សញ្ញា​១០​យ៉ាង​បង្ហាញ​ថា​ អ្នក​ត្រូវ​ផ្លាស់​ប្ដូរ​​ទម្លាប់​ប្រើប្រាស់​​លុយ​កាក់​របស់​អ្នក​

វាមានភាពងាយស្រួលក្នុងការនិយាយថា អ្នកចង់ជោគជ័យក្នុងផ្នែកហិរញ្ញវត្ថុរបស់អ្នក ប៉ុន្តែសំណួរសួរថា តើអ្នកកំពុងដើរនៅលើផ្លូវទៅកាន់ភាពជោគជ័យនោះហើយឬនៅ? ប្រសិនបើនៅទេ ខាងក្រោមនេះ គឺជាសញ្ញា១០យ៉ាងដែលបង្ហាញថា អ្នកត្រូវផ្លាស់ប្ដូរទម្លាប់ប្រើប្រាស់លុយកាក់របស់អ្នក ដើម្បីឈានទៅរកភាពជោគជ័យដែលអ្នកចង់បាននោះ៖

១. អ្នកចំណាយក្នុងតម្លៃពេញៗសម្រាប់របស់គ្រប់យ៉ាង

អ្នកជាមនុស្សដែលឃើញអ្វីដែលស្រលាញ់ចូលចិត្តហើយ ទិញភ្លាមតែម្ដង ហើយហ៊ានចំណាយក្នុងតម្លៃពេញ ដោយមិនបានចំណាយពេលធ្វើការប្រៀបធៀបជាមួយនិងរបស់នៅក្នុងហាងផ្សេងទៀត។ ម្យ៉ាងទៀត អ្នកមិនចេះប្រើប្រាស់លុយដោយសន្សំសំចៃ ឬមិនដឹងពីវិធីសន្សំសំចៃលុយ។

២. អ្នកភ្លេចពីការចូលនិវត្តន៍របស់អ្នកក្នុងពេលអនាគត

ប្រសិនបើអ្នកដាក់លុយខ្លះសន្សំសម្រាប់ពេលដែលអ្នកចូលនិវត្តន៍ នោះមានន័យថា អ្នកកំពុងគិតគូរពីអនាគតរបស់អ្នក ហើយអ្នកចង់បានជីវិតដែលរីករាយដូចពេលបច្ចុប្បន្នដែរ ព្រមទាំងព្យាយាមធ្វើឲ្យមានតុល្យភាពរវាងពេលបច្ចុប្បន្ន និងអនាគត។ ផ្ទុយទៅវិញ ប្រសិនបើអ្នកគិតតែប្រើជីវិតបច្ចុប្បន្នឲ្យសប្បាយហ៊ឺហា ដោយមិនគិតពីពេលខាងមុខនោះ ដល់ពេលដែលអ្នកត្រូវកែប្រែទម្លាប់នេះហើយ។

៣. អ្នកនៅតែបន្តធ្វើអាជីវកម្មជាមួយនិងមនុស្សដដែល

អ្នកត្រូវបែងចែកឲ្យដាច់ពីគ្នារវាងការសម្រេចចិត្តខាងអាជីវកម្ម និងមិត្តភាព។ តើអ្នកធ្វើការងារជាមួយនរណាម្នាក់ ប្រកបដោយការគិតពិចារណាច្បាស់លាស់ ឬក៏ព្រោះតែគេជាមិត្តរបស់អ្នក? អ្នកត្រូវជួបស្គាល់មនុស្សដែលមានវិជ្ជាជីវៈឲ្យបានច្រើន ដូចជាភ្នាក់ងារធានារ៉ាប់រង អ្នកផ្តក់ដំបូន្មានខាងហិរញ្ញវត្ថុ គណនេយ្យករ និងមេធាវីជាដើម។

៤. តើអ្នកដែលប្ដូរធនាគារដែរឬទេ? ឬមិនដែលទេ?

តើអ្នកដែលសាកល្បងស្វែងរកធនាគារដែលអាចផ្ដល់អត្រាការប្រាក់ច្រើនជាងធនាគារដែលអ្នកកំពុងផ្ញើ ឬដាក់សន្សំលុយដែរ ឬទេ? ប្រសិនបើមិនដែលទេ នោះអ្នកគួរចាប់ផ្ដើមចំណាយពេលស្វែងរក ហើយផ្លាស់ប្ដូរគណនីរបស់អ្នក ដើម្បីឲ្យកើនប្រាក់របស់អ្នក ហើយវាក៏អាចជាផ្នែកមួយនៃជំនួញផងដែរ។

៥. អ្នកតែងតែចំណាយលុយ

មានចំណុចគួរឲ្យពេញចិត្តស្ទើរមិនគួរឲ្យជឿមួយចំនួន ចំពោះការសន្សំលុយទុកជាមុន ដូចនេះ អ្នកគួរចាប់ផ្ដើមសន្សំលុយចាប់ពេលនេះ ដោយមិនគិតតែពីចាយវាយលុយកាក់នោះទេ។

