ភាគី​ថៃ​បិទ​ច្រកទ្វារ​អាន​សេះ​ ជា​ឯកតោភាគី​ បាន​មួយថ្ងៃ​ឥទ្បូវ​បើក​វិញ​ហើយ​

ភាគី​ថៃ​បិទ​ច្រកទ្វារ​អាន​សេះ​ ជា​ឯកតោភាគី​ បាន​មួយថ្ងៃ​ឥទ្បូវ​បើក​វិញ​ហើយ​



ព្រះវិហារ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា​ ច្រកទ្វារ​អន្តរជាតិ​អាន​សេះ ​ស្ថិតនៅ​ព្រំដែន​កម្ពុជា​ថៃ​ ជាប់​ព្រំប្រទល់​គ្នា​រវាង​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ ​និង​ខេត្ត​ឧ​ប៊ុន​រាជធានី​ ត្រូវ​បាន​ភាគី​ថៃ​បិទ​ច្រក​នេះ​ ដោយ​ឯកតោភាគី​កាលពី​ព្រឹក​ ថ្ងៃទី​២៥​ ខែឧសភា ឆ្នាំ​២០១៦​ ហើយ​រហូត​មក​ដល់រ​សៀ​ល​ថ្ងៃទី​២៦​ ខែឧសភា​ទើប​ខាង​ថៃ​សម្រេច​បើក​ច្រក​ទ្បើង​វិញ។

ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​ និង​អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត​ បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ភាគី​ថៃ​ ត្រង់​ច្រក​អាន​សេះ​ ដែលជា​កន្លែង​ណាត់​ជួប​ពិភាក្សា​ការងារ​ ដើម្បី​សម្របសម្រួល​គ្នា​ឈាន​ទៅ​បើក​ច្រកទ្វារ​អានសេះ​ឡើងវិញ​ ចាប់​តាំងពី​ព្រឹក​រហូតដល់​រសៀល​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦​ទើប​ទទួល​បាន​លទ្ធផល​។​

ជារឿយៗ​ខាង​ភាគី​ថៃ​តែងតែ​រំលោភ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​ ដែល​ព្រមព្រៀង​បើក​ច្រកទ្វារ​រួមគ្នា ​ប៉ុន្តែ​នៅ​ពេល​បិទ​ច្រក​ខាង​ថៃ​មិនដែល​បាន​ជូនដំណឹង​ ដល់​អាជ្ញាធរ​កម្ពុ​ជាមុន​នោះទេ​។ តាម​ការ​ឲ្យ​ដឹង​ ភាគី​ថៃ​បាន​បិទ​បើក​ច្រក​ជា​ឯកតោភាគី​ប្រមាណ​ ០៧​ដង​រួច​មក​ហើយ​។

លោក​ អ៊ុន​ ចាន់​ដា ​អភិបាលរង​ខេត្តព្រះវិហារ​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​ឧសភា​ ឆ្នាំ២០១៦​ថា ​មូល​ហេតុ​ដែល​ភាគី​ថៃ​ឈាន​ទៅ​បិទ​ច្រកទ្វារ​អាន​សេះ​ ជា​ឯកតោភាគី​ដោយសារ​ ខាង​កម្ពុ​ជាមាន​កសិករ​ចំណាកស្រុក​មួយ​គ្រួសារ​ បាន​ទៅ​កាប់ឆ្ការ​ព្រៃដាំ​ដំ​ទ្បូ​ង​មី​ក្បែរ​ច្រក​ទ្វារ​ ត្រង់​តំបន់​រក្សាទុក​និង​ហាមឃាត់​មួយ​។ ពេលនោះ​ខាង​ភាគី​ថៃ​បានសម្រេច​បិទ​ច្រកទ្វារ​តែម្តង​ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា​២០១៦​។

លោក​អភិបាលរង​ខេត្ត​បាន​បន្ត​ថា​ នៅ​ថ្ងៃទី ​២៦ ខែ​ឧសភា​ខាង​កម្ពុជា​យើង​ មាន​ក្រុមការងារ​ទំនាក់​ទំនង​ព្រំដែន​ និង​អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត​បាន​ទៅ​ជួបពិភាក្សា​ ជាមួយ​ភាគី​ថៃ​ដើម្បី​រក​ដំណោះស្រាយ​ បើក​ច្រកទ្វារ​ដូចដើម​ទ្បើង​វិញ​។ ក្នុង​កិច្ចពិភាក្សា​ភាគី​កម្ពុជា​ បានសម្រេច​រុះរើ​ខ្ទម​ស្នាក់នៅ​របស់​កសិករ​ខាងលើ​ចេញ​ តាម​ការ​ទាមទារ​ពី​ភាគី​ថៃ​ហើយ​បន្ទាប់មក​ ច្រកទ្វារ​អានសេះ​ ត្រូវ​បាន​ភាគី​ថៃ​សម្រេច​បើក​ទ្បើង​វិញ​។ លោក​អភិបាលរង​ខេត្ត​បញ្ជាក់​ថា ​ច្រកទ្វា​អាន​សេះ​ជាទី​ផ្សារ​ដោះដូរ​ទំនិញ​ម្ខាង​ម្នាក់​ គឺ​ខាង​ខ្មែរ​មាន​ផ្សារ​លក់ទំនិញ​ខាង​ខ្មែរ​ ហើយ​ខាង​ថៃ​មាន​ផ្សារ​លក់ទំនិញ​ខាង​ថៃ ​ដែល​នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ដី​នៅ​ច្រកទ្វារ​អន្តរជាតិ​អានសេះ​ មួយ​ផ្នែក​ត្រូវ​បាន​ក្រុមហ៊ុន​ទ្រី​ ភាព​ហ្គ្រុ​ប​វិនិយោគ​ សាងសង់​អាគារ​កាស៊ីណូ​ដ៏​ទំនើប​ ជិត​រួចរាល់​ហើយ​ប៉ុន្តែ​ឥ​ទ្បូ​វ​នេះ​ឮថា ​មាន​បើក​សង្វៀន​ជល់​មាន់ ​និង​ល្បែង​អាប៉ោង​បណ្តើរៗហើយ​ អ្នក​បើក​បន​ល្បែង​ហ្នឹង​ជា​សមត្ថកិច្ច​ប្រចាំ​ព្រំដែន​ មានអំណាច​ម្នាក់​ ដែល​សង្ស័យ​ថា បាន​ឃុបឃិត​ស្អិត​រមួត​ជាមួយ​អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត​៕