​ប្រាសាទ​«​បន្ទាយឆ្មារ​» ទាក់ទាញ​ភ្ញៀវទេសចរ​គ្រប់​រដូវ​កាល​

Videos


ប្រាសាទបន្ទាយឆ្មារដែលធ្លាប់ជាតំបន់ឆ្ងាយដាច់ស្រយាលពីភ្ញៀវទេសចរជាតិ និង អន្តរជាតិនោះ បច្ចុប្បន្នកំពុងទាក់ទាញភ្ញៀវទេសចរជាតិរាប់សិបម៉ឺននាក់កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ បន្ទាប់ពីផ្លូវជាតិលេខ ៥៦ បានស្ថាបនាសាងសង់ក្រាលកៅស៊ូរួច ។

​ប្រាសាទ​«​បន្ទាយឆ្មារ​» ទាក់ទាញ​ភ្ញៀវទេសចរ​គ្រប់​រដូវ​កាល​

​ប្រាសាទ​«​បន្ទាយឆ្មារ​» ទាក់ទាញ​ភ្ញៀវទេសចរ​គ្រប់​រដូវ​កាល​

ប្រាសាទបន្ទាយឆ្មារជាប្រាសាទមួយស្ថិតនៅខាងជើងខេត្តបន្ទាយមានជ័យ មានទីតាំងស្ថិតនៅក្នុងភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានចម្ងាយផ្លូវប្រមាណជា ៦០ គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ ។
ប្រាសាទនេះសាងសង់ឡើងនាចុងសតវត្សរ៍ទី ១២ ដល់ដើមសតវត្សរ៍ទី ១៣ ក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី ៧ ដើម្បីឧទ្ទិសដល់បុត្រា និង មេទ័ពទាំង ៤ របស់ព្រះអង្គដែលបានពលីនៅក្នុងសមរភូមិដេញចាម នៅឆ្នាំ ១១៧៧ ។

​ប្រាសាទ​«​បន្ទាយឆ្មារ​» ទាក់ទាញ​ភ្ញៀវទេសចរ​គ្រប់​រដូវ​កាល​

ប្រាសាទនេះដើមឡើយ ជាប្រាសាទដ៏ល្អប្រណីត តែដោយប្រទេសឆ្លងកាត់សង្គ្រាម និង ដោយសារការបំផ្លិច បំផ្លាញ យកក្បាលអ្នកតា ពីសំណាក់ជនទុច្ចរិក យកទៅលក់នៅប្រទេសថៃនោះ ធ្វើឱ្យប្រាសាទនេះ រងនូវការខ្ទេចខាតស្ទើរតែទាំងស្រុង ។

​ប្រាសាទ​«​បន្ទាយឆ្មារ​» ទាក់ទាញ​ភ្ញៀវទេសចរ​គ្រប់​រដូវ​កាល​

លោក ម៉ៅ ស៊ី មន្ត្រីនាយកដ្ឋាននៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានឱ្យដឹងថា បច្ចុប្បន្នដោយមានការគិតគូរពីរដ្ឋាភិបាលតាមរយៈក្រសួងវប្បធម៌ និងម្ចាស់ជំនួយនានានោះ ប្រាសាទនេះបាននឹងកំពុងតែធ្វើការអភិរក្ស និង ជួសជុលឡើងវិញបានជាបណ្តើរ ៗ និង រួចរាល់នៅកន្លែងមួយចំនួនដូចជារានហាលខាងកើត និងខាងត្បូង ។ សម្រាប់គម្រោងថ្មី នាពេលខាងមុខនេះនឹងត្រូវធ្វើការជួសជុលនូវទីតាំងណាដែលសំខាន់ សម្រាប់ទាក់ទាញភ្ញៀវទេសចរ ដូចជា ជញ្ជាំង ដែលមានរូបចម្លាក់ជាច្រើន និង ព្រះអង្គដៃ ៣២ ដែលជាទីតាំងមួយត្រូវបានអ្នកស្រុកគោរពបូរជា និង ជាទីចាប់អារម្មក្នុងការទស្សនារបស់ភ្ញៀវជាតិ និង អន្តរជាតិ ។

​ប្រាសាទ​«​បន្ទាយឆ្មារ​» ទាក់ទាញ​ភ្ញៀវទេសចរ​គ្រប់​រដូវ​កាល​

មន្ត្រីនាយកដ្ឋានដដែល បានឱ្យដឹងទៀតថា សម្រាប់បច្ចុប្បន្ន ចាប់តាំងពីផ្លូវជាតិលេខ៥៦ ត្រូវបានស្ថាបនាជាផ្លូវកៅស៊ូ ដែលតភ្ជាប់ពីទីរួមខេត្តបន្ទាយមានជ័យ ទៅខេត្តឧត្តរមានជ័យ ដោយភ្ជាប់ទៅនឹងប្រាសាទបន្ទាយឆ្មារ នៅត្រង់ព្រំប្រទល់នៃខេត្តទាំង ២ ធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិមកទស្សនាក្នុងអំឡុងរយៈពេល ៦ ខែ កាលពីចុងឆ្នាំកន្លងទៅ និង ៥ ខែដើមឆ្នាំនេះ មានភ្ញៀវទេសចរអន្តរជាតិចំនួនពី ២៥០នាក់ ទៅ ៣០០ នាក់ក្នុង១ខែៗបានទៅទស្សនាប្រាសាទនេះ ដែលចំនួននេះខុសគ្នា យ៉ាងខ្លាំងពីបណ្តាឆ្នាំមុនៗ ដែលពុំទាន់មានផ្លូវស្អាតមកកាន់ប្រាសាទបន្ទាយឆ្មារ ។

​ប្រាសាទ​«​បន្ទាយឆ្មារ​» ទាក់ទាញ​ភ្ញៀវទេសចរ​គ្រប់​រដូវ​កាល​

ប៉ុន្តែអ្វីដែលចាប់អារម្មណ៍បំផុតនោះ គឺប្រាសាទបន្ទាយឆ្មារកំពុងតែទាក់ទាញភ្ញៀវទេសចរជាតិយ៉ាងច្រើនឲ្យមកទស្សនាជារៀងរាល់ថ្ងៃ ។ ជាពិសេសនៅថ្ងៃឈប់ សម្រាក និង ថ្ងៃបុណ្យផ្សេង ៗ ។ ជាក់ស្តែងនៅក្នុងឱកាសបុណ្យចូលឆ្នាំកន្លងទៅនេះ មានប្រជាពលរដ្ឋខ្មែរមកទស្សនា និងកំសាន្តលេង ជាង៤ម៉ឺននាក់ ដែលច្រើនជាងកាលពីឆ្នាំ២០១៥ មានមិនដល់១ម៉ឺននាក់ផង ៕

                                                                                                            សុថាត់