អាជ្ញាធរ​និង​ពលរ​ដ្ឋឃុំ​ខ្នាចរមាស​ អរគុណ​ម្ចាស់​គម្រោង​

ខេត្តបាត់ដំបង ​៖ អាជ្ញាធរ ប្រជា​ពលរ​ដ្ឋ​​ លោក​គ្រូ អ្នក​គ្រួ រួម​ទាំង​យុវ​សិស្ស រាប់រយ​នាក់​ផង  នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ឧសភា បាន​រៀបចំ​ពិធី​ជួបជុំ​មួយ នៅ​ក្នុង​«​អនុ​វិ​ទ្យ​ល័យ​ខ្នាចរមាស​» ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ដើម្បី​ថ្លែងអំណរគុណ​ដល់​ម្ចាស់​គម្រោង ដែល​បាន​ជួយ​ឧបត្ថម្ភ​ ជា​ថវិការ​ជួយ​ធ្វើ​អណ្ដូងទឹក​សម្រាប់​ប្រើប្រាស់ និង​ជួយ​កសាង​នូវ​សមិទ្ធផល​នានា នៅ​តាម​បណ្ដា​សាលារៀន ដែល​ផ្ដោត​សំខាន់​លើ​ការ​ជួយ​ទ្រទ្រង់​ផ្នែក​សេ​វា​សុខភាពដល់​សិស្សានុសិស្ស​នៅ​ក្នុង​មូល​ដ្ឋាន ​។

មេឃុំ​ខ្នាចរមាស លោក​ឡាំ វណ្ណ​នី បាន​ឲ្យ​ដឹង​ថា ពិធី​នេះ​បាន​ធ្វើ​ឡើង​ ដើម្បី​ជា​ការ​ថ្លែងអំណរគុណដល់​ម្ចាស់​គម្រោង ដែល​បាន​ផ្ដល់​ជា​ថវិកាមួយ​ផ្នែក​ធំ សម្រាប់​ជួយ​កសាង​នូវ​សមិទ្ធផល​នានា នៅ​តាម​បណ្ដា​សាលារៀន​ទាំងអស់​នៅ​ក្នុង​ឃុំ​ខ្នាចរមាស​ ។

លោក​​មេឃុំ​​​បន្ត​ថា គម្រោង​នេះ​ បាន​ផ្ដោត​សំខាន់​ទៅ​លើ​ផ្នែក​សេ​វាសុខភាព​ជូន​​ដល់​សិស្សានុសិស្ស​​តាម​សាលារៀន ដូច​ជា​ធ្វើ​អណ្ដូង​ទឹក រៀបចំ​ប្រព័ន្ធ​ទឹក​តាម​បន្ទប់ទឹក ធ្វើ​បង្គន់​អនាម័យ និង​រៀបចំ​ទីកន្លែង​សំរាប់​លាង​សំអាត​ដៃ​។​ល​។​និង​។​ល​។

យោង​តាម​​របាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា អង្គការ​ «Peace Corps និង Water Charity» បាន​ផ្ដល់​នូវ​គម្រោង​នេះ តាម​រយះ​កញ្ញា អេ​វី​លី​ន រ៉ូ​ម៉ា​ណូ អ្នក​ស្ម័គ្រចិត្ត​ផ្នែក​សុខភាព​ប្រចាំ​មណ្ឌល​សុខភាព​ខ្នាចរមាស​ ។ គម្រោង​នេះ ​ត្រូវ​បាន​អនុវត្ត​នៅ​គ្រប់​សាលារៀន​នានា និង​មណ្ឌល​សុខភាព នៅ​ក្នុង​ឃុំ​ខ្នាចរមាស​ទាំងមូល ដូច​ជា​ការ​ផ្ដល់​នូវ «​អណ្ដូងទឹក​ប្រើ​ដោយ​ម៉ូ​ទ័​រ​,​ផ្ដល់​បា​សាំង​ទឹក​ និង​ជើង​ទម្រ​,​ រៀបចំ​ប្រព័ន្ធ​ទឹក​តាម​បន្ទប់ទឹក​,​ សាងសង់​បង្គន់​អនាម័យ​ថ្មី និង​ជួសជុល​បង្គន់​អនាម័យ​ចាស់​ៗ,​ រៀបចំ​បន្ទប់ និង​កន្លែង​សម្រាប់​​​លាង​សំអាត​ដៃ និង​ចូលរួម​ធ្វើ​សិក្ខាសាលា​អប់រំ​ដល់​សិស្សានុសិស្ស​អំពី​ការ​ថែ​ទាំង​សុខភាព​។