ពលរដ្ឋ​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​លោក លី យ៉ុងផាត់​ ជាង​២០០​គ្រួសារ​ដក​ពាក្យ​សុំ​អន្តរាគមន៍

ពលរដ្ឋ​នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ២១៦​គ្រួសារ ក្នុង​ចំណោម​ពលរដ្ឋ ៣៦៧​គ្រួសារ​ដែល​ធ្លាប់​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​របស់​ក្រុមហ៊ុន លោក​ឧកញ៉ា លី យ៉ុងផាត់ សម្រេច​ដក​ពាក្យ​ស្នើ​អន្តរាគមន៍​ពី​អង្គការ​សមធម៌​កម្ពុជា និង​រដ្ឋ​សភា។ ការ​សម្រេច​ដក​ពាក្យ​ប្ដឹង​នេះ បន្ទាប់​ពី​ពលរដ្ឋ​ទាំង​ជាង ២០០​គ្រួសារ មក​ពី​ភូមិ​ចំនួន ១២​នេះ បាន​ទទួល​​សំណង​ពី​ក្រុមហ៊ុន​ស្ករអំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា។

អតីត​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ប្រមាណ ២០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភា នេះ ជួបជុំ​គ្នា​នៅ​មុខ​អង្គការ​សមធម៌​កម្ពុជា ដើម្បី​ដាក់​លិខិត​សុំ​បញ្ចប់​ការ​ស្នើ​អន្តរាគមន៍​ពី​អង្គការ​មួយ​នេះ។

នៅ​ក្នុង​លិខិត​ដែល​ពលរដ្ឋ​ស្នើ​សុំ​ដក​ឈ្មោះ​របស់​ពួកគាត់​ទាំង ២១៦​គ្រួសារ ចេញ​ពី​ពាក្យ​បណ្ដឹង​ទាំង​ឡាយ​ដែល​អង្គការ​សមធម៌​កម្ពុជា បាន​ប្ដឹង​ទៅ​គ្រប់​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​កាល​ពី​ពេល​កន្លង​ទៅ។

តំណាង​ពលរដ្ឋ​ម្នាក់ គឺ​លោក ចេង សុភាព ថ្លែង​បន្ទាប់ពី​ជំនួប​ជាមួយ​អង្គការ​សមធម៌​កម្ពុជា​ថា ការ​សម្រេច​ដក​ពាក្យ​បណ្ដឹង​នេះ ក្រោម​ហេតុផល​តែ​មួយ​គត់​គឺ​ពលរដ្ឋ​ទទួល​បាន​សំណង​សមរម្យ។ លោក​បន្ថែម​ថា ចំពោះ​ការ​ផ្ដល់​សំណង ៥០០​ដុល្លារ ទៅ​ឱ្យ​ពលរដ្ឋ​ទាំង ២១៦​គ្រួសារ​នេះ ស្មើៗ​គ្នា​ដោយ​មិន​គិត​ពី​ទំហំ​ផ្ទៃដី​ដែល​ប៉ះពាល់​ដោយសារ​តែ​ដី​ទាំង​នោះ​មិន​មាន​ឯកសារ​ច្បាស់លាស់៖ «អត់​បាន​គិត​តាម​ទំហំ​ដី​ទេ ដោយសារ​តែ​ដី​ដែល​ពួកគាត់​កាន់កាប់​ហ្នឹង​វា​អត់​ច្បាស់លាស់។ ទី​មួយ​វា​អត់​មាន​ឯកសារ អ៊ីចឹង​តើ​យើង​ធ្វើ​ម៉េច​ដឹង​ថា ដី​គាត់​មាន​ទំហំ​ប្រាំ​ហិកតារ​ដូច​គាត់​ថា​មែន ពីព្រោះ​អង្ករ​វា​ក្លាយ​ជា​បាយ​ទៅ​ហើយ វា​មានតែ​អំពៅ មិន​ដឹង​គោលដៅ​យើង​ត្រូវ​វាស់​ពី​ណា ចេញ​ទៅ​ណា អ៊ីចឹង​វា​អត់​ច្បាស់​អត់​លាស់​ទេ​កន្លែង​ហ្នឹង»

​អំឡុង​ឆ្នាំ​២០១៥ ពលរដ្ឋ​បាន​ស្នើ​ឱ្យ​អង្គការ​សមធម៌​កម្ពុជា ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ភ្នំពេញ ស៊ូហ្គើរ (Phnom Penh Sugar) និង​ក្រុមហ៊ុន​កំពង់ស្ពឺ ស៊ូហ្គើរ (Kampong Speu Sugar) ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​វិនិយោគ​ពី​រាជរដ្ឋាភិបាល។

នាយក​ប្រតិបត្តិ​របស់​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី ថ្លែង​ថា ដំណោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ទាំង ២១៦​គ្រួសារ​នេះ នៅ​មាន​ភាព​មិន​ប្រក្រតី​នៅ​ឡើយ តែ​ទោះ​ជា​យ៉ាង​ណា​លោក​គោរព​តាម​ការ​សម្រេចចិត្ត​របស់​ពលរដ្ឋ​ក្នុង​ការ​សម្រេច​ដក​ពាក្យ​បណ្ដឹង។

លោក​បន្ថែម​ថា អង្គការ​សមធម៌​នៅ​តែ​បន្ត​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ផ្សេង​ទៀត​ដែល​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ៖ «មាន​គ្រួសារ​ច្រើន​ទៀត​ដែល​មិន​ព្រម​ទទួល​យក​សំណង​ហ្នឹង អ៊ីចឹង​អង្គការ​សមធម៌ ដរាប​ណា​គាត់​នៅ​ធ្វើ​ការ​ពឹង​ពាក់​អង្គការ​សមធម៌ ​យើង​នៅ​តែ​បន្ត​ចូលរួម​ធ្វើការ​ជាមួយ​គាត់ ក៏​ដូចជា​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដើម្បី​ឈាន​ទៅ​ដល់​ដំណោះស្រាយ​មួយ​សប្បាយរីករាយ​ទាំង​អស់​គ្នា»

​ក្រៅ​ពី​​ដាក់​លិខិត​ស្នើ​សុំ​បញ្ចប់​ការ​អន្តរាគមន៍​ដោះស្រាយ​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ របស់​លោក លី យ៉ុងផាត់ ពី​អង្គការ​សមធម៌​រួច​មក ក្រុម​ប្រជាពលរដ្ឋ​បន្ត​ទៅ​ស្នើ​សុំ​ដក​ញត្តិ​អន្តរាគមន៍​នេះ​ពី​រដ្ឋ​សភា​ជាតិ​ជា​បន្ត​ទៀត។

ចំណែក​មន្ត្រី​សម្របសម្រួល​បញ្ហា​ដីធ្លី​របស់​ក្រុមហ៊ុន​ភ្នំពេញ ស៊ូហ្គើរ លោក ស៊ិន សត្ថា ថ្លែង​ថា ក្រុមហ៊ុន​នឹង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ដែល​នៅ​សេសសល់​បន្ទាប់​ពី​ក្រុមហ៊ុន​ធ្វើការ​សិក្សា​ទៅ​ឃើញ​ថា ពលរដ្ឋ​ទាំង​នោះ​ពិតជា​រង​ផល​ប៉ះពាល់​ពិត​មែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។