បួស​បាន​៥ខែ ​ល្បួង​ដូនជី​ក្រមុំ​ឡើងឋានសួគ៌​ ត្រូវ​ជាប់ទោស​លោកីយ៍​

បួស​បាន​៥ខែ ​ល្បួង​ដូនជី​ក្រមុំ​ឡើងឋានសួគ៌​ ត្រូវ​ជាប់ទោស​លោកីយ៍​



តាកែវ ៖ កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង ​ខេត្ត​តា​កែវ បាន​ទទួល​ពាក្យបណ្ដឹង​មួយ​ករណី​ ដោយ​ដូនជី​ក្រមុំ​ម្នាក់​ប្ដឹង​ចោទ​ លោកសង្ឃ​មួយ​អង្គ​ថា​ បាន​ចាប់រំលោភ​សេពសន្ថវៈ​នាង ​រហូត​បាន​សម្រេច​ ០៣​ដង ​នៅ​អាស្រម​ក្នុង​វត្ត​។

ករណី​លោកសង្ឃ​បួស ​មិនទាន់​ដាច់​ធម៌​លោកីយ៍​នេះ បើ​តាម​ពាក្យបណ្ដឹង​ដែល​ប្ដឹង​ចោទ ​ពី​ដូនជី​ក្រមុំ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ មាន​លោកសង្ឃ​ជាប់​ធម៌​លោកីយ៍​ម្នាក់​ ដែល​ទើ​ប​តែ​បួស​បាន​០៥​ខែ មានឈ្មោះ ខៀវ សុផល ហៅ​ចំរើន អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​បឹង​ត្រាញ់ ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ បាន​ធ្វើ​សកម្មភាព​ល្បួង​ចាប់រំលោភ​សេព​ស​ន្ថវៈ​លើ​ដូនជី​ ដែល​មក​បួស​លាបំណន់​ ទើបតែ​បាន​០៣​ខែ​ម្នាក់ មានឈ្មោះ ន ស ភ អាយុ​២១​ឆ្នាំ រស់​នៅ​ភូមិ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង បានសម្រេច​៣​ដង​នៅ​អាស្រម​ក្នុង​វត្ត​ ដែល​ជនសង្ស័យ​ និង​ជនរងគ្រោះ​មក​បួស​អាស្រ័យ ​គឺ​នៅ​វត្ត​ប្រាង្គ​អណ្ដែត ហៅ​វត្ត​រំលេច ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោ​ង ខេត្តតាកែវ​។

ក្រោយ​ពី​អធិការដ្ឋាន​នគរបាល​ ស្រុក​សំរោង​ទទួល​បាន​ពាក្យបណ្ដឹង​ ពី​ជនរងគ្រោះ​រួចមក ​ក៏បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​ ដល់​ក្នុង​វត្ត​កន្លែង​កើត​ហេតុ​ និង​ឈាន​ដល់​ការ​ឃាត់​ខ្លួន​លោកសង្ឃ​ ដែល​ជាប់​ចោទ​នោះ​មក​សួរនាំ​។

បើ​តាម​ចម្លើយ​សារភាព​របស់​លោក​សង្ឃ​អង្គ​នោះ​ថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​សេពសន្ថវៈ ​លើ​ដូន​ជី​ដូចដែល​ការ​ប្ដឹង​ចោទ​នោះ​មែន​។ បន្ទាប់ពី​បាន​ទទួល​ចម្លើយ​សារភាព​ហើយ​នោះ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក ​បាន​ប្រគល់​លោកសង្ឃ​ទ្រុស្តសីល​នោះ​ ទៅ​ឲ្យ​ការិយាល័យ​ធម្មការ​ស្រុក​ និង​អនុគណ​ស្រុក ​ធ្វើការ​ផ្សឹក​ចេញ​មុន ​នឹង​ចាប់ខ្លួន​។

បច្ចុប្បន្ន​ ជនសង្ស័យ​ដែល​ជាប់ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ​ខាងលើ​ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​អធិ​ការដ្ឋាន​នគរបាល​ស្រុក​ កសាង​សំណុំរឿង​ បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ចាត់ការ​តាម​នីតិវិធី​៕

បួស​បាន​៥ខែ ​ល្បួង​ដូនជី​ក្រមុំ​ឡើងឋានសួគ៌​ ត្រូវ​ជាប់ទោស​លោកីយ៍​