​ក្រុមហ៊ុន​លោក​ឧកញ៉ា ចាន់ ឌឿ​ន សាងសង់​ស្ថានីយ៍​ប្រេងឥន្ធនៈ​ខុសច្បាប់​នៅ​ក្រុង​ស្ទឹងសែន​

មន្ត្រីរដ្ឋបាល​សាលាខេត្ត​កំពង់ធំ បាន​រាយការណ៍​ឲ្យ​ដឹង​នៅ​ក្នុ​សប្តាហ៍​នេះ ថា​ស្ថានីយ៍​ប្រេងឥន្ធនៈ​តេ​លា​ក្នុង​ក្រុង​ស្ទឹងសែន​ដែល​បាន​សាងសង់​នៅ​ដី​ចំណី​ស្ទឹង ស្ថិតនៅ​ក្នុងភូមិ​ស្ទឹងសែន សង្កាត់​កំពង់​ក្របៅ បានធ្វើ​ឲ្យ​ក្រុមអាជីវករ អាជ្ញាធរ​ឃុំ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​កំពង់​ក្របៅ កំពុងតែ​ពាក់មុខយក្ស​ដាក់គ្នា​ជុំវិញ​បញ្ហា​ពី​ភាពមិន​ស្របច្បាប់​របស់​ស្ថានីយ៍​ប្រេងឥន្ធនៈ​ខាងលើ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ម្ចាស់​ស្ថានីយ៍​ប្រេងឥន្ធនៈ​តេ​លា ត្រូវគេ​ដឹងថា​ជា​កូន​របស់លោក​ឧកញ៉ា ចាន់ ឌឿ​ន ដែល​គេ​ស្គាល់​ថា​ជា​ឈ្មួញ​តែងតែ​រកស៊ី​ខុសច្បាប់​នៅក្នុង​ខេត្តកំពង់ធំ​។​

យោងតាម​ឯកសារ​មួយច្បាប់​ជំនាន់​លោក ណាំ ទុំ អភិបាលខេត្ត​ចាស់ បាន​ឯកភាព​លើ​សំណើសុំ​សាងសង់​ស្ថានីយ៍​ប្រេង​តេ​លា បណ្តោះអាសន្ន ដែលមាន​ទំហំ​១០​ម៉ែត្រ គុណ​នឹង​២០​ម៉ែត្រ តែ​ពុំមែន​ជា​ប្លង់ដី ឬ​ប្លង់​កម្មសិទ្ធិ​នោះទេ ពោល គឺជា​កម្មសិទ្ធិ​ដី​របស់​រដ្ឋ តែ​បក្ខ​ពួកលោក​ឧកញ៉ា ចាន់ ឌឿ​ន បានធ្វើ​បំពាន​ច្បាប់ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ ។

​មន្ត្រីរដ្ឋបាល​សាលាខេត្ត​កំពង់ធំ បាន​ពន្យល់ថា ទន្ទឹមនឹង​ការផ្តល់​សិទ្ធិ​ខាងលើនេះ ក្រុមហ៊ុន​ប្រេង​របស់​បក្ខ​ពួកលោក​ឧក​ញ៉ា ចាន់ ឌឿ​ន  ត្រូវ​សាងសង់​កែលម្អ​សោភ័ណភាព​មាត់​ស្ទឹង ប្រវែង​២៣០​ម៉ែត្រ ដោយ​ក្រាល​ការ៉ូឡា ធ្វើ​ជណ្តើរ​ចំនួន​២ សម្រាប់​ចំណត​កាណូត តែ​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ ក្រុមហ៊ុន​ពុំទាន់​បាន​សាងសង់​អ្វី​បន្តិច​ឡើយ តែ​បែរជាយក​លិខិត​វិនិយោគ​ពី​សាលាខេត្ត​ធ្វើជា​ឧបករណ៍​បណ្តេញ​អាជីវករ ហើយ​សាងសង់​តូប​លក់​យកលុយ​ទៅវិញ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ ក្រុមអាជីវករ​លក់​ខោអាវ​ជជុះ និង​អ្នករត់ម៉ូតូឌុប បាន​បញ្ជាក់ថា ពួកគាត់​បាន​លក់ និង​រកស៊ី នៅ​តំបន់​ជម្លោះ​ជាច្រើន​ឆ្នាំ​មកហើយ តែ​ឥឡូវ​ម្ចាស់​ស្ថានីយ៍​ថា បើ​បងប្អូន​ណា​ចង់​លក់​ត្រូវ​កក់​លុយ​១០០​ដុល្លារ​អាមេរិក ហើយ​បង់​ប្រចាំខែ ក្នុង​១​ខែ​២០​ម៉ឺន​រៀល បើ​អ្នកណា​មិន​ព្រម គឺ​មិន​អនុញ្ញាត​ឲ្យ​លក់​ទៀត​ទេ​។ ចំពោះមុខ​បញ្ហា​នេះ ប្រជាពលរដ្ឋ បានស្នើ​ឲ្យ​មន្ត្រី​ជំនាញ​នៅ​សាលាខេត្ត​កំពង់ធំ​ចុះមក​ដោះស្រាយ​ឲ្យ​បាន​យុត្តិធម៌​ជូន​ពួកគាត់​ផង​៕

24-5-2016-12 24-5-20161