លោក មួង ដា​រ៉ា មេ​គយ​ច្រក​ជ្រៃ​ធំ​នៅតែ​ល្បី​សម្រួល​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់ និង​បង់ពន្ធ​មិន​គ្រប់​ប្រមូល​លុយ​ច្រក​ហោប៉ៅ រហូតដល់​ល្បី​ថា​ទទួលបាន​ប្លង់រឹង​ក្នុង​មុខតំណែង​មេ​ច្រក​

​ខេត្តកណ្តាល ៖ សព្វថ្ងៃនេះ​សកម្មភាព ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ឆ្លងកាត់​ច្រក​ជ្រៃ​ធំ មកពី​ប្រទេស​វៀតណាម បាន​ក្លាយជា​ប្រភព​ចំណូល យ៉ាងហូរហៀ​របស់ លោក មួង ដា​រ៉ា ដែលជា​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​ជ្រៃ​ធំ​ស្ទើរ​ក្លាយជា​មហាសេដ្ឋី​ទៅហើយ​។ ហើយ​ជាធម្មតា លោក មួង ដា​រ៉ា បាន​យក​ឥទ្ធិពល​របស់​មន្ត្រី​ធំៗ មក​បន្លាច​ក្រុម​ឈ្មួញ​ឲ្យ​បង់លុយ​ទៅតាម​ការទាមទារ ជា​ថ្នូរ​នៃ​ការសម្របសម្រួល ឲ្យ​មានការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ច្រក​ជ្រៃ​ធំ​ដោយ​រលូន មិនចាំបាច់​ត្រួតពិនិត្យ ពោលគឺ​មួយរយៈ​ពេលដែល លោក មួង ដា​រ៉ា ឡើង​ធ្វើជា​មេ​គយ ប្រចាំ​ច្រក​ជ្រៃ​ធំ មិនថាតែ​មេ​ឈ្មួញ​មានអំណាច​ស័ក្តិយស​ពាក់​ផ្កាយ​ធំៗ​បាន​លំឱន​ខ្លួន​សុំ​ការយោគយល់​នោះទេ សូម្បីតែ​លោក​មេ​គយ គុណ ញឹម ក៏​មិន​ហ៊ាន​ប៉ះ​ពាល់​ផ្លាស់ប្តូ​រលោក មួង ដា​រ៉ា ដែរ។ ហើយមានការលើកឡើងពី​មន្ត្រី​គយ​មួយចំនួន និង​អ្នកតាមដាន​កំណែទម្រង់​គយ​ថា លោក មួង ដា​រ៉ា ទំនង​ទទួលបាន​ប្លង់រឹង​ក្នុង​មុខតំណែង​ជា​មេ​គយ​ច្រក​ជ្រៃ​ធំ​រហូតដល់​អាយុ​ចូលនិវត្តន៍​។​

​មានការ​បញ្ជាក់​ផងដែរ​ថា ឈ្មួញ​ទាំង​តូច​ទាំង​ធំ ដែល​រកស៊ី​ដឹកទំនិញ ឆ្លងកាត់​ច្រក​ជ្រៃ​ធំ មាន​ទំនាក់ទំនង​ល្អ ជាមួយ​លោក​មួង ដា​រ៉ា ដូចជា​ឧ​ត្ត​ម​សេនីយ៍​មួយចំនួន ដែល​នាំចូល ប្រភេទ​គ្រឿងសំណង់ ដូចជា ស៊ីម៉ងត៍ ក្បឿង ឥដ្ឋការ៉ូ ដែក ទំនិញ​ចាប់ហួយ និង​ថ្នាំពេទ្យ​គ្មាន​គុណភាព ត្រី​សាច់ ។​ល​។ ដឹកជញ្ជូន​ទាំងយប់​ទាំង​ថ្ងៃ​ប្រើប្រាស់​រថយន្ត​ផ្ទុក​លើស​ទម្ងន់ បំផ្លាញ​ផ្លូវ​និង​ស្ពាន តាមផ្លូវ​ជាតិ​លេខ​២១​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ទាំង​ពន្ធ និង​ស្ពាន ថ្នល់​យ៉ាងធ្ងន់ធ្ងរ​។ គេ​ដឹងថា មន្ត្រី​គយ​របស់លោក មួង ដា​រ៉ា បាន​ជួយ​សម្របសម្រួល ក្រូមេ​ឯកសារ ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ នាំ​ឲ្យ​ខាតបង់​ចំណូល​ពន្ធ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុង​មួយខែៗ មិនដែល​មាន​នរណាហ៊ាន​សួរនាំ​នោះទេ ព្រោះ​លោក មួង ដា​រ៉ា បាន​អួត​ប្រាប់​គេ​ថា គាត់​ប្រឹងរក​ចំណូល បង់​ជូន​ថ្នាក់លើ ហើយ​ជាក់ស្តែង​នោះ​ទៀត​គេ​ក៏មិនដែល​ឃើញ លោក មួង ដា​រ៉ា បង្ក្រាប​ទំនិញគេចពន្ធ​ម្តងណា​ឡើយ​។

​ដោយឡែក​បច្ចុប្បន្ន​កូនចៅ របស់លោក មួង ដា​រ៉ា បាន​ឃុបឃិត​ឲ្យ មាន​ការហូរចូល​ជ្រូក​ក្រហម ឬ​ជ្រូក​ត្រចៀក​ខៀវ មាន់ ទា ត្រី​ឆ្តោ និង​ម្ហូបអាហារ មាន​សារ​ធាតុគីមី មកពី​ប្រទេស​វៀតណាម តាម​ច្រករបៀង​ក្នុងស្រុក​កោះធំ យ៉ាង​ប្រ​សេក​ប្រសាច ក៏​ជា​ប្រភព​ចំណូល​មិនធម្មតា សម្រាប់​ជំនាញ​គយ របស់លោក មួង ដា​រ៉ា ដែល​អាច​ប្រមូល​លុយ យកទៅ​ធ្វើ​មាន​ធ្វើបាន តាមរបៀប​ពុករលួយ មិន​ខ្វល់ខ្វាយ​ចំពោះ​កំណែទម្រង់​គយ ឬ​ការរិះគន់​អ្វី​ឡើយ ព្រោះគេ​ឮ​​តៗ​គ្នា​ថា​លោក មួង ដា​រ៉ា បាន​បោះទុន​ទប់​មុខតំណែង​ទំនង​រហូត​មាន​ប្លង់រឹង​ទៀតផង​សូម្បីតែ លោក គុណ ញឹម អគ្គនាយក​គយ​ក៏​មិន​ហ៊ាន​ធ្វើកំណែទម្រង់​តួនាទី​លោក មួង ដា​រ៉ា នោះទេ។ ហេតុដូច្នេះ​ហើយ​ទើប​មន្ត្រី​តូចតាច​មួយចំនួន បានបញ្ជាក់ ​និង​រិះគន់ថា លោក មួង ដា​រ៉ា មិនដែល​ខ្វល់ខ្វាយ ចំពោះ​ចំណាត់ការ​ណាមួយ​ឡើយ ​បើទោះជា​ការសម្រេច​ប្រមូល​ពន្ធ​របស់គាត់​នៅមាន​បញ្ហា​មិន​ប្រក្រតី​ក៏ដោយ​៕

KA-19-03-2016-03