ក្រសួងសេដ្ឋកិច្ចចេញប្រកាស ហាមមន្រ្តីរបស់ខ្លួន ​យករថយន្ត​ ពាក់ស្លាកលេខរដ្ឋ ចូលកន្លែងផឹកស៊ី និងក្លឹបកម្សាន្ត

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ បានចេញសេចក្តីណែនាំ​មួយប្រាប់ដល់ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការរបស់ខ្លួន ឲ្យមានការប្រុងប្រយ័ត្ន ក្នុងការយករថយន្ត​របស់រដ្ឋទៅប្រើប្រាស់​ដោយមិន​ត្រឹមត្រូវតាមគោលការណ៍​របស់ក្រសួង ជាពិសេសមិនត្រូវបើក រថយន្តទាំងនោះទៅកន្លែងកំសាន្តនានា ដូចជា ក្លឹបកំសាន្ត កន្លែងខារ៉ាអូខេ កន្លែងម៉ាស្សាជាដើម។

ក្រៅពីនោះក្រសួងសេដ្ឋកិច្ច បានបញ្ជាក់បន្ថែមថា រថយន្តពាក់លេខរដ្ឋ នឹងមិនត្រូវឲ្យអ្នកដទៃប្រើប្រាស់ក្នុងគោលបំណងផ្សេង ដែលមិនពាក់ព័ន្ធទៅនឹងការបំពេញភារកិច្ចរបស់ខ្លួនឡើយ។

សេចក្តីជូនដំណឹងរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៨ ខែឧសភានេះ បានបញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការ គ្រប់រូប និងគ្រប់លំដាប់​ថ្នាក់ ត្រូវប្រើប្រាស់រថយន្ត ពិសេសរថយន្តពាក់ស្លាកលេខរបស់រដ្ឋ ឲ្យបានត្រឹមត្រូវ និងមិនត្រូវប្រើប្រាស់រថយន្តពាក់ស្លាកលេខរដ្ឋ ក្រៅពីម៉ោងបំពេញការងារឡើយ ជាពិសេសមិនត្រូវបើក​រថយន្យទាំង​នោះ ទៅកន្លែងកំសាន្តនានា ដូចជា ក្លឹបកំសាន្ត កន្លែងខារ៉ាអូខេ កន្លែងម៉ាស្សាជាដើម៕

ខាងក្រោមនេះគឺជាខ្លឹមសារនៃសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ៖

ប្រភព ៖

ការកត់សម្គាល់ខ្មែរឡូត៖

គួររំលឹកថា កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ ឧសភា នៅ​មុខ​ស្ថានទូត​ថៃ តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្ដម ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន មាន

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរស​ម្នាក់​បើករថយន្ត​ទាំង​ស្ថានភាព​ស្រវឹង​ជ្រុល ​ទៅ​កៀ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ទៀត ដែល​ធ្វើ​ដំណើរ​ស្រប​​​ទិស​គ្នា​ បណ្តាល​ឱ្យ​រថយន្ត​ស៊េរី​ទំនើប​នោះ ​រង​ការ​ខូចខាត​ទ្វារ​ខាងស្តាំ ហើយ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ គឺ​អ្នក​បើករថយន្ដ​ដែល​កៀរ​គេ​ មិន​ចេញពី​រថយន្ត​មក​ដោះស្រាយ​ទេ ធ្វើ​ឱ្យ​ម្ចាស់​រថយន្ដ​ស៊េរី​ទំនើប​ខឹងសម្បា​យ៉ាង​ខ្លាំង​។ នៅក្នុងបើតាម​សាក្សី​ នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​មែរ​សឺ​ដេ​ស ពណ៌​ស ​ពាក់​ស្លាក​លេខភ្នំពេញ 2L-9988 ក្នុង​រថយន្ត​មាន​គ្នា​៣​នាក់ ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ពេល​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​ប្រា​ដូ ពណ៌​.ស ពាក់​ស្លាក​លេខ​រដ្ឋ 172-0242 បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា និង​មាន​បុរស​ម្នាក់​រួម​ដំណើរ​ ជាមួយ​ក្នុង​ទិស​ដៅ​ស្របគ្នា ។

ពេល​មក​ដល់​កន្លែង​កើតហេតុ រថយន្ត​ប្រា​ដូ​នោះ​បាន​បន្ថែម​ល្បឿន​ជែង​មក​ខាងស្តាំ ​ក៏​កៀ​រថយន្ត​មែរ​សឺ​ដេ​ស​បណ្តាល​ឱ្យ​រង​ការ​ខូចខាតទ្វារ ។ ភ្លាម​នោះ ​រថយន្ត​ដែល​បើក​កៀរ​គេ មិន​ព្រម​ឈប់ដោះស្រាយ​គ្នា​ទេ និង​បាន​ព្យាយាម​បើក​រត់​តែ​ត្រូវ​រថយន្ត​ដែល​រង​ការ​ខួច​ខាត​បើកដេញ​តាម​ ឃាត់​ចម្ងាយ​ប្រហែលជា​ ១០០​ម៉ែត្រ​ទើប​ស្ទាក់​ចាប់​បាន ។

បើ​តាម​សម្ដី​របស់​ម្ចាស់​រថយន្ដ​មែរ​សឺ​ដេ​ស​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បើករថយន្ត​កៀរ​រថយន្ត​គាត់​ហើយ គេ​មិន​ព្រម​ចុះ​មក​ដោះស្រាយ​គ្នា​ទេ ព្រមទាំង​យកឈ្មោះ​អ្នកធំ​មក​ប្រើ​ថែម​ទៀត​ផង ធ្វើ​ឱ្យ​គាត់​ក្ដៅចិត្ដ ក៏​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ឱ្យ​វាស់​ជាតិ​អាល់កុល​អ្នក បើកបរ​រថយន្ត​ប្រា​ដូ​នោះ ហើយ​លទ្ធផល​នៃ​ការ​វាស់​ជាតិ​អាល់កុល​ជន​បង្ក​មាន​កម្រិត​ជាតិ​ស្រវឹង​០,៨២​ក្នុង​មួយ​លី​ត្រ​ខ្យល់ ។

ក្រោយ​ពល​កើតហេតុ​ សមត្ថកិច្ច​បាន​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ ខណ្ឌចំការមន​រង់ចាំ​ដោះ ស្រាយ​នៅ​ពេល​ក្រោយ ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រសួងសេដ្ឋកិច្ចចេញប្រកាស ហាមមន្រ្តីរបស់ខ្លួន ​យករថយន្ត​ ពាក់ស្លាកលេខរដ្ឋ ចូលកន្លែងផឹកស៊ី និងក្លឹបកម្សាន្ត

ក្រសួងសេដ្ឋកិច្ចចេញប្រកាស ហាមមន្រ្តីរបស់ខ្លួន ​យករថយន្ត​ ពាក់ស្លាកលេខរដ្ឋ ចូលកន្លែងផឹកស៊ី និងក្លឹបកម្សាន្ត