គ្រូ​ Lee ​ថា​គ្រាន់​តែ​ប្រកួត​មិត្តភាព ស្រប​ពេល​គ្រូ​ទីម័រ​ថា​ នឹង​ធ្វើ​ឱ្យ​​អ្នក​គាំទ្រ​ពេញ​ចិត្ត

ជំនួប​មិត្តភាព​រវាង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​និង​ទីម័រ​ខាង​កើត នឹង​ចាប់​ផ្ដើម​នៅ​ល្ងាច​ម៉ោង​៧​ស្អែក​នេះ ​នា​ពហុ​កីឡដ្ឋាន​ជាតិ។ ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម ​គ្រូ​បង្វឹក​ក្រុម​ទាំង​ពីរ​ខាង​មាន​មតិ​យោបល់​ផ្សេង​ៗ​គ្នា ដោយ​គ្រូ Lee Tae Hoon ​រំពឹង​ថា ​ដាក់​កីឡាករ​លេង​ទាំង​អស់ ខណៈ​ដែល​គ្រូ​ខាង​ទីម័រ​ខាង​កើត​ ចាត់​ទុក​ប្រកួត​នេះ​ ជា​ប្រកួត​សំខាន់ ហើយ​រំពឹង​ថា​អ្នក​គាំទ្រ​ក្រុម​ទាំង​សង​ខាង​នឹង​ពេញ​ចិត្ត។

 

គ្រូ​ Lee ​ថា​គ្រាន់​តែ​ប្រកួត​មិត្តភាព ស្រប​ពេល​គ្រូ​ទីម័រ​ថា​ នឹង​ធ្វើ​ឱ្យ​​អ្នក​គាំទ្រ​ពេញ​ចិត្តសន្និសីទកាសែត​កាល​ពី​ព្រឹកមិញ

 

ខាង​ក្រោម​នេះ​ជា​មតិ​យោបល់​ គ្រូ​បង្វឹក​ទាំង​សង​ខាង​ដែល​ធ្វើ​សន្និសីទកាសែត​កាល​ពី​ព្រឹកមិញ​នេះ​៖

 

លោក Lee Tae Hoon ​បញ្ជាក់​ថា​ ក្រុម​ទីម័រ​ខាង​កើត​បច្ចុប្បន្ន​នេះ​ជា​ក្រុម​ខ្លាំង​មួយ ដែល​មិន​អាច​មើល​ស្រាល​បាន​នោះ​ទេ ខណៈ​ដែល​កីឡាករ​ខាង​ក្រុម​កម្ពុជា​វិញ ​ក៏​អវត្តមាន​ច្រើន​ដែរ ព្រោះ​មួយ​ចំនួន​ត្រូវ​ជាប់​ភារកិច្ច​ជាមួយ​ក្រុម​ណាហ្គាវើល។ យ៉ាង​ណា​មិញ ​ប្រកួត​ស្អែក​នេះ លោក Lee ​នឹង​ដាក់​កីឡាករ​​​ចូល​លេង​ឱ្យ​បាន​ច្រើន ដើម្បី​ទុក​កម្លាំង​ខ្លះ ព្រោះ​នេះ​ គ្រាន់​តែ​ជា​ប្រកួត​មិត្តភាព​ប៉ុណ្ណោះ។

 

ងាក​ទៅ​ខាង​លោក Fabio Maciel ​គ្រូ​​បង្វឹក​ក្រុម​ទីម័រ​ខាង​កើត​វិញ ​ចាត់​ទុក​ប្រកួត​នេះ​ ជា​ប្រកួត​សំខាន់ ហើយ​ក៏​មិន​អាច​មើល​ស្រាល​ខាង​ណា​បាន​ដែរ។ ​ក្រុម​របស់​លោក​នឹង​ប្រឹង​ប្រែង​ប្រកួត​ឱ្យ​អស់​ពី​សមត្ថភាព ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។ ត្បិត​តែ​ក្រុម​របស់​លោក អវត្តមាន​កីឡាករ​សំខាន់​២​នាក់ ប៉ុន្តែ​កីឡាករ​ដទៃ​ទៀត​សុទ្ធ​តែ​មាន​សមត្ថភាព​ដូច​គ្នា អាច​ជំនួស​គ្នា​បាន។ ចំពោះ​លទ្ធផល​ឈ្នះ​ចាញ់ គ្រូ​បង្វឹក​រូប​នេះ​មិន​ដែល​គិត​ច្រើន​នោះ សំខាន់​ថា​តើ​ទម្រង់​លេង​កូន​ក្រុម​ល្អ​ប៉ុណ្ណា ព្រោះ​នេះ​ជា​ប្រកួត​មិត្តភាព ត្រៀម​ជម្រុះ AFC Asian Cup 2019 ខាង​មុខ៕

 

អត្ថបទ៖ មុន្នី រម្យ