះ​ទឹក​ប្រើប្រាស់​ធ្វើ​ឱ្យ​អាជ្ញាធរ​ខេត្ត​-​ស្រុក​គ្រប់​ស្ថាប័ន​ដុតដៃដុតជើង ចំណាយ​ប្រាក់​រាប់​ម៉ឺន​ដូ​ល្លារ​ក្នុង​ការ​ទិញ​ទឹក​ប្រើប្រាស់ ទឹកបរិសុទ្ធ និង​ទិញ​សម្ភារ​សម្រាប់​ដាក់​ទឹក​ជូន​ប្រជាពលរដ្ឋ​។ មិនតែប៉ុណ្ណោះ ស្រះ​ជា​ច្រើន​កន្លែង​ត្រូវ​បាន​អាជ្ញា​ធរមាន​វិធានការ​ជីក​ស្តារ​ឡើង​វិញ ។

ផល​លំបាក​កង្វះ​ទឹក​នៅ​ក្នុង​តំបន់​ខាងលើ​ត្រូវ​បាន​រសាត់​បាត់​ត្រឹម​ពាក់កណ្តាល​ខែឧសភា​នេះ​ ដោយ​មាន​ភ្លៀង​ធ្លាក់​មក​ជា​បន្តបន្ទាប់ ហើយ​ថ្ងៃ​ទី​១៩ ឧសភា មាន​ភ្លៀងរលឹម​ជាប់​រហូត​មក​ទល់​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា នៅ​បន្ត​ភ្លៀងរលឹម ហើយ​ចំណែក​ទឹក​ស្អាត​ប្រើ​ប្រាស់​​ ដែល​អ្នកស្រុក​ហៅ​ថា ​ទឹក​គូប ក៏​ចាប់ផ្តើម​ដំណើរការ​ធម្មតា​វិញ​ដែរ ៕