៦. អ្នកមិនដែលនិយាយថា “អ្នកគ្មានលុយគ្រប់គ្រាន់ទេក្នុងខែនេះ”

អ្នកត្រូវកែប្រែទម្លាប់នេះ ហើយចាប់ផ្ដើមចំណាយដោយផ្អែកលើអ្វីដែលមានតម្លៃ និងជាអាទិភាពសម្រាប់អ្នក។ អ្នកត្រូវហ៊ានឆ្លើយថា អ្នកមិនមានលុយគ្រប់គ្រាន់សម្រាប់ធ្វើ ឬទិញរបស់អ្វីមួយនោះទេ ព្រោះថាអ្នកមានអ្វីដែលសំខាន់ជាងត្រូវធ្វើ ឬទិញ មិនមែនត្រូវចំណាយ ឬមានលុយសម្រាប់គ្រប់យ៉ាងនោះទេ។

៧. តើអ្នកដែលអានសៀវភៅដែរឬទេ? ឬមិនដែលអានទេ?

អ្នកអាចមានជម្រើស និងចំណេះដឹងខាងផ្នែកលុយកាក់ច្រើនជាងមុន ប្រសិនបើអ្នកបោះបង់ចោលការមើលទូរទស្សន៍ខ្លះ ដើម្បីចំណាយពេលអានសៀវភៅអំពីការវិនិយោគ ទស្សនាវដ្ដីហិរញ្ញវត្ថុជាដើម។

៨. អ្នកមិនដែលសុំ ឬស្វែងរកជំនួយ

អ្នកអាចមិនស្វែងរកជំនួយព្រោះអ្នកគិតថា អ្នកអាចធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង ប៉ុន្តែអ្នកគួរកែប្រែទម្លាប់នេះ ព្រោះថាអ្នកត្រូវទទួលស្គាល់ថា អ្នកមិនមែនចេះ ឬអាចធ្វើអ្វីគ្រប់យ៉ាងនោះទេ ដូចនេះ អ្នកត្រូវស្វែងរកជំនួយពីអ្នកជំនាញណាម្នាក់ ដើម្បីជួយអ្នក ហើយវាមិនបានបង្ហាញថា អ្នកជាមនុស្សអន់ ឬទន់ខ្សោយនោះទេ។

៩. អ្នកមិនទទួលបានជំនាញថ្មី

ប្រសិនបើអ្នកមិនដែលចំណាយពេលរៀនសូត្រ ដើម្បីទទួលបានជំនាញថ្មីៗនោះទេ អ្នកគួរធ្វើការកែប្រែ ដោយចាប់ផ្ដើមធ្វើការវិនិយោគលើខ្លួនឯងឲ្យបានច្រើន ដើម្បីភាពរីកចម្រើនសម្រាប់ខ្លួនអ្នក ដូចជា ការរៀនឲ្យបានសញ្ញាប័ត្រខ្ពស់ជាងមុន រៀនយកវិញ្ញាបនបត្រផ្សេងទៀត រៀនជំនាញភាពជាដឹកនាំ និងរៀនជំនាញទំនាក់ទំនងជាដើម ដើម្បីធ្វើឲ្យអាជីពរបស់អ្នកកាន់តែប្រសើរឡើង។

១០. អ្នកមិនបានកំណត់ទិសដៅច្បាស់លាស់

អ្នកត្រូវកែប្រែដោយចាប់ផ្ដើមគិតពីការកំណត់គោលដៅសម្រាប់ជីវិតរបស់អ្នកក្នុងពេលអនាគត ថាអ្នកចង់ក្លាយជាបែបណា ចង់សម្រេចការងារអ្វីខ្លះ ចង់មានលុយប៉ុន្មាន។ បន្ទាប់មក អ្នកសរសេរពីជំហានដែលអ្នកត្រូវធ្វើ ព្រមទាំងកាលវិភាគសម្រាប់ជំហានទាំងនោះ ដើម្បីឈានទៅសម្រេចនូវគោលដៅនោះ។

ដូចនេះ ប្រសិនបើអ្នករកឃើញនូវសញ្ញាទាំង១០ខាងលើ នៅក្នុងខ្លួនអ្នក នោះអ្នកត្រូវតែធ្វើការកែប្រែទម្លាប់ទាំងនេះ ដើម្បីភាពជោគជ័យរបស់អ្នកក្នុងពេលបច្ចុប្បន្ន និងអនាគត។

ប្រែសម្រួល៖ Sophany
ប្រភព៖


  • សញ្ញា​១០​យ៉ាង​បង្ហាញ​ថា​ អ្នក​ត្រូវ​ផ្លាស់​ប្ដូរ​​ទម្លាប់​ប្រើប្រាស់​​លុយ​កាក់​របស់​អ្នក​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/28  Category:ចំនេះដឹង
Tags: