​ប្ដី​ចេញមុខ​អះ​អាង​ថា​ មូលហេតុ​លែង​លះ​គ្នា ​មកពី​ប្រពន្ធ​នាំ​ប្រុស​មក​ដេក​លើ​ផ្ទះ រីឯប្រពន្ធថា មិនពិត​

​ប្ដី​ចេញមុខ​អះ​អាង​ថា​ មូលហេតុ​លែង​លះ​គ្នា ​មកពី​ប្រពន្ធ​នាំ​ប្រុស​មក​ដេក​លើ​ផ្ទះ រីឯប្រពន្ធថា មិនពិត​



ប៉ោយប៉ែត ៖ បុរស​ជា​ប្ដី​បាន​ចេញមុខ​ បកស្រាយ​ជា​ផ្លូវការ​ហើយ ​ទាក់ទិន​នឹង​រឿង​លែងលះ​ប្រពន្ធ​ តា​ម​ប្រព័ន្ធ​តុលាការ​ ដោយសារតែ ​ប្រចណ្ឌ​ទៅលើ​ខាង​ស្រី​ បន្ទាប់ពី​ឃើញ​នាង​នាំ​សហាយ​ស្មន់​ ចូល​ដេ​ក​ក្នុង​បន្ទប់​ពេញ​១​យប់ ​ទើប​សម្រេចចិត្ត​ប្ដឹង​ទៅ​តុលាការ​តែ​ម្តង​ទៅ​។​

ចំពោះ​បុរស​ដែល​បាន​ប្ដឹង​ប្រពន្ធ​ចូល​តុលាការ ​ដើម្បី​ប្ដឹង​លែង​លះ​គ្នា​នោះ ឈ្មោះ នង សាន់​ដេ អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​និមិត្ត​១ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឯ​នាង​ជា​ប្រពន្ធ​ឈ្មោះ ប៉ាល់ ជានិច្ច អាយុ​២៣​ឆ្នាំ មានកូន​ស្រី​ម្នាក់​អាយុ ៤​ឆ្នាំ សព្វថ្ងៃ​ក្រុម​គ្រួសារ​នេះ ​បាន​បែកបាក់​ទៅ​ហើ​យ​ ដោយសារតែ​រឿង​ប្រច័ណ្ឌ​កន្លងទៅ​។​

បុរស​ជា​ប្ដី​ដែល​មាន​ឈ្មោះ​ខាងលើ​ បាន​អះអាង​ប្រាប់​ កម្ពុជា​ថ្មី​ តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៦​នេះ​ថា មុន​ពេល​កើតហេតុ ខ្លួន​បាន​រៀបការ​ជាមួយ​មនុស្ស​ ដែលខ្លួន​ស្រលាញ់​តាំង​ពី​ឆ្នាំ​២០០០​មក​ម្ល៉េះ ​រហូត​ទទួលបានដំណក់ឈាមកូន​ស្រី​ម្នាក់។ បុរស​នោះ​បន្ត​ទៀត​ថា ក្រោយពី​បាន​គ្នា​ជា​ប្ដី-​ប្រពន្ធ​​រួច​មក ​នាង​ជា​ប្រពន្ធ​មិនសូវ​ស្តាប់​ការណែនាំ​របស់​ប្ដី​ប៉ុន្មាន​នោះ​ទេ រហូត​នាំ​ខ្ទើយ ឬ​ហៅថា​ប្រុស​ឈ្មោ​ល​ក៏​ថា​បាន មក​ដេក​នៅក្នុង​បន្ទប់​ពេញ​១​យប់ ​ចាប់ពី​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៩ ​រហូតមកដល់​ម៉ោង​១០​ព្រឹក ក្នុង​ថ្ងៃទី​២០ ​ហើយ​គេ​ដើរលេង​រួមគ្នា​នៅពេល​យប់​ទៀត​ផង។

បុរស​រូប​នោះ​បាន​បន្ត​ទៀត​ថា គ្មាន​ចិត្ត​បុរស​ជា​ប្ដី​ណា​ អាច​តស៊ូ​ទ្រាំ​នឹង​ទង្វើ​ ដែល​ប្រពន្ធ​ធ្វើ​បែប​នោះ​បាន​ឡើយ នៅ​ពេល​ដែល​​លែងលះ​បែរ​ជា​ចោទ​ថា ​គេ​ប្រើ​អំពើ​ហិង្សា​ទៅវិញ ​ហើយ​ចោទ​ថា ​លោ​ក​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ ​នោះ​គឺ​គ្មាន​ទេ ​ការ​ពិត​ទៅ​ខ្លួន​មាន​រថយន្ត​ម៉ាក​បា​ឡែ​ន ១​គ្រឿង ស៊េរី​២០​០៣ ពណ៌​ទឹកមាស​ ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​ខ្លួន ខណៈ​ពេល​នេះ​ បាន​យក​ទៅ​លក់​សងបំណុល​គេ​ ហើយ​អេសស្ការ​កាយ​ដី​ ដែល​តុលាការ​បាន​ចេញ​ដីកា ​សម្រេច​ប្រគល់​ជូន​ខាង​លោក​វិញ នោះ​គឺ​ខាង​ប៉ា​ក្មេក​ ឈ្មោះ​ ប៉ាល់ សេ​ដ្ថា មាន​មុខងារ​ជា​ចៅសង្កាត់​និមិត្ត​សព្វ​ថ្ងៃ​នេះ បាន​ដក​យក​ទៅ​ទុក​នៅផ្ទះ​របស់​ខ្លួន​ ដោយ​មិន​ព្រម​អនុវត្ត​តាម​ដីកា​របស់​តុលាការ​ឡើយ​ ហើយ​គ្រឿងចក្រ​១​គ្រឿង​នោះ ​ខ្ញុំ​បាន​ចងការ​លុយ​ពី​ធនាគារ ​ដើម្បី​ទិញ​គ្រឿងចក្រ​មក​ប្រកបមុខរបរ​ ប្រចាំថ្ងៃ​តែប៉ុណ្ណោះ រឿង​អី​បានជា​ខា​ង​ប៉ា​ក្មេក​ មិន​ព្រម​ប្រគល់​គ្រឿងចក្រ​មក​ឲ្យ​ខ្ញុំ​វិញ​នោះ ហើយ​ហ៊ាន​មក​ចោទ​ថា ​ខ្ញុំ​ប្រើ​ហិង្សា​ និង​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ ខុសពី​ការពិត​ទាំងស្រុង​តែម្តង។ សូម​លោក​ខាង​កាសែតមេត្តា​ជួយ​រក​យុត្តិធម៌​ជូន​ខ្ញុំបាទ​ផង។​

ទាក់ទិន​នឹង​រឿងរ៉ាវ​ខាងលើ​នេះ​ នាង​ជា​ប្រពន្ធ​ ឈ្មោះ​ ប៉ាល់​ ជានិច្ច​ បាន​ធ្វើ​ការ​បំភ្លឺ​ជូន​ញាតិសន្តាន​ឲ្យ​បាន​ជ្រាប​ថា ចំពោះ​ការ​ចោទ​​របស់​បុរស​ជា​ប្ដី​ថា នាង​នាំ​ប្រុស​ទៅ​ដេក​ក្នុង​បន្ទប់​នោះ​ គឺ​វា​មិន​ពិត​ទេ។ បើ​នាង​មានគំនិត​អាក្រក់​ផិត​ប្ដី​វិញ​នោះ​ គឺ​នាង​នាំ​ប្រុស​ទៅ​ដេក​ក្នុង​ផ្ទះសំណាក់​អស់​តែ​១​ម៉ោង ឬ​២​ម៉ោង វា​ជា​ការ​ស្រេច​ទៅ​ហើយ​ មិនបាច់​នាំ​ប្រុស​មក​ផ្ទះ​ឲ្យ​ប្ដី​ឃើញ ​ក្អួត​ឈាម​ដូច​អ៊ុក​សា​រ៉េ​ត​នោះ​ទេ។

នាង​ជា​ប្រពន្ធ​បាន​បំភ្លឺ​ទៀត​ថា​ រឿង​ប្ដី​ចោទ​នាង យក​លុយ​៥០​ម៉ឺន​បាត​ទៅ​ឲ្យ​ប្រុស​ស្នេហ៍​នោះ គឺ​វា​គ្មាន​ទេ​ ពីព្រោះ​ក្នុង​គ្រួសារ​ខ្ញុំ​កំពុ​ង​ជំពាក់​លុយ​ចងការ​ និង​អង្គការ​ផ្សេងៗ តើ​មាន​លុយ​៥០​ម៉ឺន​បាត់​មកពីណា​ទៅ​ឲ្យ​​ប្រុស​ឈ្មោល​នោះ​ នេះ​គ្រាន់តែ​ជា​ការ​ចោទប្រកាន់​ដោះស្រាយ​ យក​ភាព​ស្អាតស្អំ​តែ​ខ្លួនឯង​ប៉ុណ្ណោះ​ ហើយ​ដើរ​សំ​អុយ​ឈ្មោះ​គេឯង​ថា គេ​អាក្រក់​ ដើម្បី​លុបលាង​ភាព​ស្អុយរលួយ​របស់​ខ្លួន​ឯង​៕

​ប្ដី​ចេញមុខ​អះ​អាង​ថា​ មូលហេតុ​លែង​លះ​គ្នា ​មកពី​ប្រពន្ធ​នាំ​ប្រុស​មក​ដេក​លើ​ផ្ទះ រីឯប្រពន្ធថា មិនពិត​