បុរស​ពោះម៉ាយ​ទុក្ខ​ប៉ុន​ភ្នំ​ ប្រពន្ធ​ទើប​ស្លាប់ ​ក្រោយ​សម្រាល​បាន​កូន​ទី​ ១២

ស្វាយរៀង: អង្គុយពោះផតស្វិតស្បែកជាប់ខ្នង ដៃចាប់ដបទឹកដោះគោក្រឡុកលាងពីក្នុងទឹកធុងយួរស៊ីម៉ងត៍ ទឹកមុខស្រពាប់ស្រពោន ភ្នែកបើកព្រឹមៗម្តងមើលចំមុខកូន ម្តងសម្លឹងទៅរូបថតប្រពន្ធទើបនឹងស្លាប់ដាក់តាំងនៅលើក្បាលដំណេកកូន បុរសវ័យ ៤៤ ឆ្នាំ ទិត ស៊ាន ពោលខ្សឹកខ្សួលដាក់ទារិកាជាកូនទី ១២ ទើបនឹងមានអាយុជាង ១០ ថ្ងៃថា៖ «កូនស្រីអភ័ព្វណាស់មកចាប់កំណើតជាមួយឪពុកម្តាយក្រីក្រ កូនអើយ! សូម្បីតែមុខម្តាយក៏កូនមិនបានឃើញទៀត!»។

បុរស​ពោះម៉ាយ​ទុក្ខ​ប៉ុន​ភ្នំ​ ប្រពន្ធ​ទើប​ស្លាប់ ​ក្រោយ​សម្រាល​បាន​កូន​ទី​ ១២

លោក ទិត ស៊ាន អង្គុយដាំស្លបណ្ដើរ ឱបកូនបណ្ដើរ ខណៈដែលកូនតូចៗឯទៀតរង់ចាំបាយឆ្អិន។ វុទ្ធី

អារម្មណ៍ក្តុកក្តួលរំជួលចិត្តធ្ងន់ហួសនឹងថ្លែងលើសពីបន្ទុកជីវភាពក្រីក្រកូនច្រើនដែលមុននេះពីរនាក់ប្តីប្រពន្ធស្មារឹងស្មើគ្នាប្រឹងទូលផង រែកផង និងពុនផង ដើម្បីរកអង្ករច្រកឆ្នាំងឲ្យក្រពះកូនៗឆ្អែតសឹងមិនទាន់។ ពីពេលនេះតទៅស្មាម្ខាងក៏បាក់ហើយ លោក ទិត ស៊ាន ត្រូវដើរតួនាទីជាម្តាយផងជាឪពុកផង បន្ទុកកាន់តែធ្ងន់ និងចាំបាច់ត្រូវនៅមើលថែកូនស្រីទី ១២ ទើបកើតមកក្រហមរងាល។

បុរសក្រីក្ររស់នៅក្នុងភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទើបក្លាយខ្លួនពោះម៉ាយ បន្ទាប់ពីភរិយាវ័យ ៤៥ ឆ្នាំដែលបានរៀបការរួមខ្នើយនឹងគ្នាជាច្រើនឆ្នាំបានផុតដង្ហើមក្រោយពីឆ្លងទន្លេកូនទី ១២ បានមិនដល់មួយម៉ោង។

បរិយាយពីគ្រោះអកុសលនាំឲ្យលោកកំព្រាភរិយាមួយប៉ប្រិចភ្នែកនោះ លោក ទិត ស៊ាន បានរៀបរាប់ទាំងអួលដើមកថា៖ «ប្រពន្ធខ្ញុំបានស្លាប់ក្រោយពីសម្រាលកូនរួច កំណើតកូនទី ១២ នេះដែលទើបនឹងមានអាយុជាង ១០ ថ្ងៃហ្នឹង»។

បុរស​ពោះម៉ាយ​ទុក្ខ​ប៉ុន​ភ្នំ​ ប្រពន្ធ​ទើប​ស្លាប់ ​ក្រោយ​សម្រាល​បាន​កូន​ទី​ ១២

លោក ទិត ស៊ាន លាងដបទឹកដោះគោឲ្យកូនស្រីអាយុជាង ១០ ថ្ងៃ។ វុទ្ធី

កែវភ្នែកសម្លឹងកូនមិនប្រិចទាំងទឹកនេត្រាដក់ក្នុងប្រឡង់ភ្នែកលោកថ្លែងឲ្យដឹងទៀតថា៖ «ប្រពន្ធខ្ញុំ គាត់ស្លាប់កាលពីថ្ងៃទី ១២ ខែមិថុនាស្លាប់ក្នុងមណ្ឌលសុខភាពក្រួស ស្ថិតក្នុងឃុំក្រួស ស្រុកស្វាយជ្រំ ហ្នឹងដែរ»។

ដោយអះអាងមិនបានដាក់ពាក្យប្តឹងអ្នកគ្រូពេទ្យឆ្មបដោយសារជីវភាពក្រីក្រ បុរសពោះម៉ាយបានត្រឹមតែពោលពាក្យហួសចិត្តខ្លួនឯងថា៖ «មិននឹកស្មានថាប្រពន្ធអាយុខ្លី កើតកូនច្រើនហើយ កូនទី ១២ សម្រាលទាំងសុខភាពល្អតែមួយរំពេចនាងធ្លាក់ឈាមច្រើនពេកនោះភ្លាមៗបញ្ជួនទៅពេទ្យធំស្វាយរៀងសង្គ្រោះដែរតែនាងស្លាប់តាមផ្លូវទៅចោលកូនភ្នែកខ្មៅរហង់ហ្នឹងទៅ»។

គ្រួសារអាស្រ័យតែរបរស៊ីឈ្នួលគេ និងធ្វើសំណង់បានព្រឹកហូបព្រឹកបានល្ងាចហូបល្ងាចនេះ ក្រោយពីភរិយាស្លាប់ទៅបុរសជាស្វាមីត្រូវរែកពុនបន្ទុកគ្រួសារតែម្នាក់ឯង ទាំងកិច្ចការដាំស្ល ដៃម្ខាងឱបកូន ដៃម្ខាងរុញកន្ទុយឧស ខណៈកូនតូចៗឲ្យរញង់អង្គុយចាំបាយឆ្អិនក្បែរចង្ក្រាន។

បុរស​ពោះម៉ាយ​ទុក្ខ​ប៉ុន​ភ្នំ​ ប្រពន្ធ​ទើប​ស្លាប់ ​ក្រោយ​សម្រាល​បាន​កូន​ទី​ ១២

រូបថតកូន ១២ នាក់ (ស្រី ៤ នាក់) ថតជាមួយកូនក្មួយអ្នកជិតខាង។ វុទ្ធី

លោក ទិត ស៊ាន ពោលទាំងដកដង្ហើមធំថា៖ «មួយជីវិតខ្ញុំនេះវាអភ័ព្វណាស់ហើយ ឪពុកម្តាយស្លាប់ចោលតាំងពីតូចៗពេលនេះមកកូនខ្ញុំកំព្រាម្តាយទៀត។ គ្មានចង់បានអ្វីទេខ្ញុំពេលនេះឲ្យតែមានបាយឲ្យកូនស៊ី និងកូនទី ១២ នេះនៅមានសុខភាពល្អទៅបានហើយ កុំឲ្យម្តាយទៅហើយកូនស្រីម្នាក់នេះទៅទៀត»។

បន្ថែមលើទុក្ខលំបាកនេះ លោក ក៏រងពាក្យចំអកចំអន់រឿងរកប្រពន្ធថ្មីមកជួយមើលកូនដែរ ប៉ុន្តែបុរសពោះម៉ាយកូន ១២ រូបនេះអះអាងថា៖ «មិនគិតទេរឿងប្រពន្ធអីនោះទៀត ពេលនេះសំខាន់ក្រពះកូនទាំង ១១ និងទឹកដោះគោមានកូនស្រីទី ១២ នេះបានបៅបំប៉នឲ្យនាងធំធាត់»។

បុរសទាល់ដៃជាប់មើលកូនខ្ចីខានដើររកស៊ីឈ្នួលរកប្រាក់ចិញ្ចឹមគ្រួសាររូបនេះប្ដេជ្ញាថា៖ «ខ្ញុំមិនមានលទ្ធភាពចិញ្ចឹមកូនឲ្យបានរៀនសូត្របានល្អដូចគ្រួសារគេមានជីវភាពធូរធារទេ តែក៏នឹងចិញ្ចឹមវាឲ្យធំដឹងក្តីដែរ ធំឡើងឲ្យពួកគេចេះរកស៊ីខ្លួនឯងបាន»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