កម្ពុជា​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​ អគ្គនាយក​គយ​អាស៊ាន​ លើក​ទី​២៥ ​ប្រកបដោយ​ជោគជ័យ

កម្ពុជា​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​ អគ្គនាយក​គយ​អាស៊ាន​ លើក​ទី​២៥ ​ប្រកបដោយ​ជោគជ័យ



ភ្នំពេញ ៖ កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៥ រយៈពេល​ពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៥ ដល់ ២៧ ខែឧសភា ឆ្នាំ​២០៦​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ ភ្នំពេញ​ពូ​គី​ត្រា ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​បាន​បញ្ចប់​ដោយ​ជោគជ័យ​។

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​អគ្គនាយកដ្ឋាន​គ​យ​ និង​រដ្ឋាករ​កម្ពុជា​ចេញផ្សាយ ​កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែ​ឧសភា​លទ្ធផល​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន លើក​ទី​២៥​នេះ បានសម្រេច និង​ឯកភាព​លើ​ការងារ​មួយ​ចំនួន ដូច​ខាងក្រោម​៖

១- ពិនិត្យ​វឌ្ឍនភាព​ការងារ នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​គយ ២០១៦-២០២០ ដែល​អនុវត្ត​ដោយ​ក្រុមការងារ កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​នីតិវិធី​គយ​, ក្រុមការងារ​អនុវត្ត​ច្បាប់​គយ និង​អនុ​លោក​ភាព និង​ក្រុមការងារ​កសាង​សមត្ថភាព​ចំណេះដឹង​គយ​។

២- អនុម័ត​លើ​ផែនការ​គោលដៅ ទូលំទូលាយ​របស់​រដ្ឋ​បាល​គយ​អាស៊ាន ឆ្នាំ​២០១៦-២០២៥​។

៣- អនុម័ត​លើ​គម្រោង​ក្រុមការងារ គ្រប់គ្រង​មជ្ឈមណ្ឌល​ប្រព័ន្ធ ឆ្លងកាត់​គយ​អាស៊ាន​។

៤- ព​ន្លឿ​ន​ការ​អនុម័ត​តារាង នាមវលី​ពន្ធគយ​អាស៊ាន​ឆ្នាំ​២០១៧ ដែល​មាន​៩៧​ជំពូក នា​ពេល​ដ៏​ខ្លី​សមស្រប​ខាងមុខ​។

​៥- ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន ព​ន្លឿ​ន​នីតិវិធី​ផ្ទៃក្នុង​របស់​ខ្លួន ក្នុង​ការ​រៀបចំ និង​ចុះហត្ថលេខា ដោយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន លើ​ពិធីសារ​ទី​២ ស្ដីពី​ការកំណត់​មាត់ច្រក​ព្រំដែន​ឆ្លងកាត់​។

​៦- ជំរុញ​ឲ្យ​ប្រទេស ជា​សមាជិក​អាស៊ាន​ព​ន្លឿ​ន នីតិវិធី​ផ្ទៃក្នុង​របស់​ខ្លួន ក្នុង​ការ​ផ្ដល់​សច្ចាប័ន លើ​ពិធីសារស្ដីពី​ប្រព័ន្ធ​ដឹកជញ្ជូន​ឆ្លងកាត់​។​

៧- ជ្រើសរើស​រដ្ឋាភិបាល​គ​យ​កម្ពុជា ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ សម្របសម្រួល​គយ​អាស៊ាន​លើក​ទី ​២៥ និង​លើក​ទី​២៦ សម្រាប់​ឆ្នាំ​២០១៦-២០១៧​។

ទន្ទឹម​នឹង​នេះ កិច្ចប្រជុំ​អគ្គនាយក​អាស៊ាន ក៏បាន​ប្រជុំ​ពិគ្រោះ​យោបល់ ជាមួយ​គណៈប្រតិភូ​រដ្ឋ​បាល​គយ ចិន ជប៉ុន កូរ៉េ និង​ការិយាល័យ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ទទួលបន្ទុក​កសាង​សមត្ថភាព របស់​អង្គការ​គយ​ពិភពលោក ដើម្បី​ពិនិត្យ​វឌ្ឍនភាព នៃ​កិច្ច​សហប្រតិបត្តិការ និង​ពិភាក្សា​យុទ្ធសាស្ត្រ ក្នុង​ការ​លើកកម្ពស់​កម្រិត កិច្ច​សហប្រតិបត្តិការ ពាក់ព័ន្ធ​នឹង​ការងារ​គយ ហើយ​បាន​ពិគ្រោះ​យោបល់ ជាមួយ​តំណាង​វិស័យ​ឯកជន​សំខាន់ៗ​ ចំនួន​បី​រួមមាន​៖

១- ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន អា​មេ​រិក​

២- ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន អ៊ឺរ៉ុប​

៣- បញ្ញើ​រហ័ស​អាស៊ី​-​ប៉ាស៊ីហ្វិក ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហការ​រវាង​រដ្ឋ​បាល​គយ និង​វិស័យ​ឯកជន ដើម្បី​លើក​កម្ពុជា​កិច្ច​សម្រួល​ពាណិជ្ជកម្ម​។​

​ឆ្លៀតឱកាស​ក្នុង​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៥​នេះ គណៈប្រតិភូ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដឹកនាំ​ដោយ​លោក គុណ ញឹម មាន​ប្រារព្ធ​កិច្ចប្រជុំ​ទ្វេភាគី​រវាង​រដ្ឋបាល​គ​យ​កម្ពុជា និង​រដ្ឋបាល​គយ​ទាំង​៥ រួមមាន រដ្ឋបាល​គយ​ចិន រដ្ឋបាល​គយ​កូរ៉េ រដ្ឋបាល​គយ​ថៃ រដ្ឋបាល​គយ​វៀតណាម និង​រដ្ឋបាល​គយ​ឡាវ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្លាស់​ប្តូរ​ព័ត៌មាន និង​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​កិច្ចការ​គយ។

លើស​ពី​នេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ក៏បាន​ប្រជុំ​ទ្វេភាគី ជា​មួយ​នឹង​សមាគម​វិស័យ​ឯក​ជន​សំខាន់ៗ​ចំនួន​៣ ខាងលើ ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហការ​រវាង​រដ្ឋ​បាល​គយ​កម្ពុជា វិស័យ​ឯកជន ពិភាក្សា​លើ​បញ្ហា និង​សំណូមពរ ព្រម​ទាំង​ពិនិត្យ​រក​ដំណោះស្រាយ ដើម្បី​កែលំអ​បរិយាកាស​វិនិយោគ និង​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​កម្ពុជា៕

កម្ពុជា​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​ អគ្គនាយក​គយ​អាស៊ាន​ លើក​ទី​២៥ ​ប្រកបដោយ​ជោគជ័យ