មន្ទីរពេទ្យ​កុមារ​​អង្គរ​ខេត្ត​សៀមរាប​ចង់​ជួប​អ្នក​បម្រើ​សេវា​ដឹក​ទេសចរ​នៅ​ថ្ងៃ​៣១ ឧសភា

មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប អំពាវនាវ​ឱ្យ​អ្នក​រត់​រ៉ឺម៉កម៉ូតូ និង​អ្នក​រត់​តាក់ស៊ី​ដឹក​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​​ទី​រួម​​​ខេត្ត​នេះ ឆ្លៀត​ឱកាស​ទៅ​ចូល​រួម​​ឱ្យ​បាន​​ច្រើន​កុះករ​​ដើម្បី​ស្ដាប់​បទ​បង្ហាញ​​​ស្ដីពី​សេវាកម្ម​មន្ទីរពេទ្យ​កុមារ​មួយ​នេះ នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ខាង​មុខ។

ប្រធាន​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប គឺ​លោក​វេជ្ជបណ្ឌិត ងួន ច័ន្ទភត្រ្តា។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​ឧសភា ថា ការ​អំពាវនាវ​ឱ្យ​អ្នក​​​​​រត់​រ៉ឺម៉ក​ម៉ូតូ និង​អ្នក​បើក​តាក់ស៊ី​ដឹក​ភ្ញៀវ​ទេសចរ​ទៅ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​របស់​មន្ទីរពេទ្យ​កុមារ​នេះ គឺ​មាន​បំណង​​ឱ្យ​មហា​ជន​បាន​ស្គាល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ច្បាស់លាស់ កុំ​ឱ្យ​​ច្រឡំ​គ្នា​ជាមួយ​នឹង​មន្ទីរពេទ្យ​គន្ធបុប្ផា​ជ័យវរ្ម័នទី៧ ដែល​​ទទួល​ព្យាបាល​កុមារ​ដូច​គ្នា៖ «យើង​មាន​បំណង​​ចង់​ឱ្យ​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ និង​អ្នក​រត់​តាក់ស៊ី ជួយ​ផ្សព្វ​ផ្សាយ​ដល់​ភ្ញៀវ​ទេសចរ​ឱ្យ​បរិច្ចាគ​ជំនួយ​ខ្លះ​ជួយ​ដល់​​កុមារ​ជា​ច្រើន​ដែល​កំពុង​តែ​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​​ជា​រៀង​រាល់​ថ្ងៃ»

មន្ទីរពេទ្យ​កុមារ​អង្គរ​ដែល​បើក​​ព្យាបាល​កុមារ​ខ្មែរ​ប្រមា​ណ​ជិត ៧០០​នាក់ ក្នុង​១​ថ្ងៃៗ ​ឥត​គិត​ថ្លៃ​តាំង​តែ​ពី​ឆ្នាំ​១៩៩៩ មក កំពុង​ខ្វះ​ខាត​ថវិកា​សម្រាប់​​បម្រើ​សេវាកម្ម​សុខភាព​ក្នុង​ពេល​បច្ចុប្បន្ន។

​សេចក្ដី​ជូន​ដំណឹង​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ ឱ្យ​ដឹង​ថា គ្រប់​​អ្នក​រត់​រ៉ឺម៉ក និង​តាក់ស៊ី ដែល​ទៅ​ចូល​រួម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា គឺ​​នឹង​បាន​​ទទួល​អាវយឺត​អនុស្សាវរីយ៍​ចំនួន​១៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។