​សាក​វិធី​នេះ​មើល​! គេ​ថា អាច​ជួយ​ឲ្យ​កូន​ឆ្លាត​ណាស់

​សាក​វិធី​នេះ​មើល​! គេ​ថា អាច​ជួយ​ឲ្យ​កូន​ឆ្លាត​ណាស់

​តើ​អ្នក​នៅ​ចងចាំ ស្នាមញញឹម​របស់​ឪពុក​ម្តាយ​អ្នក ពេល​បង្ហាញ​កិច្ច​សាលា ដែល​អ្នក​ធ្វើ​បាន​ពិន្ទុ ១០ ដែរឬទេ​? វា​ពិតជា​អស្ចារ្យ​ណាស់ តើ​មែន​ទេ​? អឺចឹង តើ​អ្នក​ចង់​ញញឹម​បែបនេះ ពេល​កូន​ចូល​រៀន​ដែរ​ឬទេ​? ហើយ​តើ​ធ្វើ​ម៉េច​ទៅ ទើប​អាច​ឲ្យ​កូន​ឆ្លាត​វៃ​បាន​ទៅ​?

​ជា​ការពិត ឪពុក​ម្តាយ​គ្រប់រូប ប្រាថ្នា​ចង់បាន​កូន ដែល​មាន​សុខភាព​ល្អ ប្រាជ្ញា​ឆ្លាត​វៃ ហើយ​មាន​សម្រស់​ស្រស់ស្អាត​។ ពួកគេ​ខិតខំ​ធ្វើ​រឿង​គ្រប់បែបយ៉ាង ដើម្បី​អនាគត​កូន ចាប់តាំងពី​មិនទាន់​ពរ​ពោះ រហូត​ដល់​កើត ហើយ​ចម្រើន​វ័យ​ត​ទៅ​មុខ​ទៀត​។

​ការអប់រំ​កូន​បានល្អ ការ​រាំ​កំសាន្ត ការ​ហាត់ប្រាណ និង​តន្ត្រី អាច​បណ្តុះ​ជំនាញ និង​ភាព​ឆ្លាត​វៃ​របស់គេ​បាន ប៉ុន្តែ តើ​អ្នកដឹង​ទេ​ថា អ្នក​អាច​ជួយ​ឲ្យគេ​ឆ្លាត តាំងពី​នៅក្នុង​ផ្ទៃ​មក​ម្លេះ ពីព្រោះ ខួរក្បាល​របស់គេ ចាប់ផ្តើម​លូតលាស់ ពេល​នៅ​ក្នុង​ពោះ​ម្តាយ​។​

​ការ​ញ៉ាំ​ចំណីអាហារ ដែល​មាន​ជីវជាតិ និង​វីតាមីន​គ្រប់គ្រាន់ ពិតជា​អាច​បង្កើន​សមត្ថភាព និង​ភាព​ឆ្លាត​វៃ​របស់គេ​បាន ជាពិសេស អំឡុង​ពេល​មាន​ផ្ទៃពោះ​។
​ការសិក្សា​បាន​បង្ហាញថា ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យបាន​ច្រើន អាច​ជួយ​ដល់​ខួរក្បាល​របស់​កូន​ក្នុង​ផ្ទៃ ដូច្នេះ អ្នក​គួរតែ​ញ៉ាំ​បន្លែ និង​ផ្លែឈើ យ៉ាងហោចណាស់ ៦ មុខ​រាល់ថ្ងៃ ដើម្បី​កូន​ឆ្លាត និង​មាន​កម្រិត​បញ្ញា (IQ) ខ្ពស់​។​

​ការ​ហាត់ប្រាណ និង​កត្តា​ផ្លូវចិត្ត ក៏​មាន​ទំនាក់ទំនង នឹង​ភាព​ឆ្លាត​វៃ​នេះ​ផង​ដែរ​។ ដូច្នេះ ចូរ​ធ្វើយ៉ាងណា កុំឲ្យ​មាន​ស្ត្រេ​ស ពេល​អ្នក​កំពុង​ពរ​ពោះ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។