​កម្ពុជា​បញ្ចប់សង្គ្រាម​ដោយសារ​​​យុទ្ធសាស្ត្រ​ ឈ្នះ=ឈ្នះ​

ខេត្តកំពង់ស្ពឺ​ ៖ នៅ​ក្នុង​ពិធី​កាត់​ប្ញ​ស្សី​ម៉ា​នៅ​វត្ត​គិ​រី​សោ​ភណ្ឌ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា​ ​២០១៥ ​លោក​ហ៊ុន ម៉ា​ណែ​ត ​បាន​មាន​ប្រសា​ស​​ន៍​ថា ​ប្រទេស​កម្ពុជា​បាន​​បញ្ចប់សង្គ្រាម​ ដោយសារ​យុទ្ធសាស្ត្រ​ឈ្នះ​=ឈ្នះ​របស់​រាជរដ្ឋាភិបាល ផ្សា​ភ្ជាប់​នឹង​សាសនា​ ដែល​​មិន​មានការ​សងសឹក យកទោស​គ្នា សន្តោស​ប្រណី​ដល់​ខ្មែរ​ដូច​គ្នា ដែល​កាលពី​អតីតកាល​ ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​និង​នៅ​ទូ​ទាំង​ប្រទេស​ បាន​ជួប​នូវ​ការ​លំបាក​នៃ​សង្គ្រាម ប៉ុន្តែ​ថ្ងៃនេះ​ ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​មាន​ភាព​សប្បាយ រីករាយ​ដោយ​សា​រ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ន៍​ ។

លោក​បន្ត​ថា ​រាជរដ្ឋាភិបាល​ធ្វើ​អ្វី​ៗ​ ដើម្បី​ប្រជាជន​ឲ្យ​រស់នៅ​បាន​សុខ​ និង​មាន​ជីវភាពរ​នៅ​ធូ​រធា និង​ការ​អភិវឌ្ឍ​ន៍​ ព្រោះថា​រាជ​រដ្ឋាភិបាល​ប្រៀប ​ដូច​ជា​ឱ​ពុក​ម្តាយចិញ្ចឹម​កូនចៅ​នៅ​ក្នុង​គ្រួសារ​មួយ​ ។ គ្មាន​ឪពុក​ម្តាយ​ណា មិន​ស្រឡាញ់​កូនចៅ​ខ្លួន​នោះ​ទេ គឺ​យក​ចិត្តទុកដាក់​ចិញ្ចឹម​បីបាច់​ថែរក្សា​កូនចៅ​របស់​ខ្លួន ​។

ជាក់ស្តែង ថ្នាក់ដឹកនាំ​ដែល​ទទួលខុសត្រូវ​ គឺ​បាន​យល់​និង​គិត​ពី​ប្រជាពលរដ្ឋ​ជា​និច្ច​ ។ រាជរដ្ឋាភិបាល​ បាន​ផ្តល់​ឱកាស​ឲ្យ​យុវជន​បាន​​សិក្សា​​រៀនសូត្រ ខិតខំ​រក​ជំនួយ​ពី​បរទេស ​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ និង​ខិតខំ​គៀងគរ​វិនិយោគិន​បរទេស​ ដើម្បី​ផ្តល់​ឱកាស​ការងារ​ជូន​កូនចៅ​ប្រជាពលរដ្ឋ​និយាយ​ជា​រួម​ធ្វើ​អ្វី​ៗ​ ដើម្បី​ឱ្យ​គាត់​រស់នៅ​បាន​សុខ​សប្បាយ និង​មាន​ជីវភាព​ធូ​រធា ។

ការ​អភិវឌ្ឍ​ដូច​សព្វ​ថ្ងៃនេះ​គឺ​បាន​មក​ពី​អាកាស​ដែល​ប្រទេស​ជាតិ​មាន​មាន​សុខ​សន្តិភាព​និង​បាន​មក​ពី​ការ​ចូលរួម​ដោយ​ក្រុមការងារ​គណបក្ស​ប្រជាជន​សប្បុរសជន ព្រមទាំង​ផ្នែក​ដែល​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ហើយ​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​ ។

បើ​គ្មាន​ការ​ចូលរួម​នេះ​ទេ ក៍​ប្រជាពលរដ្ឋ​មិន​អាច​ទទួល​បាន​សមិទ្ធិ​ផល​ដូច​សព្វ​ថ្ងៃនេះ​ទេ​។ ហើយ​សុខ​សន្តិភាព​និង​ស្ថេ​រ​ភាព​ដូច​សព្វថ្ងៃ​គឺជា​ការ​ផ្តល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​មាន​ពេលវេលា​និង​លទ្ធភាព​រួមចំណែក​ធ្វើបុណ្យ​ទាន​និង​កសាង​សមិទ្ធិ​ផល​នានា​។